ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងផែនការមានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្របសម្រួល ការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 49

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងផែនការមានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការសម្របសម្រួល ការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ ផែនការវិនិយោគសារធារណៈ ការងារអត្ដសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហាររូបត្ថម្ភ ការងាររៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិនិងផលិត និងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗដែលរួមមានស្ថិតិប្រជាសាស្រ្ដ សេដ្ឋកិច្ច សុខភាព សង្គមកិច្ច និងកសិកម្មសម្រាប់ក្រសួង ស្ថាប័ននានាប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍ និងការតាមដានត្រួតពិនិត្យតាមវិស័យរបស់ខ្លួន និងការងារប្រជាជន និងការអភិវឌ្ឍ។

ការលើកឡើងខាងលើរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្ដេចធិបតីបានបន្ដថា ក្រសួងផែនការគឺជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងការរៀបចំ និងសម្របសម្រួលការងារ ក្នុងផែនការអន្តរជាតិជាច្រើនទៀត រួមមាន៖ ការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការងារពង្រឹងនិងតាមដានការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសិទអន្ដរជាតិស្ដីពីប្រជាជននិងការអភិវឌ្ឍ ការងាររៀបចំចាកចេញរបស់កម្ពុជាពីចំណាប់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច នៅក្នុងនោះសាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសារៈសំខាន់លើវិស័យផែនការ ស្ថិតិ និងវិទ្យាសាស្រ្ដ ដែលស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទទាក់ទង