ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន៤ចំណុចក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 4

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» បានផ្ដល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ គុណភាពផលិតផល ការពង្រីកឱកាសទីផ្សារនិងការពង្រឹងភាពប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចអំណោយផល និងការធ្វើបរិវត្តកម្មសំខាន់ៗលើគ្រប់វិស័យ។

អនុសាសន៍ទាំង៤ចំណុចរួមមាន៖
ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្តុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។

ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។

ទី៣- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំសហការជាមួយគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពលនានាជាផលិតផលភូមិ១ផលិតផល១ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមានសក្តានុពលឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ៕

អត្ថបទទាក់ទង