សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្និសីទអន្តរជាតិឥស្លាមនៅកម្ពុជា នឹងត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជានៅចុងឆ្នាំ២០២៤នេះ
នៅក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៨ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្និសីទអន្តរជាតិឥស្លាមនៅកម្ពុជា នឹងត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជានៅចុងឆ្នាំ២០២៤នេះ ដើម្បីឱ្យបណ្តាប្រទេសដទៃរៀនសូត្រពីបទពិសោធន៍ជាគំរូដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ដល់សហគមន៍ឥស្លាមដោយគ្មានការរើសអើង ហើយសម្តេចធិបតី ក៏នឹងចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់បន្ថែមថា សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្សនិស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅ តាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត បងប្អូនជាស្ត្រីអាចទទូរក្បាល និង បុរសអាចពាក់កាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ។ល។ កន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ នៅតាមមន្ទីរពេទ្យរដ្ឋ នៅតាមរោងចក្រ សណ្ឋាគារ ផ្សារធំៗមួយចំនួន ជាពិសេស នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ៕