សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញនូវបទដ្ឋានគតិយុត្តនានាដើម្បីគ្រប់គ្រងថែរក្សាការពារ និងអភិរក្សសម្បត្តិធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្ត
នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែបានគាំទ្រ និងផ្តល់អាទិភាពខ្ពស់រាល់ការអភិវឌ្ឍទាំងឡាយដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស និងអភិវឌ្ឍសម្បត្តិធនធានដ៏មានតម្លៃរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវបទដ្ឋានគតិយុត្តនានាសម្រាប់ការគ្រប់គ្រងថែរក្សាការពារ និងអភិរក្ស ព្រមទាំងបង្កើតកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ដែលប្រការនេះ ជាយន្តការចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចូលរួមដល់ការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ សំដៅឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតាមតំបន់ដងទន្លេផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តរក្សាបាននូវការរីកចម្រើនបន្ថែមទៀតពីសក្តានុពលនៃធនធានទាំងឡាយដែលយើងមានរាប់ទាំងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តជាដើម៕