ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ក្លាយជាគំរូនៅក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌ ហើយខេត្តសៀមរាបត្រូវបានប្រសិទ្ធនាមថា «តារារះនៅទិសនារតី»

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 69

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធនឹងកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ គំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរហៅកាត់ថា ICC-Angkor បានធ្វើឱ្យកម្ពុជា ក្លាយជាគំរូនៅក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌសម្រាប់បណ្តាប្រទេសនានានៅលើសាកលលោកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សក្តានុពល និងភាពទាក់ទាញទេសចរនៅខេត្តសៀមរាប បានមកពីប្រាង្គប្រាសាទរាប់រយដែលដូនតា និងអតីតព្រះមហាក្សត្របានបន្សល់ទុក ជាពិសេសប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ និងប្រាង្គប្រាសាទនានាប្រកបដោយភាពទាក់ទាញជាច្រើនដទៃទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា ដោយឡែក ក្រៅពីប្រាង្គប្រាសាទ យើងមានតំបន់ឧទ្យានជាតិគូលេន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប តំបន់ទេសចរណ៍សៀមរាបថ្មី ដែលធ្វើឱ្យតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញ ត្រូវបានប្រសិទ្ធនាមថា «តារារះនៅទិសនារតី»៕

អត្ថបទទាក់ទង