ខ្មែរប៉ុស្ដិ៍ Close

សាលដីកាកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងប្រកាសនៅល្ងាចនេះតែម្តង មិនរង់ចាំថ្ងៃស្អែកនោះទេ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 1912
សាលដីកាកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងប្រកាសនៅល្ងាចនេះតែម្តង មិនរង់ចាំថ្ងៃស្អែកនោះទេតុលាការ​កំ​ពូល​នឹង​ប្រកាសសាលដីកាល្ងាចនេះ លើបណ្តឹង​សុំ​រំ​លាយ​គណបក្សសង្គ្រោះ​ជាតិ​

អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់ឱ្យដឹងនៅមុននេះបន្តិចថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំដល់ថ្ងៃស្អែកនោះទេ។

លោក អ៊ុក គឹមសិទ្ធិ បាន​បញ្ជាក់​​យ៉ាងដូច្នេះថា៖ «សាលដីកានឹងប្រកាសថ្ងៃនេះ ដាច់ខាតមិនឲ្យរំលងដល់ថ្ងៃទី១៧ ខែវិចិ្ឆកាឡើយ ខណៈពេលនេះសវនាការកំពុងដំណើរការតាមនីតិវិធី»។

សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។

ចំពោះសវនាការនេះ ​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ​ក៏បានស្នើ​ឱ្យតុលាការ​កំពូល​ ធ្វើការផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨រូបផងដែរ។

គួរ​កត់​សម្គាល់​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏ពុំ​បាន​ចាត់​បញ្ជូន​មេធាវីដើម្បី​ការពារ​ក្តី​​ក្នុង​សំ​ណុំ​រឿង​ប្តឹងរំ​លាយគណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ ដូច្នេះ​បាន​ផ្តល់​ឳកាសយ៉ាង​ពេញ​លេញ​ដល់​មេធាវី​ដើមបណ្តឹង​ដើម្បី​បង្ហាញ​ភស្តុតាង​ និង​ពន្យល់ពី​ភស្តុតាង​នីមួយ​ៗ ដែល​មាន​ទាំង​អស់​២៦​កញ្ចប់ និង​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ​ទាំង​១១៨នាក់​ផង​ដែរ នៅ​ចំ​ពោះ​មុខចៅ​ក្រម​ជំ​នុំ​ជម្រះ​។

អត្ថបទទាក់ទង