សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្រ្គាម បានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត
នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
នៅក្នុងសារលិខិតដដែលនោះដែរ បានសង្កត់ធ្ងន់ថា ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមនយោបាយ «ឈ្នះ ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕