សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរស្នាដៃកូនខ្មែរ ដែលបង្កើតថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នាពេលថ្មីៗនេះ
ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរស្នាដៃកូនខ្មែរ ដែលបង្កើតថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នាពេលថ្មីៗនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ការឈ្នះបានមេដាយមាសនេះ គឺជាសាក្សី និងឧទាហរណ៍ជាក់ស្តែងដែលឆ្លុះបញ្ចាំងពីសមត្ថភាពរបស់កូនខ្មែរ។ សម្តេច បានបន្តថា បើសិនរាជរដ្ឋាភិបាល ផ្តល់ឱកាស និងដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ កម្ពុជា នឹងមានសមត្ថភាពក្នុងការប្រកួតប្រជែងនេះបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នេះហើយជាសមិទ្ធផលដែលប្រទេសកម្ពុជាយើងសម្រេចបានជោគជ័យក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ពីប្រទេសដែលដួលបាក់ធ្មេញ បាក់ដៃជើង រហូតដល់យើងអាចរត់បានជិតទាន់ប្រទេសគេ ហើយបើយើងកសាងមូលដ្ឋានបានរឹងមាំតទៅទៀត នោះកម្ពុជា អាចនឹងរត់ឈ្នះគេទៀតផង៕