ខ្មែរប៉ុស្ដិ៍ Close

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួលផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 56

(កំពង់ធំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញប្រកាសកែសម្រួលផ្ទេរនិងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំភោជនីយដ្ឋានឡូវគឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានរាយការណ៍អំពីវឌ្ឍនភាពរបស់គណៈកម្មាធិការបក្សខេត្តកំពង់ធំរួចមក លោក សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានទទួលបានការផ្ទេរភារកិច្ចនិងការតែងតាំងត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយគោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង ត្រូវមានសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្សដើម្បីត្រៀមការងារ សំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗឱ្យ ទទួលបានជោគជ័យបន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរដល់សមាជិក សមាជិកានៃអង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា និងត្រូវពង្រឹង ពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឱ្យបានល្អប្រសើរ ពិសេស ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

គួររំលឹកផងដែរថា សមាសភាពដែលទទួលបានការកែសម្រួលផ្ទេរនិងចាត់តាំងរួមមាន៖

ទី១៖ ចាត់តាំងលោក ជា ចាន់តូ ប្រធានកិត្តិយស
ទី២៖ សម្រួលភារកិច្ចលោក ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
ទី៣៖ ផ្ទេរភារកិច្ចលោក វង្សី វិស្សុត ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
ទី៤៖ ចាត់តាំង លោក ម៉ៅ សុផាន់ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ
ទី៥៖ ចាត់តាំងលោក ថោ ជេដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ
និងទី៦៖ ចាត់តាំងអ្នកឧញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ធំ៕

អត្ថបទទាក់ទង