ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខ គឺជាកត្តាចម្បងនៃការអភិវឌ្ឍ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 38

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្មផ្សេងៗ។ បើគ្មានសន្តិសុខ គឺយើងមិនអាចដើរទៅមុខបានឡើយ ពោលគឺបើគ្មានសន្តិសុខ គឺគ្មានការអភិវឌ្ឍឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្រើន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ រាជរដ្ឋាភិបាល បានចំណាយថវិកាជាច្រើនលានដុល្លារនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ដោយបានប្រែក្លាយពីខេត្តដែលស្ងាត់ជ្រងំ ទៅជាខេត្តដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីធានានូវចីរភាពនិងការរីកលូតលាស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសេដ្ឋកិច្ច សក្តានុពល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើនឡើងខ្ពស់ ក៏ដូចជា ការអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានទទួលផល កត្តាមួយដែលត្រូវគិតគូរ គឺរឿងសន្តិសុខ។ បើគ្មានសន្តិសុខ គឺគ្មានការអភិវឌ្ឍឡើយ។ សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ។ សម្តេចថា ការងារសន្តិសុខនេះ ដាច់ខាតត្រូវធានាឲ្យបានជាដាច់ខាត ជាពិសេសក្នុងខេត្តព្រះសីហនុត្រូវធានាឲ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញពីការផ្សព្វផ្សាយរឿងរបស់បរទេសដែលមានចេតនាបង្ហាញពីភាពអវិជ្ជមានធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជា ហើយត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសយកទៅចុះផ្សាយព្រោងព្រាត។ សម្តេចថា រឿងនោះមិនឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែងនៅប្រទេសកម្ពុជាឡើយ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចធិបតីថា ក្រសួងទេសចរណ៍ ក៏ដូចជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើន ហើយក៏បានធ្វើការជាមួយនិងបណ្តាសារព័ត៌មាននានា ផ្សព្វផ្សាយពីស្ថានភាពពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យគេយល់ថា កម្ពុជា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មិនដូចដែលគេផ្សព្វផ្សាយឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលមានសន្តិសុខល្អនៅគ្រប់តំបន់ទាំងអស់។ ទោះយ៉ាងណា សម្តេចទទួលស្គាល់ថា បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់មាននោះទេ រឿងចោរកម្ម ចោរលួច ដែលសូម្បីតែប្រទេសមហាអំណាចពិភពលោក ក៏កើតមានបញ្ហានេះដែរ។
ដើម្បីលុបបំបាត់បញ្ហាអវិជ្ជមាននៅកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយពីរូបភាពវិជ្ជមាននៅកម្ពុជាតាមរយៈការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ ជាពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ដោយឡែកនៅខេត្តព្រះសីហនុ ដាច់ខាត់ត្រូវចាត់វិធានការ និងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបាន៕

អត្ថបទទាក់ទង