ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងនោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងការសាងសង់ចំណតផែកុងតឺន័រទឹកជៅនៅខេត្តព្រះសីហនុ គ្មានអ្វីដែលជាអាថ៌កំបាំងដូចដែលក្រុមប្រឆាំងលើកឡើយ ប៉ុន្តែគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន និងជួយសម្រួលដល់ជីវភាពរស់នៅឲ្យប្រជាជនកម្ពុជាកាន់តែរីកធូរធារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញជា អធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវកា រគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ការពង្រីកសក្តានុពលហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសកំណើននៅនឹងកន្លែង ដោយបានបង្កើតឱកាសការងារក៏ដូចជាចំណូលបន្ថែមទៅដល់កម្មករ-និយោជក និងបុគ្គលិកកំពង់ផែស្វយ័តជាដើម។ សម្តេចថា នៅពេលដែលកំពង់ផែដំណើរការ វាគឺជាការតភ្ជាប់ដង្ហើមពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ មុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

អត្ថបទទាក់ទង