ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 1407
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាកាសយានដ្ឋាន អន្តរ ជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០ លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ កម្ពុជាផ្នែកទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតលើវិស័យដឹកជញ្ជូនផ្លូវអាកាស។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋបាលខេត្តសៀមរាប និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំសហការយ៉ាងជិតស្និទ្ធក្នុង ការសម្របសម្រួលគម្រោងប្រកបដោយស្មារតីបុរេសកម្មនិងទទួលខុសត្រូវខ្ពស់ តាំងពីដើមរហូតសម្រេចបាន លទ្ធផលជារូបរាងដោយរលូននិងតាមផែនការគ្រោងទុក។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និង ជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺធ្វើឡើងក្រោមចក្ខុវិស័យវែងឆ្ងាយ។ ជាពិសេសឈរលើគោលដៅពីរ គឺអភិវឌ្ឍន៍ និងអភិរក្ស។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តដូរព្រលានយន្តពីចម្ងាយត្រឹម៥គីឡូម៉ែត្រ ពីក្រុងសៀមរាប មកចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប គឺដើម្បីថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែងថែមទៀត។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពកាន់តែខ្ពស់ក្នុងការទទួលយន្តហោះធំៗ។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿចិត្តថា ទៅថ្ងៃមុខក្រុងសៀមរាបកាន់តែរីក ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាអាកាសយានដ្ឋានមួយស្ថិតកណ្តាលក្រុងសៀមរាប។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការបង្ហាញឱ្យឃើញពីការប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងមានសក្តានុពលសេដ្ឋកិច្ច។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត ការសាងសង់បានអាកាសយានដ្ឋានជារឿងល្អមួយ តែត្រូវរកវិធីអភិវឌ្ឍន៍បន្ត ដើម្បីធានាដល់និរន្តភាពដំណើរការ។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចូលដល់កម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក ហើយនឹងដាក់ឱ្យអនុវត្តន៍មុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅចុងឆ្នាំ២០២៣នេះ។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យភ្ជាប់ការធ្វើអាជីវកម្មជាមួយអាកាសយានដ្ឋានសៀមរាបអង្គរ ដើម្បីផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋនៅខេត្តសៀមរាប និងខេត្តដទៃទៀត។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ដូច្នេះនឹងមានការចូលមកទេសចរណ៍ច្រើនពីប្រជាពលរដ្ឋចិន។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យខេត្តសៀមរាប អាចមានសមត្ថភាពទទួលអ្នកទេសចរឡើងវិញ គឺរដ្ឋបានដាក់ចេញផែនការជាច្រើនជួយដល់ប្រតិបត្តិករទេសចរណ៍។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីកម្ពុជាជួបការលំបាកដោយសារបញ្ហាសេដ្ឋកិច្ចសកល តែកម្ពុជាបន្តប្រឹងប្រែងមិនឱ្យតម្លៃអគ្គិសនីឡើងថ្លៃនោះឡើយ។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរខេត្តសៀមរាប ខិតខំធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្ត​សៀម​រាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់​ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅ​ប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមានព្រលានយន្តហោះហើយ តែខ្វះកម្មវិធីទាក់ទាញទេសចរណ៍ ក៏មិនអាចឱ្យព្រលានដំណើរការល្អនោះដែរ។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» គឺជាការជួយស្រោចស្រង់ទេសចរណ៍នៅសៀមរាបឡើងវិញ។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់​របស់កម្ពុជានិយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច​នៅទូទាំងប្រទេសនិយាយជារួម។
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋចិន មកទស្សនាកម្ពុជាឲ្យបានច្រើន ជាពិសេសមកកាន់ខេត្តសៀមរាបតែម្តង៕

Fresh News

អត្ថបទទាក់ទង