ខ្មែរប៉ុស្ដិ៍ Close

    សេចក្តី​ប្រកាសព័ត៌មាន ស្តី​ពី​លទ្ធផលនៃ​ជំ​នួប​ទ្វេភាគី​រវាងសម្តេច​តេជោ ហ៊ុន សែន ជា​មួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី កឺជាង

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 993
    សេចក្តី​ប្រកាសព័ត៌មាន ស្តី​ពី​លទ្ធផលនៃ​ជំ​នួប​ទ្វេភាគី​រវាងសម្តេច​តេជោ ហ៊ុន សែន ជា​មួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី កឺជាងសេចក្តី​ប្រកាសព័ត៌មាន ស្តី​ពី​លទ្ធផលនៃ​ជំ​នួប​ទ្វេភាគី​រវាងសម្តេច​តេជោ ហ៊ុន សែន ជា​មួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី កឺជាង

    ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅទីក្រុងម៉ានីលនៃសាធារណៈរដ្ឋហ្វីលីពីន នាព្រលប់ថ្ងៃទី ១៣ ខែ វិចិ្ឆកា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី កឺជាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងបរិយាកាសរីករាយស្និទស្នាលរាក់ទាក់បំផុត។

    ក្នុងឱកាសនោះ ឯកឧត្តម លី កឺជាង បានសម្តែងសេចក្តីរីករាយ ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន ដែលនេះជាការបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទកាន់តែល្អប្រសើរជាលំដាប់រវាងប្រទេសកម្ពុជា និងប្រទេសចិន និងជាពិសេសរវាងសម្តេចតេជោនាយក រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសម្តែងនូវការរីករាយ និងសូមថ្លែងអំណរគុណ ដែលបានទទួលស្គាល់ពីមិត្តចិនថា ជាមិត្តចាស់ ដែលប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមក។

    នៅក្នុងជំនួបនេះដែរ ដោយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២ នៅ រាជធានីភ្នំពេញនាខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តី លី កឺជាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងខួបអនុស្សាវរីយ៍ទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាការឆ្លើយតប ឯកឧត្តម លី កឺជាង បានទទួលការអញ្ជើញរបស់សម្តេចតេជោ ដោយរីករាយ និងសន្យារួមចំណែកធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យ ។

    នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការអនុវត្តគម្រោងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការជួយជំរុញឱ្យការកសាងផ្លូវល្បឿនលឿននេះបានសម្រចទៅយ៉ាងឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

    ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទស្សវត្សកន្លងទៅ។ ភាគីមិត្តចិនបានជម្រាបជូនសម្តេចតេជោថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពមួយរបស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ។

    ក្នុងបរិការនេះ មិត្តចិនសន្យាថានឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែង និងដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឱ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីចិននៅកម្ពុជានាពេលខ្លីខាងមុខ។

    មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមនាយករដ្ឋមន្រ្តី លី កឺជាង បានបញ្ជាក់សារជាថ្មី នូវការគាំទ្រ និងជួយដល់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា៕

    អត្ថបទទាក់ទង