ខ្មែរប៉ុស្ដិ៍ Close

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 60
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និង ជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ។

នៅក្នុងជំនួបនេះ, លោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ និង ការសួរសុខទុក្ខនេះ, និង បានថ្លែងអំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់ លោកសាស្រ្តាចារ្យ មកកម្ពុជា កាលពីឆ្នាំទៅ នាអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង សក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ ដ៏លំបាក និង មិនច្បាស់លាស់កន្លងមក ។

ជាកិច្ចឆ្លើយតប, លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និង វាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និង កំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ។ ទន្ទឹមនេះ, លោកសាស្រ្តាចារ្យ បានបង្ហាញពីបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់ ។ សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និង បានលើកឡើងអំពីសង្គតិភាព និង លទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និង វិស័យឯកជន ឱ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងស្មារតីនេះដែរ, រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាង រាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និង អាចរីកលូតលាស់ថែមទៀត ។

មុននឹងបញ្ចប់, លោកសាស្រ្តាចារ្យ បានគោរពអញ្ជើញ សម្តេចធិបតី ចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញនេះ ហើយ សម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូ និង សមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ ៕

អត្ថបទទាក់ទង