ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជឿជាក់ថាទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែង្រីកបន្ថែមទៀតតាមរយៈជំនួបការងាររវាងថ្នាក់ដឹកនាំទាំងពីរនៅសប្តាហ៍ក្រោយ នាទីក្រុហ្សាការតា
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជឿជាក់ថា ជំនួបការងារ នៅសប្តាហ៍ក្រោយ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងវៀតណាម នឹងកាន់តែពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។
ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកទី៧៨ កាលល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ នៅសណ្ឋាគារ សូហ្វីតែល, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងថា ការប្រាស្រ័យទាក់ទងនេះនឹងផ្តល់ផលប្រយោជន៍ល្អបំផុតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងវៀតណាម បាននិងកំពុងធ្វើការឆ្ពោះទៅរកចក្ខុវិស័យរួម ដើម្បីសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្រ្តី សុខ ចិន្ថាសោភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម និងជូនពរឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងវឌ្ឍនភាពឥតឈប់ឈរ។
ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់នូវការលះបង់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាម នៅក្នុងបុព្វហេតុដ៏លំបាក ដើម្បីទទួលបាននូវឯករាជ្យ និងការស្តារប្រទេសឡើងវិញរបស់ពួកគេ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនីស្តវៀតណាម។ ចាប់តាំងពីការចាប់ផ្តើមនៃគោលនយោបាយ Doi Moi ក្នុងឆ្នាំ១៩៨៦ វៀតណាមបានដឹកនាំកំណែទម្រង់ និងកាច់ចង្កូតប្រទេសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម។ សព្វថ្ងៃនេះ វៀតណាមមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយក្នុងពិភពលោក ក្នុងនាមជាតារាលេចធ្លោបំផុតរបស់អាស៊ី។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីថា កម្ពុជា និងវៀតណាម គឺជាអ្នកជិតខាងដ៏ល្អ។ ចំណងមិត្តភាពដ៏រឹងមាំនេះត្រូវបានពូនជ្រំជាច្រើនឆ្នាំមកហើយ។ ប្រទេសទាំងពីរ បានរួមសុខ និងទុក្ខជាមួយគ្នាដោយបានតស៊ូ លះបង់ ជួបការលំបាក ភាពរីករាយ និងការជួយគ្នាទៅវិញទៅមក។
ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តរីកចម្រើនលើគ្រប់វិស័យនៅគ្រប់កម្រិត ដោយសារសាមគ្គីភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក។ ជាងនេះទៅទៀត ចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ត្រូវបានថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំកម្ពុជាជាច្រើនជំនាន់មកហើយ រាប់ពីជំនាន់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងរយៈពេលច្រើនទសវត្សរ៍នេះ ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ និងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ចំណងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ព្រមទាំងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគីផងដែរ៕
Fresh News