ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់ទីម័រខាងកើត ជឿជាក់ថាការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 201
មន្ត្រីជាន់ខ្ពស់ទីម័រខាងកើត ជឿជាក់ថាការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន មន្ត្រីជាន់ខ្ពស់ទីម័រខាងកើត ជឿជាក់ថាការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន

មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត បានបង្ហាញជំនឿចិត្តថា ប្រទេសកម្ពុជា នឹងបន្តការរីកចម្រើនទៅមុខថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជំនឿចិត្តរបស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត បានស្តែងឡើងក្នុងពេលជួបជជែកការងារជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

យោងតាមបណ្តាញសង្គមផ្លូវការងាររបស់ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានរបស់ទីម័រខាងតកើត បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំង​ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើតរូបនេះ ក៏បានបង្ហាញមោទនភាព ដែលលោកស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិដំបូង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។

យោងតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ក៏បានថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រ​ដល់ប្រទេសទីម័រខាងកើតនាពេលកន្លងមក។ ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និងការបញ្ចុះបញ្ចូលសមាជិក​អាស៊ាន​ផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ានផងដែរ។ មន្ត្រីជាន់ខ្ពស់របស់ទីម័រខាងកើតរូបនេះ ក៏បានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ​របស់​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញអំពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាព​របស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការនៃ​ការ​កសាង​ជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបរិការណ៍របស់ប្រទេស​ទីម័រខាងកើត​នាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ។

ក្នុងជំនួបខាងលើនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត និង សូមអរគុណចំពោះ​លិខិតអបអរសាទរដ៏មានអត្ថន័យ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក្នុងឱកាសជ្រើសតាំងជានាយករដ្ឋរបស់កម្ពុជា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រខាងកើត នៅទីក្រុងហ្សាកាតា នៅកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ។ ក្នុងជំនួបនេះ លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ក៏បា ស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភក្តិដ៏ពិតប្រាកដបាន។ ដោយផ្អែក ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និងទិដ្ឋភាពប្រវត្តិសាស្រ្ត, ប្រជាជន និង រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ។ ក្នុងនាមប្រជាជន និង រដ្ឋាភិបាលទីម័រខាងកើត លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីម័រខាងកើតនាពេលខាងមុននេះ៕

Fresh News

អត្ថបទទាក់ទង