ខ្មែរប៉ុស្ដិ៍ Close

ស្រ្តីចូលរួមជួសជុលប្រាសាទបុរាណដោយទឹកចិត្តតស៊ូ និងស្រឡាញ់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 56
ស្រ្តីចូលរួមជួសជុលប្រាសាទបុរាណដោយទឹកចិត្តតស៊ូ និងស្រឡាញ់ ស្រ្តីចូលរួមជួសជុលប្រាសាទបុរាណដោយទឹកចិត្តតស៊ូ និងស្រឡាញ់

នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តីជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរស និងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។ តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។

ពលការិនីម្នាក់ក្នុងចំណោមអ្នកបម្រើការងារនៅប្រាសាទត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន រស់នៅភូមិនគរក្រៅ អាយុ៤៣ឆ្នាំ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។ លុះដល់ឆ្នាំ២០១៣ អ្នកស្រីម៉ែន រើន ត្រូវបានផ្លាស់ប្តូរការងារពីភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទមកជាអ្នកជួសជុលប្រាសាទឥដ្ឋវិញម្តង។ អ្នកស្រី ម៉ែន រើន ឱ្យដឹងថា ក្នុងពេលចាប់ផ្ដើមធ្វើការងារជាអ្នកជួសជុលប្រាសាទដំបូង គឺអ្នកស្រីជួបការលំបាកខ្លាំងណាស់ ព្រោះមិនមានបទពិសោធន៍លើផ្នែកនេះពីមុនមក។ កាលពីដំបូងសូម្បីតែលាយកំបោរបាយអរក៏មិនងាយស្រួល។ នៅពេលលាយកាវស្បែកគោម្ដងៗ វាមានក្លិន កំបោរក៏ហ៊ុយ។ ពេលក្រុមការងារកាត់ឥដ្ឋក៏ហ៊ុយ ហើយអ្នកស្រីគិតក្នុងចិត្តថា មិនដឹងជានៅតស៊ូធ្វើបានប៉ុណ្ណានោះទេ ក៏ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ចេះតែជំនៈធ្វើការងារជួសជុលប្រាសាទនេះរហូតមកដល់សព្វថ្ងៃបានចំនួន១០ឆ្នាំហើយ និងបានចូលរួមជួសជុលប្រាសាទគោកចក ប្រាសាទក្រវ៉ាន់ និងបច្ចុប្បន្នជួសជុលនៅប្រាសាទត្រពាំងល្ពៅនេះ។

រយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ម៉ែន រើន មានភាពស្ទាត់ជំនាញជាច្រើនផ្នែកដូចជា បច្ចេកទេសជួសជុលប្រាសាទឥដ្ឋ របៀបផលិតកំបោរបាយអរ ការសម្អាតទីតាំងជួសជុល ការបិទពង្រឹងឥដ្ឋ និងរៀនពីការសម្រង់ប្លង់ជាដើម ហើយក៏មិនមានចិត្តនឹងបោះបង់ការងារនេះឡើយ។

ពលការិនីម្នាក់ទៀត អ្នកស្រី ចិ ឌី រស់នៅភូមិថ្នល់ទទឹង ស្រុកបន្ទាយស្រី បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ២០០៤ ជាភ្នាក់ងារទេសចរណ៍។ កាលពីឆ្នាំ២០១៣ បានផ្លាស់ប្ដូរមកជួសជុលប្រាសាទឥដ្ឋដែរ បានឱ្យដឹងថា អ្នកស្រីធ្លាប់ចូលរួមជួសជុលប្រាសាទភ្នំបាខែង ប្រាសាទគោកចក និងចុងក្រោយកំពុងជួសជុលនៅប្រាសាទត្រពាំងល្ពៅ។ ក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ចិ ឌី ក៏មានបទពិសោធន៍ច្រើនដូចក្រុមការងារផ្សេងទៀតលើបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងការងារផ្សេងៗ ដែលប្រធានគ្រប់គ្រងបានចាត់ចែងឱ្យធ្វើដែរ។ អ្នកស្រី ចិ ឌី បង្ហាញអារម្មណ៍ថា មុនពេលជួសជុលឃើញប្រាសាទបុរាណរលុះបាក់ ខ្លះរហែកជាពីរ គឺមានអារម្មណ៍សង្វែកខ្លាំង ក៏ប៉ុន្តែ បន្ទាប់ពីក្រុមការងារជួសជុលមានភាពរឹងមាំ មានលំនឹងឡើងវិញ ក្នុងនាមជាអ្នកជួសជុលក៏សប្បាយចិត្ត។ អ្នកស្រី ចិ ឌី បានប្រាប់ថា ការងាររបស់អ្នកស្រីពេលខ្លះគឺមានអារម្មណ៍ថា ហត់នឿយដែរ ក៏ប៉ុន្តែដោយហេតុតែស្រឡាញ់ក៏ចេះតែព្យាយាមខំប្រឹងមិនដកថយ គិតតែស៊ូៗទៅមុខទៀត ដើម្បីទុកសម្រាប់កូនចៅទៅមុខទៀត។

ទាំងអ្នកស្រី ម៉ែន រើន និងអ្នកស្រី ចិ ឌី បង្ហាញអារម្មណ៍រំភើប ដោយសារតែក្រុមការងារទាំងបុរសទាំងស្រ្តី រួមកម្លាំងគ្នា ជួសជុលប្រាសាទឥដ្ឋដែលទ្រុឌទ្រោមប្រែក្លាយជារឹងឡើងវិញ។ ការនេះក៏ធ្វើឱ្យសមាជិកគ្រួសារគាត់ក៏មានមោទនភាពដែរ។ ក្នុងនាមជាអ្នកជួសជុលចង់ឱ្យកូនខ្មែរគ្រប់រូបដឹងថា មានស្លាកស្នាមជួសជុលនៅតាមប្រាសាទបុរាណ គឺបញ្ជាក់ថា មនុស្សខ្មែរជំនាន់នេះបានយកចិត្តទុកដាក់ជួសជុល អភិរក្សជាបន្តបន្ទាប់។ ដូច្នេះហើយ ទៅថ្ងៃក្រោយសូមឱ្យអ្នកជំនាន់ក្រោយបន្តការងារជួសជុល អភិរក្សជាបន្តទៀត៕

អត្ថបទ និងរូបភាព៖ លោក យី សុថា

អត្ថបទទាក់ទង