ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 27
អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ

មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរ មានរូបរាង។  ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។

ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំង ឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។
លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។
ក្រោយការងារជួសជុលរួចរាល់ អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយ មានប្រាង្គចំនួន៣ បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា

អត្ថបទទាក់ទង