ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 127
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។

​«អគារសាលា​យុត្តិ​ធម្ម» ជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហា​អយ្យ​ការ​អមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូង​រាជធានី​ភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា រាជរដ្ឋាភិបាល ធ្លាប់បានជួយតុលាការ ពន្លឿនការកកស្ទះសំំណុំរឿងនៅតុលាការ ដោយការជួយបន្ធប់សណ្ឋាគារ ដើម្បីបើកសវនាការ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិត​ខំប្រឹង​ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ ។
  3. សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យចៅក្រមប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌជានយោបាយដែលត្រូវយកចិត្តទុកដាក់។
  5. សម្តេចតេជោ ហ៊ុន សែន ណែនាំចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះប្តីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ» សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។
  7. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
  8. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការ
    ខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
  9. សម្តេចតេជោ ហ៊ុន សែន ណែនាំលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សា
    បញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។
  10. សម្តេចតេជោ ហ៊ុន សែន ណែនាំ ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
    ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។
  11. សម្តេចតេជោ ហ៊ុន សែន ណែនាំសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
  12. សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា, ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង លើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព, ទាំងបច្ចុប្បន្ន និងអនាគត។
  13. សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី២៨ ខែសីហា បើកកិច្ចប្រជុំលើកដំបូងរដ្ឋសភា ហើយថ្ងៃទី២៩ ខែសីហា បើកកិច្ចប្រជុំ និងស្បថចូលកាន់តំណែង របស់ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។
  14. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិក្សាបង្កើតតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយ៕

Fresh News

អត្ថបទទាក់ទង