ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតដ៏គគ្រឹកគគ្រេង ដើម្បីការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 63
ការបោះឆ្នោតដ៏គគ្រឹកគគ្រេង ដើម្បីការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ លោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward និងជាបេក្ខជននាយករដ្ឋមន្ត្រី ថតរូបអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។ រូបថត៖ Facebook Move Forward / Screengrab

អ្នកបោះឆ្នោតជនជាតិថៃដ៏ច្រើនលើសលប់បានបោះឆ្នោតជ្រើសរើសបក្សប្រឆាំង Move Forward និង Pheu Thai នៅក្នុងការបោះឆ្នោតមួយដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករកាលពីថ្ងៃអាទិត្យ។ លទ្ធផលនៃការបោះឆ្នោតនេះគឺជាការអំពាវនាវជំរុញឱ្យមានការផ្លាស់ប្តូរ ដែលអាចឬមិនអាចនាំទៅរកការផ្លាស់ប្តូរដោយរលូនផ្នែកនយោបាយ បន្ទាប់ពីការគ្រប់គ្រងអស់រយៈពេលជិត ១ ទសវត្សរ៍ដោយរបបយោធា។

Move Forward ជាគណបក្សដែលត្រូវបានបង្កើតឡើងវិញ (ក្រោយពីមានការហាមឃាត់គណបក្ស Future Forward) បានទទួលលទ្ធផលយ៉ាងខ្ពស់លើសពីការរំពឹងទុក ដោយក្នុងនោះគណបក្សនេះបានទទួលអាសនៈនៅមណ្ឌលបោះឆ្នោតតាមខេត្តជាច្រើន និងថែមទាំងអាចទទួលបានអាសនៈទាំង ៣៣ នៅក្នុងទីក្រុងបាងកកទៀតផង។ គណបក្សនេះអាចទទួលបានអាសនៈចំនួន ៣៨% ដែលជាចំនួនច្រើនជាងអាសនៈដែលគណបក្ស Pheu Thai ទទួលបាន ដោយក្នុងនោះគណបក្ស Pheu Thai អាចទទួលបានត្រឹមតែ ២៧% នៃអាសនៈសរុបតែប៉ុណ្ណោះ។

គិតត្រឹមព្រឹកថ្ងៃចន្ទ ជាមួយនឹងការរាប់សន្លឹកឆ្នោតសម្រេចបានជាង ៩៨,៨២% គណបក្ស Move Forward បាននាំមុខគណបក្ស Pheu Thai ក្នុងចំនួន ១១៣ ទល់នឹង ១១១ នៅក្នុងការប្រកួតប្រជែងយកអាសនៈ នៅមណ្ឌលបោះឆ្នោតសរុបចំនួន ៤០០ និង ១៥១ ទល់នឹង ១៤១ នៅក្នុងការបោះឆ្នោតទាំងមូល ក្នុងនោះក៏មាន ១០០ អាសនៈតាមបញ្ជីគណបក្ស។ គណបក្ស Bhumjaithai ក៏ស្ថិតនៅលំដាប់កំពូលជាមួយនឹងសម្ព័ន្ធក្រុមចម្រុះដែលកំពុងកាន់អំណាចផងដែរ ដោយទទួលបានអាសនៈសរុបចំនួន ៧០។

គណបក្ស United Thai Nation ថ្មីរបស់លោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ស្ថិតនៅចំណាត់ថ្នាក់ទី៥ ដែលទទួលបានអាសនៈចំនួន ៣៦ ខណៈដែលគណបក្ស Palang Pracharat (PPRP) ដែលជាបក្សកាន់អំណាចគាំទ្រដោយក្រុមយោធាដែលលោក Prayut បានធ្វើការបំបែកខ្លួនចេញនៅមុនការបោះឆ្នោត ស្ថិតនៅលេខរៀងទី៤ ដែលទទួលបានអាសនៈចំនួន ៣៩។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថា «គណបក្ស Move Forward គឺជាអ្នកឈ្នះឆ្នោតកាលពីរសៀលថ្ងៃចន្ទ»។

គណបក្សដែលគាំទ្រដោយយោធាទាំង២ នេះ មានគោលបំណងចង់ឈ្នះសំឡេងគាំទ្រនៅក្នុងមណ្ឌលបោះឆ្នោតទំនាបកណ្តាល និងសំឡេងឆ្នោតរបស់ក្រុមអភិរក្សនៅក្នុងទីក្រុងបាងកក ក៏ដូចជាការគាំទ្ររបស់ក្រុមអាវលឿងនៅភាគខាងត្បូង។ គណបក្ស PPRP ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើននៅក្នុងការ បោះឆ្នោតឆ្នាំ ២០១៩ នៅពេលនេះបែរជាទទួលបានលទ្ធផលបញ្រ្ជាសមកវិញ ដោយសារតែឆន្ទៈចង់បានការផ្លាសប្តូរនៅក្នុងចំណោមប្រជាជនជាច្រើន នៅក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។

រូបភាពបេក្ខជនបក្ស Peua Thai លោកស្រី Paetongtarn កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ រូបភាព៖ Peua Thai Party / Facebook

Pheu Thai ដែលជាគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួន គឺលោក Thaksin និងលោកស្រី Yingluck Shinawatra ឥឡូវនេះត្រូវបានដឹកនាំដោយលោកស្រី Paetongtarn ដែលជាអ្នកនយោបាយថ្មីថ្មោង និងធ្លាប់ត្រូវបានគេព្យាករថានឹងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ជាមួយនឹងអាសនៈចំនួន ៣១០ នៃអាសនៈសរុបចំនួន ៥០០។

តែនៅពេលនេះ ចំនួនអាសនៈបានធ្លាក់ចុះមកនៅត្រឹមតែ ១៤១ ប៉ុណ្ណោះ ដែលនេះគឺជាការបង្ហាញអំពីការបន្តធ្លាក់ចុះនៃការគាំទ្ររបស់គណបក្ស ដែលធ្លាប់តែទទួលបានការគាំទ្រយ៉ាងច្រើន។ សកម្មភាពបន្ទាប់របស់គណបក្ស Pheu Thai គឺមិនទាន់មានភាពមិនប្រាកដប្រជានៅឡើយទេ ជាពិសេសនៅចំពេលមានការពិភាក្សាអំពី «កិច្ចព្រមព្រៀង» ដើម្បីនាំលោក Thaksin ឱ្យវិលត្រឡប់មកស្រុកវិញ ដោយមិនចាំបាច់ត្រូវជាប់ពន្ធនាគារសម្រាប់ទោសព្រហ្មទណ្ឌរបស់លោក។

មេដឹកនាំបក្ស Move Forward លោក Pita Limjaroenrat បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ការបោះឆ្នោតនេះពិតជាបង្ហាញអំពីបំណងប្រាថ្នារបស់ប្រជាជនថៃសម្រាប់ការផ្លាស់ប្តូរ» ហើយក្រោយមក ទំព័រ Facebook របស់គណបក្សនេះក៏បានបង្ហោះសារថា «ពួកយើងនឹងជំរុញឱ្យមានគោលនយោបាយកំណែទម្រង់ និងកសាងឱ្យបាននូវប្រទេសថៃមួយដែលយើងតែងតែសុបិនចង់បានឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ ប្រជាប្រិយភាព​របស់បក្សនេះ​បានកើនឡើង​ខ្លាំងនៅក្នុងចំណោមប្រជាសាស្ត្រជាច្រើន ក្រៅតែពីក្រុម​យុវជន​ដែលពួកគេបានរំពឹង​លើដើម្បី​ឈ្នះ។

លោក Pita ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ហើយគ្រួសាររបស់លោកក៏ធ្លាប់មានទំនាក់ទំនងជាមួយលោក Thaksin ផងដែរនោះ បានបោះដៃទៅឱ្យបក្ស Pheu Thai ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ រួមជាមួយគណបក្សប្រឆាំងតូចៗផ្សេងទៀត ដើម្បីរកចំនួនអសនៈឱ្យបានលើស ៣០០ អាសនៈ។ បក្ស Pheu Thai នៅមិនទាន់បានផ្តល់ចម្លើយមកកាន់គណបក្ស Move Forward វិញនៅឡើយទេ បើគិតត្រឹមព្រឹកថ្ងៃចន្ទ។

លោកនាយករដ្ឋមន្រ្ដី Prayut បានបញ្ជាក់ថា «លោកនឹងនៅតែស្ថិតនៅក្នុងឆាកនយោបាយ ហើយនឹងអនុវត្តតាមទម្លាប់» ខណៈដែលការលើកឡើងនេះត្រូវបានគេកាត់ន័យយល់ថា «លោកនឹងមិនព្យាយាមបង្កើតរដ្ឋាភិបាលសំឡេងភាគតិចនោះទេ»។ នៅពេលដែលបក្ស Move Forward និង Pheu Thai កំពុងជជែកដេញដោលគ្នាជុំវិញបញ្ហាថា «តើនរណាជាអ្នកឈ្នះ» សំណួរដ៏សំខាន់គឺថា «តើក្រុមអភិរក្សនឹងទទួលស្គាល់លទ្ធផលនេះដែរឬទេ?» ការចោទប្រកាន់អំពីការទិញសន្លឹកឆ្នោតនៅតាមទីកន្លែងផ្សេងៗ ដែលរួមមានទាំងនៅទីក្រុងបាងកកផងនោះ បាននិងកំពុងកើតមានមកលើបក្ស Move Forward និងគណបក្សផ្សេងៗទៀត។

ការចោទនេះអាចនឹងធ្វើឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវចំណាយពេលរាប់ខែដើម្បីវិនិច្ឆ័យមុនពេលធ្វើការប្រកាសលទ្ធផលចុងក្រោយ ហើយបន្ទាប់មកការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនឹងត្រូវធ្វើឡើងនៅក្នុងសភា។ លើសពីនេះ បក្ស Move Forward ក៏អាចនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់មួយចំនួនផងដែរនៅក្នុងអំឡុងយុទ្ធនាការ ដោយសារទង្វើមិនសមរម្យចំពោះរបបរាជានិយម ក្រោយពេលដែលបក្សនេះបានឃោសនាអំពីការជំរុញឱ្យធ្វើវិសោធនកម្ម ឬលុបចោលមាត្រា ១១២ ដែលជាមាត្រាការពារខ្សែរាជវង្សពីការប្រមាថ។

ការពិតដែលថា «រដ្ឋាភិបាលជ្រុលនិយមរបស់លោក Prayut បានរំលាយអតីតបក្ស Future Forward ដោយសារតែច្បាប់ផ្តល់ហិរញ្ញប្បទាន របស់គណបក្ស» ក្រុមអ្នកសង្កេតការណ៍ជាច្រើនយល់ថា «ការចោទប្រកាន់មិនច្បាស់លាស់ដើម្បីលុបបំបាត់ការគំរាមកំហែងចំពោះតំណែងនាយករដ្ឋមន្ត្រីអាចនឹងកើតមាននៅក្នុងទិដ្ឋភាពក្រោយការបោះឆ្នោត រហូតដល់លទ្ធផលចុងក្រោយត្រូវបានប្រកាសដែលអាចនៅក្នុងខែកក្កដា»។

ការតវ៉ាតាមដងផ្លូវប្រឆាំងនឹងបញ្ជារបស់តុលាការដើម្បីរំលាយគណបក្ស Future Forward បានរីកកាន់តែធំ រហូតក្លាយជាការតវ៉ាដែលដឹកនាំដោយក្រុមនិស្សិតដើម្បីទាមទារឱ្យមានការបណ្តេញលោក Prayut និងឱ្យមានការធ្វើកំណែទម្រង់រាជវង្សឡើងវិញ។ ក្រោយការបោះឆ្នោតឆ្នាំ ២០១៩ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានចុះហត្ថលេខាទៅលើការបកស្រាយអំពីច្បាប់ចុះបញ្ជីគណបក្សតូចៗដើម្បីបើកផ្លូវឱ្យលោក Prayut និងគណបក្ស Palang Pracharat អាចបំប៉ោងតួលេខដើម្បីបង្កើតសម្ព័ន្ធភាពកាន់អំណាច។

ជាមួយនឹងលទ្ធផលដ៏លើសលប់កាលពីថ្ងៃអាទិត្យ វាពិតជាពិបាកណាស់ក្នុងការក្លែងបន្លំតួលេខ បើសិនជាគ្មានការរំលាយគណបក្ស Move Forward ហើយសកម្មភាពនៃការរំលាយនេះ ពិតជានឹងបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់ថៃក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយវាក៏នឹងធ្វើឱ្យមានការចេញមកតវ៉ាតាមដងផ្លូវដ៏ខ្លាំងក្លាផងដែរ រហូតអាចឈានទៅរកការធ្វើអន្តរាគមន៍ពីសំណាក់យោធា។

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha ថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស Ruam Thai Sang Chart (United Thai Nation) កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣។ រូបថត៖ Twitter

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា «សកម្មភាពរបស់បក្ស UTN របស់លោក Prayut បានបង្កើតនិងផ្សព្វផ្សាយនូវវីដេអូមួយតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាប្រិយភាពរបស់បក្ស Move Forward នៅក្នុងការស្ទង់មតិ តាមរយៈការបញ្ជាក់ថាគណបក្សនេះគឺជាភ្នាក់ងារដែលបង្កឱ្យមានភាពវឹកវរ, ការរំខាន និងទង្វើអសីលធម៌ផ្សេងៗ»។

អ្នកវិភាគមួយចំនួនបានកត់សម្គាល់ថា «ការកើនឡើងនៃប្រជាប្រិយភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បក្ស Move Forward នៅក្នុងការស្ទង់មតិបានកើតឡើងស្របពេលដែលព្រះមហាក្សត្រ Maha Vajiralongkorn បានចាកចេញពីប្រទេសថៃដើម្បីចូលរួមពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles III នៅចក្រភពអង់គ្លេស។ ប្រភពការទូតបានឱ្យដឹងថា «ការស្ទង់មតិដែលដំបូងឡើយត្រូវបានគ្រោងទុកថាធ្វើនៅថ្ងៃទី ០៧ ខែឧសភា ត្រូវបានបន្ថយពេលមួយសប្តាហ៍ដើម្បីរងចាំការយាងទៅក្រៅប្រទេសរបស់ព្រះមហាក្សត្រ»។

ការប្រឆាំងរបស់គណបក្ស Move Forward ចំពោះខ្សែរាជវង្សបានកើតឡើងនៅដំណាក់កាលដ៏លំបាកមួយសម្រាប់ស្ថាប័ននេះ ខណៈម្ចាស់ក្សត្រី Bajrakitiyabha ដែលមានវ័យ ៤៤ ឆ្នាំ ដែលជាមេធាវីដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យ Cornell និងត្រូវបានគេស្គាល់ថាជា «Princess Pa» បានបន្តស្ថិតក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានដួលកាលពីថ្ងៃទី ១៤ ខែធ្នូឆ្នាំមុន ដោយសារតែបញ្ហាបេះដូង។

ព្រះនាងគឺជាមនុស្សដ៏សំខាន់នៅក្នុងការចាត់ចែងផែនការរបស់ព្រះមហាក្សត្រ Vajiralongkorn ដែលគ្រោងប្រគល់មកុដទៅឱ្យកូនប្រុសរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Dipangkorn Rasmijoti ដែលទើបតែមានអាយុ ១៨ ឆ្នាំ ខណៈដែលមនុស្សមួយចំនួនបាននិយាយថា «ផែនការនេះកំពុងតែមានភាពមិនច្បាស់លាស់ ដោយសារតែជំងឺដ៏ធ្ងន់ធ្ងររបស់ព្រះនាង»។

បញ្ហាថា «តើរាជវង្សអាចនឹងមានតួនាទីនៅក្នុងការបង្កើតក្រុមនយោបាយនៅពេលខាងមុខដែរឬអត់ (អាចជារដ្ឋាភិបាលរួបរួម ដែលអាចរួមបញ្ចូលសត្រូវនយោបាយកាលពីអតីតកាលឱ្យមករួមគ្នានៅក្រោមឆ័ត្ររាជរាំងតែមួយ)» អាចបង្កឱ្យភាពខុសគ្នារវាងស្ថិរភាព និងអស្ថិរភាពនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕

Asia Times

អត្ថបទទាក់ទង