ខ្មែរប៉ុស្ដិ៍ Close

ខ្លោងទ្វារដីឆ្នាំង ពេញនិយមសម្រាប់ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 23
ខ្លោងទ្វារដីឆ្នាំង ពេញនិយមសម្រាប់ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ខ្លោងទ្វារដីឆ្នាំង ពេញនិយមសម្រាប់ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍

ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ខ្លោងទ្វារនេះ ជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។

ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃខ្លោងទ្វារ ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់អមសងខាងផ្លូវ ដោយឆ្លងកាត់កសិន្ធុទឹកព័ទ្ធជុំវិញក្រុងអង្គរធំ និងមានទាំងដើមឈើតូចធំ ផ្សារភ្ជាប់ និងរុក្ខជាតិចម្រុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។

លោក វិន វ៉ុន ភ្នាក់ងារទេសចរណ៍ប្រចាំការនៅច្រកខ្លោងទ្វារដីឆ្នាំង បានឱ្យដឹងថា នៅទីតាំងនេះ មានប្លង់សម្រាប់ថតផ្តិតរូបភាពដ៏ទាក់ទាញមួយចំនួន ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិពេញនិយមថតរូបអនុស្សាវរីយ៍។ ជាពិសេសការថតផ្តិតយករូបភាព និងច្រមុះព្រហ្មនៃខ្លោងទ្វារ។ លើសពីនេះ ទីតាំងនេះពេញនិយមសម្រាប់ការថតរូបភាពមុនរៀបអាពាហ៍ពិពាហ៍មានជាហូរហែរមិនដែលដាច់ឡើយ។

ក្នុងនាមលោកជាភ្នាក់ងារទេសចរណ៍ មើលការខុសត្រូវ និងថែរក្សាសណ្តាប់ធ្នាប់ នៅទីតាំងខ្លោងទ្វារដីឆ្នាំង លោក វិន វ៉ុន បានជួយសម្រួលចរាចរណ៍ និងណែនាំភ្ញៀវទេសចរ ចៀសវាងភ្ញៀវប្រព្រឹត្តិមិនគប្បីនៅបរិវេណប្រាសាទបុរាណ។ លោក ក៏បានសំណូមពរដល់ភ្ញៀវទេសចរ និងអ្នកដឹកភ្ញៀវ ចូលរួមចតយានយន្តគ្រប់ប្រភេទ ទៅតាមចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ចៀសវាងការកកស្ទះ បង្ករគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុណាមួយ និងរក្សាសណ្តាប់ធ្នាប់ ព្រោះខ្លោងទ្វារដីឆ្នាំងនេះ មានតួនាទីសំខាន់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូលក្នុងអតីតក្រុងអង្គរធំ នៃវង់ទស្សនាវង់ធំ និងភូមិនគរក្រៅផង៕
អត្ថបទ៖នាយកដ្ឋានបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា និងភ្នាក់ងារទេសចរណ៍

អត្ថបទទាក់ទង