ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល អនុម័ត «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 46
រាជរដ្ឋាភិបាល អនុម័ត «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» រាជរដ្ឋាភិបាល អនុម័ត «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ»

រាជរដ្ឋាភិបាល បានយល់ព្រមអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងកែសម្រួលពាក្យពេចន៍មួយចំនួនទៅលើសេចក្តីព្រាងនេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំ​ពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា «សេចក្តីព្រាងក្រមបរិស្ថាន និងធនធាន​ធម្ម​ជាតិ» គឺជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងក្រសួងបរិស្ថាន និង​ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ដែលបានចំណាយពេលជិត៨ឆ្នាំ រាប់ចាប់តាំង​ពី​ឆ្នាំ២០១៥។

លោក ផៃ ស៊ីផាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានប្រជុំជាច្រើនលើកច្រើ​ន​សារ​ជាមួយ​បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំមតិ យោបល់ និងធាតុ​ចូ​ល ពិសេសជាមួយក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌។

«សេចក្តីព្រាង​ក្រម​បរិស្ថាន និងធនធានធម្មជាតិ» គឺជាសមិទ្ធផលរួម ដែលកើត ចេញពី​ការបេ្តជ្ញា​ចិត្ត និងឆន្ទៈនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងក្រុម​ការងារអន្តរក្រសួងទាំងអស់ឈរលើស្មារតីសហការជិតស្និទ្ធ​ប្រកប​ដោយមនសិការ ការលះបង់ សាមគី្គភាព និងឯកភាពជាតិ និងការ​ទទួល​ខុសត្រូវខ្ពស់ ដោយ​តម្កល់អាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ឧត្តម​ប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាជាធំ ធ្វើយ៉ាងណារៀបចំឱ្យមាន​លិខិត​បករណ៍មួយ ដែល​មានលក្ខណៈប្រមូលផ្ដុំគ្រប់ជ្រុងជ្រោយ បច្ចុប្បន្នភាព សង្គត្តិភាព និងស៊ី​សង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ដែលពាក់ព័ន្ធ។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាពជាក់ស្តែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារនិងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គម។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» បំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ។ល។ ក្នុងគោលដៅបន្តជំរុញដំណើរការអភិវឌ្ឍប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព តាមការចង្អុលបង្ហាញផ្លូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

«សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់៣ គឺ៖ (១) លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវកម្ពុជាថ្មី។ បានធ្វើសមាហរណកម្ម, (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង (៣) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួមសម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាព ចំពោះបញ្ហាបញ្ហាស្មុគស្មាញជាច្រើន ដែលបាននិងកំពុងបន្តកើតមានឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយសារអន្តរកម្មជិតស្និទ្ធជាមួយវិស័យផ្សេងៗជាច្រើន។ ជាពិសេស សេចក្តីព្រាងក្រមនេះ នឹងរួមចំណែក៖

  1. ធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តន៍យ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន,
  2. ដោះស្រាយបញ្ហាដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ
  3. លើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំ​ឡើងដោយ​ប្រមូល​ផ្ដុំ និងបែងចែកជា ១២គន្ថី និង ៨៨៨មាត្រា ដូចតទៅ៖

  1. គន្ថីទី១ បទប្បញ្ញត្តិទូទៅ
  2. គន្ថីទី២ ការគ្រប់គ្រងបរិស្ថាននិងយន្តការប្រកបដោយនិរន្តភាព
  3. គន្ថីទី៣ កិច្ចគាំពារបរិស្ថាន
  4. គន្ថីទី៤ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិ តំបន់ឆ្នេរ តំបន់កោះ និងសមុទ្រ
  5. គន្ថីទី៥ ការវាយតម្លៃបរិស្ថាន
  6. គន្ថីទី៦ ការទទួលខុសត្រូវលើការខូចខាតបរិស្ថាន
  7. គន្ថីទី៧ ការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងការយល់ដឹងអំពីបរិស្ថាន
  8. គន្ថីទី៨ វិធានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រាក់កម្រៃ និងមូលនិធិផ្នែកបរិស្ថាន
  9. គន្ថីទី៩ ការដោះស្រាយវិវាទបរិស្ថាន និងធនធានធម្មជាតិ
  10. គន្ថីទី១០ ទោសប្បញ្ញតិ្ត
  11. គន្ថីទី១១ អន្តរប្បញ្ញត្តិ
  12. គន្ថីទី១២ អវសានប្បញ្ញត្តិ៕

Fresh News

អត្ថបទទាក់ទង