ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 97

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និង​ក្ដី​សង្ឃឹម​» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើង​ជាផ្ទាំងទស្សនីយ​ភាព​វប្ប​ធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយ​ភាព​ជាច្រើនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបាន​អញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងមានការផ្លាស់ទេវតាឆ្នាំចាស់ ជំនួសដោយទេវតាឆ្នាំ។ ទោះទេវតាចាស់ ឬថ្មី គឺសុទ្ធតែជាកូនទេវតា។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបិយ​ និងអរូបនិយ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅតែពីការជួបគ្នារវាងមនុស្ស ជាមួយវប្បធម៌រូបិយ និងអរូបិយហើយនោះ ព្រឹត្តិការណ៍នេះ ធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្រីផងដែរ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយ​នឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
  6. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ឆ្នាំ២០២០ និង២០២១ មិនបើកឱ្យមានការចូលឆ្នាំនោះទេ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ថ្លែងអំណរគុណប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ទទួលយកការសម្រេចចិត្តនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការបារម្ភណាស់ក្នុងការបើកឱ្យចូលឆ្នាំកាលពីឆ្នាំ២០២២។ ពេលនោះសម្តេចបានសួរខ្លួនឯងថា ការសម្រេចចិត្តនោះ ត្រូវ ឬខុស?
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តាចំនួន៦ ដែលនាំឱ្យមាននូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ។ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណង ឱ្យតែត្រូវច្បាប់។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះពលរដ្ឋខ្មែរកំពុងរីករាយ តែ៤៨ឆ្នាំមុនវិញ ម៉ោងនេះសំឡេងគ្រាប់ផ្លោងលាន់ឮកងរំពងគ្រប់ទីកន្លែង រាប់ទាំងភ្នំពេញផងដែរ។
  11. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កត្តាទាំង៦ ដែលនាំឱ្យកើតមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តរួមមាន៖ ១៖ សុខសន្តិភាព ស្ថេរភាពនយោបាយ, ២៖ យកឈ្នះលើជំងឺកូវីដ១៩, ៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ៤៖ មានមធ្យោបាយធ្វើដំណើរ, ៥៖ ថវិកា និងទី៦៖ គំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមាននរណាម្នាក់ស្រមៃចង់ឃើញភ្លើងសង្គ្រាមកើតឡើងវិញនៅកម្ពុជានោះទេ។
    សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំបែកឯកទគ្គកម្មនៃការបត់បេះដូង ដែលមានរហូតដល់ជិត ៤លាននោះ ជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យ។
  14. សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអង្គការកំណត់ត្រាពិភពលោក ពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។
  15. សម្តេចតេជោ ហ៊ុន សែន រំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ប្រមាណ ៤ពាន់នាក់នៅថ្ងៃស្អែក។
  16. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលសម្តេចសម្រេចចិត្តបើកឱ្យមាន​ការហោះហើរត្រង់មកកាន់ខេត្តសៀមរាប នាឆ្នាំ១៩៩៨ នាំឱ្យមានការប្រតិកម្មជាច្រើន។ តែក្រោយមកពួកគេ ក៏បានគាំទ្រវិញ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលបើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប នាំឱ្យខេត្តនេះមានការរីកចម្រើនរហូតដូចពេលបច្ចុប្បន្ន។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប អាចនឹងបើកដំណើរការនៅខែតុលា។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយការវិនិយោគយ៉ាងគំហុកនៅខេត្តសៀមរាប ធ្វើឱ្យខេត្តនេះក្លាយតារារះនាទិសឧត្តរ។
  20. សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា ការរៀបចំប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលបានជួយគាំទ្រដល់ការការពារប្រាង្គប្រាសាទអង្គរ ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណទូតអាមេរិក បានជួយនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្តាប្រទេសនានា នឹងបន្តជួយឱ្យសម្បត្តិវប្បធម៌ខ្មែរ បានវិលមកកាន់កម្ពុជាវិញ៕

Fresh News

អត្ថបទទាក់ទង