ខ្មែរប៉ុស្ដិ៍ Close

សមយុទ្ធ Cobra Gold បានបង្ហាញអំពីការប្រយុទ្ធរវាងអាមេរិកនិងចិន ដើម្បីដណ្តើមប្រទេសថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 63
សមយុទ្ធ Cobra Gold បានបង្ហាញអំពីការប្រយុទ្ធរវាងអាមេរិកនិងចិន ដើម្បីដណ្តើមប្រទេសថៃ ​យោធា​ចូល​រួម​ក្នុង​លំហាត់សឹក ​ក្នុង​ពេល​ធ្វើ​សម​យុទ្ធ​ចម្រុះ​ជាតិ​សាសន៍ Cobra Gold 2023 នៅ​ខេត្ត​ឈុនបុរី ប្រទេស​ថៃ ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។ រូបថត៖ Twitter

ទាហានអាមេរិកជាង ៣ ៨០០ នាក់បានដឹកនាំកងកម្លាំងនិងអ្នកសង្កេតការណ៍ ដែលមកពីប្រទេសជាង ៣០ នៅក្នុងសមយុទ្ធ Cobra Gold ដែលជាសមយុទ្ធយោធានៅតំបន់អាស៊ីដ៏ធំបំផុតរបស់មន្ទីរបញ្ចកោណ ហើយបានឈានដល់ការបិទបញ្ចប់កាលពីថ្ងៃទី ១០ ខែមីនា។

ការធ្វើសមយុទ្ធ Cobra Gold លើកទី ៤២ ហាក់មានភាពរឹងមាំជាថ្មីម្តងទៀត ក្រោយបានធ្លាក់ចុះអស់រយៈពេល ៣ ឆ្នាំនៅក្នុងអំឡុងពេលមានការរីករាលដាលនៃជម្ងឺកូវីដ-១៩។ សេចក្តីរាយការណ៍បានបង្ហាញថា អាមេរិកបានបញ្ជូនទាហានក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មាននៅក្នុងរយៈពេលមួយទស្សវត្សកន្លងមកនេះដើម្បីចូលរួមនៅក្នុងសមយុទ្ធឆ្នាំនេះ។

គេហទំព័រ DVIDS (Defense VI) របស់ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា «អ្វីដែលជាចំណុចថ្មីសម្រាប់សមយុទ្ធប្រចាំឆ្នាំនេះគឺការសម្របសម្រួលកងកម្លាំងអវកាសរួមគ្នា (Combined Space Forces Coordination Center) ដែលមានប្រទេសជាដៃគូជាច្រើនបានចូលរួមជាមួយគ្នាលើផ្នែកសមត្ថភាពអវកាស»។

យោធាមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបូរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានចូលរួមជាមួយប្រទេសដែលជាអ្នករៀបចំកម្មវិធីគឺថៃ ដែលបានបញ្ជូនយោធាចំនួន ៣ ០០០ នាក់ និងអាមេរិកដែលបានបញ្ជូនយោធាជាង ៣ ៨០០ នាក់សម្រាប់រយៈពេល ២ សប្តាហ៍នៃការរៀបចំផែនការ និងការធ្វើសមយុទ្ធនៅទីវាលនោះ។

យោធាមកពីប្រទេសជាដៃគូសមយុទ្ធ និងអ្នកសង្កេតការណ៍មកពី ២៣ ប្រទេសផ្សេងៗទៀតបានធ្វើឱ្យចំនួនមនុស្សសរុបដែលបានចូលរួមនៅក្នុងសមយុទ្ធនៅក្នុងឆ្នាំនេះកើនឡើងដល់ជាង ៧ ០០០ នាក់ទាំងនៅដែនគោក ដែនសមុទ្រ ដែនអាកាស និងសេណារីយ៉ូផ្សេងៗទៀត។

ក្រៅពីនោះក៏នៅមានសមយុទ្ធសម្រាប់គ្រោះមហន្តរាយនិងមនុស្សធម៌ផ្សេងៗទៀតដែលមានការចូលរួមពីសំណាក់ប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី និងព្រឹត្តិការណ៍ផ្សេងៗ ទៀតដែលមានការចូលរួមពីសំណាក់ប្រទេសបង់ក្លាដែស ប្រ៊ុយណេ កាណាដា បារាំង ម៉ុងហ្គោលី នេប៉ាល់ នូវែលសេឡង់ ហ្វីលីពីន ហ្វីជី និងចក្រភពអង់គ្លេស ផងដែរ។

ប្រទេសប្រេស៊ីល កម្ពុជា អាល្លឺម៉ង់ ក្រិក គុយវ៉ែត ឡាវ ប៉ាគីស្ថាន ស្រីលង្កា និងវៀតណាម គឺជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធ Cobra Gold នៅ ក្នុងឆ្នាំនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Robert Godec បាននិយាយនៅក្នុងពិធីបើកសមយុទ្ធ Cobra Gold នៅ ខេត្ត Rayong ភាគខាងកើតកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា «ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំប្រទេសចំនួន ៣០ មកពីជុំវិញពិភពលោកដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញដែលគ្មានប្រទេសណាអាចដោះស្រាយតែម្នាក់ឯងបាននោះទេ»។

សមយុទ្ធនេះក៏មានគោលបំណងដើម្បីរក្សាកងទ័ពដែលបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហាររបស់ប្រទេសថៃឱ្យនៅតែជាសម្ព័ន្ធមិត្តជាមួយក្រុងវ៉ាស៊ីនតោន ខណៈដែលក្រុងប៉េកាំងកំពុងតែបង្កើនឥទ្ធិពលនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងវប្បធម៌នៅក្នុងប្រទេសនេះ។

យោធានៅក្នុងសមយុទ្ធ Cobra Gold 2023 ក្នុងខេត្តឈុនបុរី ប្រទេសថៃ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ រូបភាព៖ Facebook

លោក Paul Chambers សាស្ត្រាចារ្យសិក្សាអំពីកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Naresuan នៅក្នុងប្រទេសថៃបានឱ្យដឹងថា «មានការអាក់អន់ចិត្តខ្លះក្នុងចំណោមមន្ត្រីយោធាថៃ និងអ្នកនយោបាយអភិរក្សនិយមចំពោះគោលនយោបាយប្រើអំណាចតាមអំពើចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនអំពីអ្វីដែលប្រទេសថៃ គួរនិងមិនគួរធ្វើ ទាក់ទងនឹងការធ្វើរដ្ឋប្រហារ»។

លោក Chambers បាននិយាយនៅក្នុងបទសម្ភាសន៍ថា «គោលនយោបាយអវិជ្ជមានរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០០៦ និងឆ្នាំ ២០១៤ បានរួមចំណែកធ្វើឱ្យទីក្រុងបាងកកត្រូវងាកទៅរកគោលនយោបាយគាំពារនិយម តាមរយៈការបង្កើតតុល្យភាពរវាងមហាអំណាចទាំងពីរ គឺរវាងចិន និងអាមេរិក»។

អតីតរដ្ឋមន្ត្រីការបរទេសថៃ Kasit Piromya បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ក្រុមយោធាថៃមិនពេញចិត្តសហរដ្ឋអាមេរិកដែលតែងតែដាក់សម្ពាធមកលើការធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងឆាកនយោបាយ និងការតម្រូវឱ្យប្រគល់លទ្ធិប្រជាធិបតេយ្យជូនទៅប្រជាជនថៃវិញ»។

លោក Kasit ដែលជាសមាជិកក្រុមប្រឹក្សាសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បាននិយាយទៀតថា «ម្យ៉ាងវិញទៀតជនជាតិចិនចូលចិត្តធ្វើការជាមួយរបបផ្តាច់ការ។ ជំហរមិនជ្រៀតជ្រែករបស់ទីក្រុងប៉េកាំងបានធ្វើឱ្យក្រុមយោធាថៃមានអារម្មណ៍ស្រណុក និងមានផាសុខភាព។ នៅពេលដែលភាគីចិនគ្រប់គ្រងទៅលើក្រុមយោធាថៃបាន វានឹងធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការប្រើឥទ្ធិពល»។

លោក Kasit បាននិយាយថា «ប្រព័ន្ធបក្សតែមួយត្រូវបានគេទទួលស្គាល់នៅក្នុងចំណោមក្រុមអភិរក្សថៃ ជាពិសេសគឺក្រុមយោធា ប៉ុន្តែបញ្ហាទាន់ទិននឹងសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យ គឺពិតជារីករាលដាលខ្លាំងនៅក្នុងសង្គមថៃ»។

អតីតរដ្ឋមន្ត្រីការបរទេសម្នាក់ទៀត គឺលោក Kantathi Suphamongkhon បានលើកឡើងនៅក្នុងបទសម្ភាសន៍ថា «សហរដ្ឋអាមេរិកគួរតែបង្កើននូវការចូលរួមរបស់ខ្លួនជាមួយប្រទេសថៃ និងប្រជាជនថៃតាមមធ្យោបាយពហុភាគី ដើម្បីងាយស្រួលសម្រាប់អ្នកការទូតថៃនៅទីក្រុងវ៉ាស៊ីនតោនអាចទាក់ទងទៅកាន់មន្ត្រីជាន់ខ្ពស់របស់រដ្ឋការអាមេរិក ក៏ដូចជាសមាជិកសភា និងព្រឹទ្ធសភា»។

ថៃដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏យូរលង់របស់អាមេរិក កំពុងតែព្យាយាមទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយអាមេរិកចំនួន ២ គ្រឿង ហើយពេលនេះកំពុងរង់ចាំការយល់ព្រមពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

រថពាសដែក Stryker ដែលផលិតដោយអាមេរិកចំនួន ១០ គ្រឿងដែលកងទ័ពភូមិន្ទថៃបានទិញ ទើបនឹងបានមកដល់នៅក្នុងខែសីហា ឆ្នាំ ២០២២ ដែលនាំឱ្យចំនួនសរុបនៃរថពាសដែក Stryker របស់យោធាថៃបានកើនឡើងដល់ចំនួន ១៣០ គ្រឿង ចាប់តាំងពីឆ្នាំ ២០១៩។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន Chevron Offshore Thailand ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រួមជាមួយនឹងសាជីវកម្មប្រេងថៃ និងជប៉ុន កំពុងតែរួមគ្នាសិក្សាអំពីរបៀបទាញយករ៉ែនិងឧស្ម័នធម្មជាតិ មានតម្លៃថោកនៅឆ្នេរសមុទ្រភាគអាគ្នេយ៍ ក្រោមឈូងសមុទ្រថៃ។

លោក Piti Srisangham នាយកមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យ Chulalongkorn នៅទីក្រុងបាងកកបាននិយាយថា «ស្រដៀងគ្នានេះដែរ នៅឯឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសថៃ សហរដ្ឋអាមេរិកក៏កំពុងតែសម្លឹងមើលតំបន់ជុំវិញឈូងសមុទ្រ Bengal ជាពិសេសគឺប្រទេសមីយ៉ាន់ម៉ាដែលជាទីតាំងយុទ្ធសាស្ត្រ និងជាទីតាំងដែលសំបូរទៅដោយធនធានធម្មជាតិ»។

សមយុទ្ធ Cobra Gold ពីមុនក៏បានរួមបញ្ចូលទាំងការវាយលុកប្រឆាំងនឹងភេរវករដែលកាន់កាប់ទីតាំងប្រេងនិងឧស្ម័ននៅក្នុងសមុទ្រផងដែរ។

សម្រាប់វិស័យសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងនាំអ្នកតំណាងធុរកិច្ចអាមេរិកជាង ១០០ នាក់ទៅកាន់វេទិកា Trade Winds ASEAN ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃ ទី ១៣-១៥ ខែមីនា នៅទីក្រុងបាងកក ដើម្បីពិភាក្សាជាមួយសមភាគី និងអ្នកផ្សេងទៀតមកពីប្រទេសអាស៊ីជាង ២០ ប្រទេស។

បើយោងតាមសភាពាណិជ្ជកម្មថៃ-ចិន បានឱ្យដឹងថា វាមិនទាន់បញ្ចប់នៅត្រឹមនេះទេ មេដឹកនាំធុរកិច្ចជាង ៤ ០០០ នាក់មកពីប្រទេសចិន បូករួមទាំងជនជាតិចិនដែលកំពុងរស់នៅក្នុងប្រទេសផ្សេងៗទៀត ត្រូវបានគេរំពឹងថានឹងមកចូលរួមមហាសន្និបាតសហគ្រិនចិនពិភពលោក (WCEC) លើកទី ១៦ នៅក្នុងទីក្រុងបាងកកនៅ ថ្ងៃទី ២៤-២៦ ខែមិថុនា។

បច្ចេកវិទ្យាគឺស្ថិតនៅជួរមុខគេនៃទំនាក់ទំនងធុរកិច្ចថៃ-ចិន។ ការលោតផ្លោះដ៏អស្ចារ្យរបស់ប្រទេសចិនចូលទៅក្នុងទូរគមនាគមន៍របស់ប្រទេសថៃ រួមមានការតម្លើងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់របស់ Huawei, ការដំឡើងប្រព័ន្ធការពារសុវត្ថិភាពរបស់ទីក្រុងប៉េកាំង និងសមត្ថភាពអ៊ិនធឺណិតកម្រិតខ្ពស់ផ្សេងៗទៀត។

ក្រុមហ៊ុន Huawei ជារឿយៗត្រូវបានលើកកម្ពស់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha។

វេទិកា Huawei នៅទីក្រុងបាងកក កាលពីខែតុលា ឆ្នាំ ២០២២ ដែលដឹកនាំដោយប្រធានក្រុមហ៊ុន Huawei បច្ចុប្បន្នគឺលោក Ken Hu បានផ្សព្វផ្សាយអំពីសមត្ថភាព របស់ប្រព័ន្ធ 5G ដែលមានល្បឿនលឿនបំផុតរបស់ខ្លួនសម្រាប់ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់បណ្តាញសង្គម TikTok និងការ Live វីដេអូផ្សេងៗទៀត។ លោក Hu បាននិយាយថា «យើងត្រូវធ្វើការរួមគ្នាដើម្បីអាចទទួលបានប្រសិទ្ធភាពពេញលេញពីបណ្តាញ 5G និងអាចពង្រីកទៅកាន់សេវាកម្មផ្សេងៗទៀតដូចជាបច្ចេកវិទ្យា Cloud និងការរួមបញ្ចូលនៃប្រព័ន្ធ (System Integration)»។

ក្រុមហ៊ុន Huawei កំពុងសហការជាមួយមន្ទីរពេទ្យ Siriraj របស់ប្រទេសថៃ។ រូបភាព៖ ហ្វេសប៊ុក

នៅខែសីហា ឆ្នាំ ២០២២ អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលមានជំនាញខាងប្រព័ន្ធផ្សព្វផ្សាយលើអ៊ីនធើណិតរបស់រដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ «ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍនវានុវត្តន៍សម្រាប់ទេសចរណ៍ឆ្លាតវៃ» ដើម្បីចាប់ដៃគូជាមួយក្រុមហ៊ុន Huawei Technologies Thailand។

លោក Abel Deng នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសថៃបាននិយាយថា «ក្រុមហ៊ុន Huawei ប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើនតួនាទីរបស់ TAT ក្នុងនាមជាអ្នកដឹកនាំយុទ្ធសាស្ត្រដើម្បីជំរុញប្រទេសថៃអោយក្លាយទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក» ។

នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងបាងកកក្នុងឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសចិន Wang Yi បាន និយាយថា «ចិននិងថៃមិនមែនជាអ្នកដទៃទេ ប៉ុន្តែគឺជាបងប្អូនបង្កើត»។ ពាក្យស្លោកជាប្រពៃណីខាងលើ ត្រូវបានលើកឡើងដោយផ្អែកទៅលើជនអន្តោប្រវេសន៍ចិន អាពាហ៍ពិពាហ៍អន្តរកាល បុព្វបុរសរួមរបស់ពួកគេ ក៏ដូចជាភាពជិតខាងផ្នែកភូមិសាស្ត្រ ទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌។

លោក Wang Yi បាននិយាយបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រី Prayut ថា «ខ្ញុំគិតថាប្រជាជននៃប្រទេសទាំងពីរ នឹងជឿជាក់ទៅលើបំណងប្រាថ្នារបស់យើងក្នុងការអភិវឌ្ឍទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ»។

នៅខែសីហា ឆ្នាំ ២០២២ ប្រទេសចិននិងថៃបានធ្វើសមយុទ្ធ Falcon Strike រយៈពេល ១០ ថ្ងៃ ដែលនេះគឺជាសមយុទ្ធយោធាជើងអាកាសរួមគ្នាលើកទី៤ របស់ពួកគេចាប់តាំងពីឆ្នាំ ២០១៥ ។ បើទោះបីជាមានទំហំតូចបើប្រៀបធៀបទៅនឹងសមយុទ្ធ Cobra Gold តែសមយុទ្ធនេះគឺពិតជាបានបង្ហាញអំពីការបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រចិន-ថៃ។

ចាប់តាំងពីឆ្នាំ ១៩៨២ មក សមយុទ្ធ Cobra Gold បានរីកធំធាត់ពីសមយុទ្ធដែនសមុទ្ររវាងអាមេរិកនិងថៃ មកជាសមយុទ្ធដ៏ធំដូចនៅពេលបច្ចុប្បន្នដែលរួមមានទាំងការប្រើប្រាស់អាវុធរួមបញ្ចូលគ្នា ការណែនាំអំពីរបៀបបញ្ជាយោធា ការងារជួយសង្គ្រោះជាសាធារណៈ និងសកម្មភាពផ្សេងៗទៀត។

លោក Kasit បាននិយាយថា «នៅក្នុងឆ្នាំ ២០០៣ ប្រធានាធិបតី Bush បានចាត់ទុកប្រទេសថៃថាជាសម្ព័ន្ធមិត្តដ៏សំខាន់។ សមយុទ្ធយោធារួម Cobra Gold នៅតែជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងអាមេរិក-ថៃ»។

ឯកសណ្ឋានផ្លូវការឆ្នាំ ២០២៣ របស់សមយុទ្ធ Cobra Gold បានបង្ហាញនូវរូបសត្វឥន្ទ្រីអាមេរិកពណ៌ស ជាមួយនឹងខែលការពារផ្កាយ និងឆ្នូតនៅពីលើតំបន់ប៉ូលខាងជើង។ វាក៏នៅមានពស់វែកពណ៌មាសលេចឡើងពីតំបន់ប៉ូលខាងត្បូង ហើយក្បាលរបស់វាបានភ្ជាប់ទៅនឹងភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី៕

Asia Times

អត្ថបទទាក់ទង