ខ្មែរប៉ុស្ដិ៍ Close

អតីតយុទ្ធជននៅក្នុងសង្គ្រាមវៀតណាម ទទួលបានមេដាយកិត្តិយស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 36
អតីតយុទ្ធជននៅក្នុងសង្គ្រាមវៀតណាម ទទួលបានមេដាយកិត្តិយស ប្រធានាធិបតី Joe Biden បានផ្តល់រង្វាន់មេដាយកិត្តិយសដល់លោក Paris Davis ដែលបានចូលនិវត្តន៍សម្រាប់ភាពក្លាហានរបស់លោកនៅក្នុងសង្គ្រាមវៀតណាម

មន្ត្រី​កង​កម្លាំង​ «Black Special Forces»​ ម្នាក់​របស់​អាមេរិក​ បានទទួល​នូវមេដាយកិត្តិយស​នៅ​ឯសេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ។ ប្រធានាធិបតី Joe Biden បានផ្តល់រង្វាន់មេដាយកិត្តិយសដល់លោក Paris Davis ដែលបានចូលនិវត្តន៍សម្រាប់ភាពក្លាហានរបស់លោកនៅក្នុងសង្គ្រាមវៀតណាម។

ពាន​រង្វាន់​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​​ការដាក់ពាក្យស្នើសុំបានបរាជ័យចំនួន ២ ​ដង និងបន្ទាប់ពីបានចំណាយពេលជិត ៦ ទសវត្សរ៍។ លោក Biden បាននិយាយនៅពេលលោកផ្តល់ពានរង្វាន់យោធាកម្រិតខ្ពស់បំផុតរបស់ប្រទេសនេះថា «អ្នកពិតជាសក្តិសមណាស់ក្នុងការទទួលបានមេដាយនេះ»។

នៅឆ្នាំ ១៩៦៥ ក្នុងវ័យ ២៦ ឆ្នាំ លោក Davis បានដឹកនាំក្រុមកងកម្លាំងពិសេសមួយទៅប្រយុទ្ធនៅក្នុងប្រទេសវៀតណាម។ អស់រយៈពេលជិត ២ ថ្ងៃ បើទោះបីជាមានរបួសជាប់នឹងខ្លួនក៏ដោយ ក៏លោកបានបន្តចូលរួមប្រយុទ្ធដោយផ្ទាល់តទល់នឹងកងកម្លាំងវៀតណាម និងបានបដិសេធមិនទុកទាហានរបស់លោកណាម្នាក់ចោលឡើយ។

លោក Biden បាននិយាយថា «លោកបានជួយសង្គ្រោះជីវិតរបស់ទាហានអាមេរិក»។ ការទទួលបានមេដាយកិត្តិយសយោធានេះ បានចំណាយពេលវេលាយ៉ាងយូរ មុននឹងអាចទទួលបាន ហើយហេតុផលមួយចំនួនអាចមានជាប់ទាក់ទងនឹងការរើសអើងជាតិសាសន៍។ លោក Davis បាន បាត់បង់ឱកាសទទួលបានមេដាយកិត្តិយសម្តងនៅក្នុងឆ្នាំ ១៩៦៥ និងម្តងទៀតនៅឆ្នាំ ១៩៦៩។

ក៏ប៉ុន្តែនៅឆ្នាំ ២០២១ រដ្ឋមន្ត្រីការពារជាតិស្តីទីបានហៅរឿងនេះថាជា «រឿងដ៏អយុត្តិធម៌» និងបានបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញលើករណីរបស់លោក Davis។ កាល​ពី​ខែ​មុន​ប្រធានាធិបតី​បាន​ទូរសព្ទ​ទៅ​ប្រាប់​ដំណឹង​ល្អអំពីរឿងនេះ។

លោក Biden បាននិយាយថា «ឆ្នាំនេះយើងប្រារព្ធខួបលើកទី ៧៥ នៃកងកម្លាំងប្រដាប់អាវុធ ហើយឈ្មោះ Paris Davis នឹងនៅតែឈរនៅជាមួយវីរបុរសរបស់ប្រទេសជាតិ»។ បុរសវ័យ ៨៣ ឆ្នាំដែលប្រធានាធិបតីបានពិពណ៌នាថាជា «បុរសរាបសារដែលមានដើមកំណើតមកពី Midwest» បាននិយាយទៅកាន់អ្នកសារព័ត៌មានយ៉ាងខ្លី បន្ទាប់ពីពិធីនេះថា «សូមព្រះប្រទានពរអ្នក។ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះទាំងអស់ និងសូមប្រទានពរដល់អាមេរិក»។

លោក Davis បានបម្រើការនៅក្នុងជួរកងទ័ពអស់រយៈពេល ២៥ ឆ្នាំ មុនពេលចូលនិវត្តន៍។ ឥឡូវនេះលោកបានក្លាយជាអតីតយុទ្ធជនវៀតណាមទី ២៦៩ ដែលបានទទួលមេដាយកិត្តិយស៕

DC News Now