ខ្មែរប៉ុស្ដិ៍ Close

ការលេចឡើងនៃមេដឹកនាំឧស្សាហកម្មយោធារបស់ចិន នឹងធ្វើឱ្យការប្រកួតប្រជែងជាមួយអាមេរិកកាន់តែតានតឹង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 56
ការលេចឡើងនៃមេដឹកនាំឧស្សាហកម្មយោធារបស់ចិន នឹងធ្វើឱ្យការប្រកួតប្រជែងជាមួយអាមេរិកកាន់តែតានតឹង ការលេចឡើងនៃមេដឹកនាំឧស្សាហកម្មយោធារបស់ចិន នឹងធ្វើឱ្យការប្រកួតប្រជែងជាមួយអាមេរិកកាន់តែតានតឹង

ឧបទ្ទវហេតុបាឡុងស៊ើបការណ៍បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីចេតនាយោធារបស់ចិនចំពោះអាមេរិក ហើយវាក៏បានបង្កើននូវការព្រួយបារម្ភផងដែរអំពីសមត្ថភាពចារកម្មយោធារបស់ចិន និងភាពខ្វះខាតនៅ ក្នុងការសម្របសម្រួលជាមួយផ្នែកផ្សេងៗទៀតរបស់រដ្ឋចិន។ វាពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍នៅពេលដែល «ក្រុមមនុស្សថ្មីដ៏សំខាន់មួយ» បានលេចឡើងនៅក្នុងប្រព័ន្ធនយោបាយកំពូលរបស់ចិនដែលនោះគឺ
«ក្រុមបច្ចេកទេសផ្នែកឧស្សាហកម្មយោធា»។

ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលវិភាគកិច្ចការចិននៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (Asia Society Policy Institute’s Centre for China Analysis) បានឱ្យដឹងថា «ការដំឡើងតួនាទីរបស់ពួកគេពិតជាបានផ្តល់នូវតម្រុយយ៉ាងសំខាន់ៗពាក់ព័ន្ធនឹងអាទិភាពគោលនយោបាយ ដែលមេដឹកនាំកំពូល Xi Jinping កំពុងផ្តោតការយកចិត្តទុកដាក់»។

ជាងនេះទៅទៀត ភាពជោគជ័យឬបរាជ័យរបស់ពួកគេ ក្នុងនាមជាមេដឹកនាំនៅក្នុងរយៈពេល ១០-១៥ ឆ្នាំខាងមុខអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច, វឌ្ឍនភាពបច្ចេកវិទ្យា និងទំនាក់ទំនងការបរទេសរបស់ចិន ជាពិសេសនៅក្នុងអំឡុងពេលដែលការប្រកួតប្រជែងជាមួយអាមេរិកកាន់តែមានភាពតានតឹងខ្លាំង។ ពួកគេក៏មានតួនាទីធ្វើឱ្យសមត្ថភាពចារកម្មការពារជាតិរបស់ចិនកាន់តែមានភាពប្រសើរឡើងផងដែរទាំងនៅផ្នែកបច្ចេកទេស និងផ្នែកការិយាធិបតេយ្យ។

ក្រោយសមាជបក្សលើកទី ២០ កាលពីខែតុលាឆ្នាំមុន សមាជិកថ្មីចំនួន ១៣ រូបបានចូលរួមជាមួយការិយាល័យនយោបាយដែលមានសមាជិក ២៤ នាក់ និងដែលជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនីស្ត។ ក្នុងចំណោមអ្នកទាំងនោះ មនុស្សចំនួន ៥ រូប កំពុងតែមានភាពលេចធ្លោរដោយក្នុងនោះរួមមានលោក Zhang Guoqing លោក Yuan Jiajun, លោក Li Ganjie លោក Ma Xingrui និងលោក Liu Guozhong។

សូមអាន ប្រទេសចិនចង់វិលត្រឡប់ទៅរកការចូលរួមតាមបែបប្រពៃណី ក៏ប៉ុន្តែការទូតអ្នកចម្បាំងចចកនឹងមិនរលាយបាត់ទៅណាឡើយ

ក្រុមមនុស្សថ្មីនេះដែលតំណាងឱ្យជិត ៤០% នៃអាសនៈដែលទើបត្រូវបានតែងតាំងថ្មីរបស់ការិយាល័យនយោបាយមានភាពដូចគ្នាច្រើន ដូចជាការទទួលបាននូវការបណ្តុះបណ្តាលផ្នែកវិស្វកម្ម-ឧស្សាហកម្មយោធានៅក្នុងវិស័យមួយចំនួន ដូចជាលំហអាកាស, ថាមពលនុយក្លេអ៊ែរ និងបទបញ្ញត្តិ។ ពួកគេភាគច្រើនមានបទពិសោធន៍ដឹកនាំកម្រិតខ្ពស់នៅក្នុងវិស័យឧស្សាហកម្មយោធាដ៏ធំរបស់ចិន។ ពួកគេបានប្រែក្លាយខ្លួនពីវិស្វករ ឬអ្នកគ្រប់គ្រងមកជាប្រជាជនធម្មតា មុនពេលក្លាយជាមេដឹកនាំនយោបាយថ្នាក់ជាតិ។

ពួកគេក៏មានវ័យក្មេងជាងមុនផងដែរ។ ជាមួយនឹងអាយុជាមធ្យមក្រោម ៦០ ឆ្នាំ ដោយគិតត្រឹមពេលសមាជបក្សលើកទី ២០ ពួកគេពិតជាតំណាងឱ្យអ្នកដឹកនាំជំនាន់ថ្មី។ លោក Li Ganjie ដែលទើបនឹងមានអាយុ ៥៩ ឆ្នាំ គឺជាសមាជិកដែលមានវ័យក្មេងជាងគេ។ មេដឹកនាំទាំងនេះទំនងជាអាចបន្តមានឥទ្ធិពលនៅក្នុងរចនាសម្ព័ន្ធកំពូលនៃអំណាចនយោបាយរបស់ចិនសម្រាប់រយៈពេល ១ ទសវត្សរ៍ខាងមុខ ឬយូរជាងនេះ។

ការឡើងតំណែងរបស់ពួកគេគឺជាផ្នែកមួយនៃការផ្លាស់ប្តូរតំណែងកំពូលរបស់រដ្ឋាភិបាល។ មនុស្សជាច្រើនដែលមានបទពិសោធន៍ផ្នែកឧស្សាហកម្មយោធាបានចូលកាន់តំណែងជាថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត បានចូលរួមនៅក្នុងគណៈកម្មាធិការកណ្តាលទី ២០ សម្រាប់តួនាទីជាន់ខ្ពស់ជាច្រើន ហើយខ្លះថែមទាំងបានឡើងកាន់តំណែងជារដ្ឋមន្ត្រីទៀតផង។

លោក Li Ganjie អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅឯសមាជប្រជាជនជាតិលើកទី ១៣ នៅទីក្រុងប៉េកាំង ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨។ រូបថត៖ Simon Song

ចំនួនក្រុមវិស្វករ-អ្នកគ្រប់គ្រងទាំងនេះអាចនឹងមានការកើនឡើងបន្ថែមទៀត។ លោក Li ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅនាយកដ្ឋានអង្គការកណ្តាលដែលជាស្ថាប័នដ៏មានអំណាចសម្រាប់ការត្រួតពិនិត្យនិងជ្រើសរើសមន្ត្រីបក្ស។ មនុស្សដែលមានជំនាញផ្នែកឧស្សាហកម្មយោធាកាន់តែច្រើននឹងមានឱកាសទទួលបានការងារ ហើយនេះគឺជាការផ្លាស់ប្តូរនយោបាយរបស់ឥស្សរជនចិន។

ក្រុមមេដឹកនាំថ្មីនេះត្រូវបានគេស្គាល់ជាទូទៅថាជា «ក្រុមឧស្សាហកម្មយោធា»(jungong pai) ឬ «ក្រុមបងធំឧស្សាហកម្មយោធា» (jungong bang)។ ពួកគេគឺជាមនុស្សបែបវិទ្យាសាស្ត្រ, ជាអ្នកជំនាញផ្នែកធ្វើជំនួញតាមប្រព័ន្ធអ៊ីនធឺណិត និងជាក្រុមមនុស្សដ៏ស្មោះត្រង់ដែលអាចជឿទុកចិត្តបាន ហើយបើនិយាយឱ្យខ្លី ពួកគេគឺជា «ជនកុម្មុយនីស្ត» និងជា «អ្នកជំនាញ» និងជាមេដឹកនាំដ៏មានគុណតម្លៃក្រោមការដឹកនាំរបស់លោក Xi។

ដូចនេះ ពួកគេនឹងដើរតួយ៉ាងសំខាន់សម្រាប់អនាគតរបស់ចិននៅក្នុងវិស័យគោលនយោបាយសំខាន់ៗចំនួន៣ ដែលរួមមានការអភិវឌ្ឍសេដ្ឋកិច្ច, វឌ្ឍនភាពបច្ចេកវិទ្យា និងទំនាក់ទំនងការបរទេស ជាពិសេសគឺទាក់ទងនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយអាមេរិក។ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បុគ្គលទាំងនេះគឺពិតជាមានលក្ខណៈស៊ីគ្នានឹងយុទ្ធសាស្ត្ររបស់លោក Xi ក្នុងការទប់ទល់ និងប្រើប្រាស់កម្លាំងទីផ្សារ ដើម្បីបម្រើនូវផលប្រយោជន៍របស់បក្ស ជាពិសេសគឺការរក្សាការកាន់កាប់អំណាចផ្តាច់មុខ។

វិស័យឧស្សាហកម្មយោធារបស់ចិនគឺជាវិស័យមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ និងត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងសកម្មភាពទីផ្សារបានយ៉ាងជោគជ័យ។ ក្រុមវិស្វករ-អ្នកគ្រប់គ្រងដែលបានប្រែក្លាយទៅជាអ្នកដឹកនាំនយោបាយ ត្រូវបានគេរំពឹងថានឹងនាំយកនូវបទពិសោធន៍ផ្នែកឧស្សាហកម្មយោធារបស់ពួកគេមកធ្វើការកែទម្រង់សេដ្ឋកិច្ចរបស់ចិន ឱ្យទទួលបានជោគជ័យទាំងក្នុងក្របខ័ណ្ឌស្ថិតិនិងក្នុងទីផ្សារ-សេដ្ឋកិច្ចសាជីវកម្ម។

ក្រុមបងធំផ្នែកឧស្សាហកម្មយោធានឹងក្លាយជាធនធានដ៏សំខាន់សម្រាប់មហិច្ឆតាបច្ចេកវិទ្យារបស់ចិន ជាពិសេសគឺគោលដៅនៃការធ្វើសមាហរណកម្មយោធា-ស៊ីវិល ពោលគឺការប្រើប្រាស់ភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា នៅក្នុងវិស័យស៊ីវិលមកជំរុញការអភិវឌ្ឍអាវុធសម្រាប់យោធាចិន។ នេះមិនមែនជាគំនិតថ្មីនោះទេ។

ដោយសារការដឹកនាំអស់រយៈពេលដ៏យូរ និងកង្វះទីផ្សារលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាព ឧស្សាហកម្មការពារជាតិរបស់ចិនបានជួបប្រទះនឹងបញ្ហាអស់រយៈពេលជាច្រើនទសវត្សរ៍ និងមិនអាចទាញយកប្រយោជន៍បានច្រើនបំផុតពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេស។ ក្រុមមេដឹកនាំដែលទើបនឹងលេចឡើងនេះនឹងមានឥទ្ធិពលក្នុងការជំរុញការផ្លាស់ប្តូរ។

ជាចុងក្រោយ ការស្វែងរកកំណើនសេដ្ឋកិច្ចនិងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យារបស់បុគ្គលទាំងនេះ ដែលរួមមានទាំងអាវុធទំនើបៗ អាចនឹងជះឥទ្ធិពលយ៉ាងធំធេងទៅលើទំនាក់ទំនងរបស់ចិនជាមួយពិភពលោក ជាពិសេសទាក់ទងនឹងការប្រកួតប្រជែងកាន់តែស៊ីជម្រៅរបស់ចិនជាមួយអាមេរិកនៅក្នុងផ្នែកយោធា។

ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ទេថា «តើពួកគេអាចពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្ររវាងកងទ័ពរំដោះប្រជាជនចិន (PLA) ជាមួយនឹងគណបក្សបានដែរឬទេ»។ លោក Xi បាន បញ្ជាក់កាលពីឆ្នាំ ២០១៤ ថា «គណបក្សគឺជាអ្នកបញ្ជាចុងកាណុងកាំភ្លើង» ក៏ប៉ុន្តែជារឿយៗ គណបក្សមិនបានដឹងទេថា «តើចុងកាណុងកាំភ្លើងកំពុងតែធ្វើអ្វី»។

រឿងនេះអាចនឹងមិនផ្លាស់ប្តូរនៅក្នុងពេលឆាប់ៗនេះទេ។ សូម្បីតែក្រោយការកាត់បន្ថយបុគ្គលិកយ៉ាងច្រើននៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ កងទ័ព PLA ដែលនៅតែជាយោធាដ៏ធំបំផុតរបស់ពិភពលោក និងនៅតែជាស្ថាប័នដ៏ធំសម្បើមដែលមិនងាយនឹងគ្រប់គ្រងនោះឡើយ។

ជាងនេះទៅទៀត ក្រុមកងទ័ពទាំងនោះក៏មានឯកសិទ្ធិផ្នែកនយោបាយផងដែរ ក្នុងនាមជាកងទ័ពរបស់បក្ស ហើយក៏មិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ការិយាធិបតេយ្យ និងអន្តរភ្នាក់ងារណាមួយដែរ។ ដូចគ្នានឹងក្រុមយោធាដទៃទៀតដែរ កងទ័ព PLA មិនសូវមានទំនោរចែករំលែកព័ត៌មាន និងតម្លាភាពនោះទេ។

ប្រាកដណាស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច, បច្ចេកវិទ្យានិងយោធារវាងអាមេរិកនិងចិននឹងបន្តកើនឡើងកាន់តែខ្លាំង។ បាឡុងរបស់ចិននៅលើទឹកដីអាមេរិកគឺជាព្រឹត្តិការណ៌ថ្មីបំផុតមួយនៅក្នុងការប្រកួតប្រជែងរាប់ទសវត្សរ៍រវាងមហាអំណាចទាំង ២ នេះ។ ក្រុមឧស្សាហកម្មយោធាដែលទើបនឹងលេចឡើងថ្មីនេះនឹងក្លាយកត្តាដ៏សំខាន់ដែលនឹងលាតត្រដាងអំពីរបៀបនៃការប្រកួតប្រជែងគ្នានៅថ្ងៃខាងមុខ៕

South China Morning Post

អត្ថបទទាក់ទង