ខ្មែរប៉ុស្ដិ៍ Close

ព្រះសង្ឈនិងប្រជាពលរដ្ឋគាំទ្រ ឱ្យមានការដាំដើមឈើឡើងវិញនៅជុំវិញតំបន់អង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 30
ព្រះសង្ឈនិងប្រជាពលរដ្ឋគាំទ្រ ឱ្យមានការដាំដើមឈើឡើងវិញនៅជុំវិញតំបន់អង្គរ ព្រះសង្ឈនិងប្រជាពលរដ្ឋគាំទ្រ ឱ្យមានការដាំដើមឈើឡើងវិញនៅជុំវិញតំបន់អង្គរ

នៅក្នុងឱកាសដាំស្មៅនិងដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម លើផ្ទៃដីសរុបជិត២ហិកតា ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE នាបរិវេណខាងជើងស្រះត្រពាំងសេស នៃរមណីយដ្ឋានអង្គរ។ ដើម្បីកែលម្អរដីទំនេរទាំងនោះ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់មានព័ណ៌បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់សាធារណៈជនទូទៅ។

ព្រះសង្ឈ និងយុវជនក្នុងនៅខេត្តសៀមរាប បង្ហាញការគាំទ្រ នៅពេលមានយុទ្ធការដាំដើមឈើ និងដាំស្មៅឡើងវិញ លើផ្ទៃដីដែលប្រជាពលរដ្ឋប្រគល់ជូនរដ្ឋ និងស្ម័គ្រចិត្តចាកចេញទៅរស់នៅលើទីតាំងថ្មីដែលរដ្ឋាភិបាលប្រគល់ជូន។

ក្នុងឱកាសនិមន្តចូលរួមក្នុងពិធីដាំកូនឈើ នាឱកាសនោះ ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ បានថេរដីការថា នេះមិនមែនជាលើកទី១ឡើយព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ ហើយព្រះអង្គពិតជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។ ព្រះអង្គមានថេរដីការទៀតថា សកម្មភាពទាំងនេះជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។

ចំណែកយុវតីទួន ជាលីល័យ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា ប្អូនពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។ កញ្ញាបន្តថា ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ វាបានជួយឱ្យគុណភាពជីវិតរបស់មនុស្សនិងសត្វល្អប្រស ដូច្នេះក្រៅពីតំបន់រមណីយដ្ឋានអង្គរ គួរតែមានការដាំដើមឈើឡើងវិញឱ្យបានច្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតីនៃយុទ្ធនាការខាងលើ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ ឯកឧត្តមបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ 

ឯកឧត្តមបញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក ជា វណ្ណៈ , ហាប់ គឹមអាន,ហ៊ុំ រិទ្ធី និងភោគ ជា

អត្ថបទទាក់ទង