កម្ពុជាកំពុងប្រឹងប្រែងឆ្ពោះទៅរកគោលនយោបាយការបរទេសឯករាជ្យ
នៅក្នុងការធ្វើជាប្រធានអាស៊ានជា លើកទី៣ នៅឆ្នាំ ២០២២ ការប្តេជ្ញាចិត្តផ្នែកការទូតរបស់ប្រទេសកម្ពុជាត្រូវបានធ្វើតេស្តដោយ សង្គ្រាមនៅអ៊ុយក្រែន, ចលាចលនយោបាយនៅមីយ៉ាន់ម៉ា, ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់, ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រកួតប្រជែងរវាងអាមេរិកនិងចិន។ ទោះបីជាមានបរិយាកាសមិនប្រាកដប្រជាក៏ពិតមែនក្តី ក៏ប្រទេសកម្ពុជាបានដឹកនាំអាស៊ានឆ្លងកាត់ បញ្ហាស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយនោះបានយ៉ាងរលូន ហើយនៅក្នុងចក្ខុវិស័យសម្រាប់ឆ្នាំ ២០២៣ វាក៏នឹងមានសភាពស្រួចស្រាល ស្រដៀងគ្នានេះពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជាផងដែរ ។
ដោយមានទីតាំងស្ថិតនៅចំបេះដូងរបស់តំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជានឹងបន្តឈរនៅកណ្តាលរវាងមហាអំណាចខាងក្រៅដើម្បីការពារអធិបតេយ្យខ្លួន និងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស និងសន្តិសុខដោយឯករាជ្យមួយ។ ប្រទេស ២ ដែលមានសារៈសំខាន់ខ្លាំងនៅក្នុងបរិការណ៍នេះ គឺជប៉ុននិងចិន ដោយសារតែតួនាទីរបស់ពួកគេនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
នៅដើមឆ្នាំ ២០២៣ ឧបនាយករដ្ឋមន្ត្រីកម្ពុជា ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចទៅបរទេសទៅកាន់ប្រទេសជប៉ុន ជាទីដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងបាន ពិភាក្សាអំពីវិធីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីដែលទើបនឹងត្រូវបានលើកកម្ពស់ឱ្យក្លាយទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២២ ឱ្យកាន់តែមានភាពស៊ីជម្រៅ។
ដោយគាប់ជួននឹងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុននៅឆ្នាំ ២០២២ ប្រទេសទាំងពីរកំពុងស្វះស្វែងលើកកម្ពស់ច្រកពិគ្រោះយោបល់របស់ពួកគេចាប់តាំងពីកម្រិតមន្ត្រីជាន់ខ្ពស់ ដល់កម្រិតឧបនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញនូវបំណងប្រាថ្នាក្នុងការចាប់ដៃជាមួយគ្នាធ្វើការឱ្យកាន់តែមានភាពស៊ីជម្រៅនៅចំពេលដែលភាពមិនប្រាកដប្រជាផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់កំពុងតែរីកធំឡើងៗ។
ទន្ទឹមនោះដែរ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមខែកុម្ភៈ ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងដើម្បីបញ្ជាក់សាជាថ្មីនូវមិត្តភាព «ដែកថែប» របស់ប្រទេសទាំងពីរ។
ក្រៅពីប្រទេសចិននិងជប៉ុន ទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយមហាអំណាចផ្សេងៗទៀត ក៏បានរួមបញ្ចូលនូវយុទ្ធសាស្ត្រឈរនៅកណ្តាលរបស់ខ្លួននេះផងដែរ។ ករណីនេះក៏បានរាប់បញ្ចូលទាំងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញទំនិញដ៏ធំបំផុតរបស់កម្ពុជា និងប្រទេសជាដៃគូយូរឆ្នាំ ដូចជាឥណ្ឌា និងអូស្ត្រាលី ខណៈដែលទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសទាំងនោះ កំពុងតែរីកលូតលាស់ ហើយក៏នៅមានឱកាសសម្រាប់ការធ្វើឱ្យប្រសើរឡើងជាច្រើនទៀតផង។
ការចាប់ដៃគ្នាធ្វើការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងនេះ មានគោលដៅដើម្បីធ្វើជាជម្រើសសម្រាប់កាត់បន្ថយហានិភ័យនិងថែរក្សាស្វ័យភាពនៃគោលនយោបាយការបរទេសកម្ពុជានៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែការប្រកាន់ជំហរកណ្តាលកំពុងតែត្រូវប្រឈមមុខនឹងបញ្ហាកាន់តែច្រើន ខណៈការប្រកួតប្រជែងរវាងអាមេរិកនិងចិនកំពុងតែបន្តកើនឡើង។
កម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនិងគោលនយោបាយពហុភាគីនិយម ដើម្បីជាផ្នែកមួយនៃ «គោលនយោបាយការបរទេសឯករាជ្យដោយផ្អែកទៅលើច្បាប់» របស់ខ្លួន។ សេចក្តីសម្រេចរបស់មហាសន្និបាតគណបក្សប្រជាជនកម្ពុជា និងសុន្ទរកថាជាបន្តបន្ទាប់របស់លោក ប្រាក់ សុខុន នៅក្នុងសភាជាតិសុទ្ធតែបានបង្ហាញការគាំទ្រចំពោះចំណុចខាងលើនេះ។
សរសរស្តម្ភនៃ «ឯករាជ្យ» ពិតជាបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តនូវគោលនយោបាយការបរទេសដែលមិនទទួលយកនូវការជ្រៀតជ្រែកពីខាងក្រៅដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនខ្លួននិងតំបន់។ កម្ពុជាបានអនុវត្តនូវឯករាជ្យភាពនិងភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ដើម្បីគ្រប់គ្រងទៅលើការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋជាសមាជិក នៅក្នុងអំឡុងឆ្នាំដ៏គ្មានសណ្តាប់ធ្នាប់បំផុតមួយរបស់អាស៊ាន។
សរសរស្តម្ភ «វិធានច្បាប់» បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធជាអចិន្ត្រៃយ៍មួយ ដូចអ្វីដែលមានចែងនៅក្នុងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញ។ វាក៏បានបង្ហាញនូវបំណងប្រាថ្នារបស់ទីក្រុងភ្នំពេញក្នុងការប្រកាន់ខ្ជាប់ជាមួយច្បាប់អន្តរជាតិដែលបណ្តារដ្ឋតូចៗ ដែលរួមមានទាំងកម្ពុជាខ្លួនឯងផងបានពឹងអាស្រ័យដើម្បីបន្តការរស់រាន។
សង្គ្រាមនៅអ៊ុយក្រែនគឺជាភស្តុតាងស្រាប់។ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ កម្ពុជាបានធ្វើជាសហប្រធានលើសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានច្រានចោលនូវការរំលោភបំពានលើអធិបតេយ្យរដ្ឋនិងការប្រើប្រាស់កម្លាំងពីសំណាក់រដ្ឋមួយដើម្បីប្រឆាំងនឹងរដ្ឋមួយទៀត។ ដោយហេតុថា កម្ពុជាមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី ការបោះឆ្នោតនៅអង្គការសហប្រជាជាតិរបស់កម្ពុជាដើម្បីប្រឆាំងនឹងការបន្តធ្វើសង្គ្រាមបនៅអ៊ុយក្រែនគឺពិតជាមានសភាពលេចធ្លោរ។
ជំហររបស់កម្ពុជា គឺមិនត្រូវបានកំណត់ដោយគំនិតនយោបាយនៃ «ការដើរតាមប្រវត្តិសាស្ត្រចាស់» នោះទេ។ ជាក់ស្តែង ជំហររបស់កម្ពុជាត្រូវបានជំរុញជាចម្បងដោយលក្ខខណ្ឌភូមិសាស្ត្ររបស់ខ្លួនក្នុងនាមជាប្រទេសតូចមួយ នៅចំកណ្តាលប្រទេសជិតខាងដែលមានទំហំធំជាង និងមានអំណាចជាង ហើយក៏ត្រូវបានបូកផ្សំនឹងប្រវត្តិសាស្ត្រដ៏តក់ស្លុតនៃការជ្រៀតជ្រែកពីខាងក្រៅផងដែរ។
វាក៏ជាជំនឿដ៏មុតមាំរបស់លោក ហ៊ុន សែន ក្រោយឆ្លងកាត់ជម្លោះសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍ផងដែរថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ហើយសន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់វឌ្ឍនភាពជាតិគ្រប់យ៉ាង»។
កម្ពុជាបានស្វះស្វែងដើម្បីបន្តរួមចំណែកផ្នែកមនុស្សធម៌ជាមួយបណ្តាប្រទេសដែលកំពុងតែហែកហួរទៅដោយសង្គ្រាម។ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង ៨ ៣០០ នាក់ទៅកាន់ប្រទេសចំនួន ៩ ចាប់តាំងពីឆ្នាំ ២០០៦ មក ហើយបច្ចុប្បន្នមានកងកម្លាំងចំនួន ៨០១ នាក់កំពុងឈរជើងនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៤។
ការចូលរួមនៅក្នុងបេសកម្មថែរក្សាសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិ គឺជាការបង្កើនការជួយជ្រោមជ្រែងផ្នែកមនុស្សធម៌ និងជាការលើកកម្ពស់ដល់សមត្ថភាពជួយសង្គ្រោះគ្រោះមហន្តរាយរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកម្ពុជា ហើយក៏ជាការបង្កើនការទុកចិត្តមកលើគោលនយោបាយការបរទេសរបស់ខ្លួនផងដែរ។
ដោយឈរលើគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ និងហេតុផលមនុស្សធម៌របស់ខ្លួន កម្ពុជាបានបណ្តុះបណ្តាលកងកម្លាំងដោះមីនអ៊ុយក្រែនមួយក្រុមដោយទទួលបានការគាំទ្រពីប្រទេសជប៉ុន។ កម្ពុជាក៏បានបង្ហាញចេតនារបស់ខ្លួនក្នុងការចែករំលែកនូវជំនាញនិងបទពិសោធន៍ដោះមីនរបស់ខ្លួនជាមួយប្រទេសទាំងអស់ដែលត្រូវការដែលរួមមានទាំងប្រទេសរុស្ស៊ីផងដែរ។
កិច្ចការទូតសេដ្ឋកិច្ចនឹងបន្តស្ថិតនៅជាចំណុចស្នូលនៅក្នុងគោលនយោបាយការបរទេសកម្ពុជា។ នៅឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួន (Economic Diplomacy Strategy 2021-2023)។
ចំណុចនេះបានដើរតួនាទីជាផែនការមេរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មចូលកាន់តែជ្រៅទៅក្នុងប្រព័ន្ធពាណិជ្ជកម្មតំបន់ និងសកល, ពង្រឹងជំហរសេដ្ឋកិច្ចសម្រាប់បដិវត្តឧស្សាហកម្មទី៤, បង្កើនការវិនិយោគ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ក៏ជាផ្នែកមួយនៃការធ្វើទំនើបកម្មកាន់តែទូលាយនៃគោលនយោបាយការបរទេសរបស់កម្ពុជាផងដែរ។
ទោះបីជាកម្ពុជាបានបញ្ចប់ការងារជាប្រធានអាស៊ានក៏ពិតមែន តែគោលនយោបាយការបរទេសរបស់កម្ពុជានឹងនៅតែបន្តផ្តោតទៅលើអាទិភាពចំនួន ៤ គឺ ការថែរក្សាអធិបតេយ្យនិងឯករាជ្យតាមរយៈការប្រកាន់ជំហរអព្យាក្រឹត, ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលនយោបាយពហុភាគីនិយម, ការគាំទ្រដល់សន្តិភាពសកលតាមរយៈអាស៊ាននិងយន្តការដឹកនាំដោយអង្គការសហប្រជាជាតិ និងការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ខ្លួន។ ចំណុចអាទិភាពទាំងនេះនឹងធ្វើឱ្យកម្ពុជាសម្រេចបាននូវ «គោលនយោបាយការបរទេសឯករាជ្យដោយផ្អែកទៅលើវិធានច្បាប់» របស់ខ្លួននៅក្នុងពិភពលោកពហុប៉ូលមួយ ដែលកាន់តែមានភាពមិនប្រាកដប្រជា៕
East Asia Forum