ខ្មែរប៉ុស្ដិ៍ Close

ប្រទេសឡាវកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៅក្នុងការឆ្ពោះចូលទៅឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 86
ប្រទេសឡាវកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៅក្នុងការឆ្ពោះចូលទៅឆ្នាំ ២០២៣ ប្រទេសឡាវកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៅក្នុងការឆ្ពោះចូលទៅឆ្នាំ ២០២៣

ប្រទេសឡាវបានទទួលរងនូវសម្ពាធផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងធ្ងន់នៅឆ្នាំ ២០២២ ហើយអត្ថបទពត៌មានដែលលេចធ្លោរបំផុតនៅក្នុងឆ្នាំនោះ គឺបំណុលពីខាងក្រៅដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសនេះ។ វាក៏មានរឿងដ៏គួរឱ្យកត់សម្គាល់ផងដែរ នៅឆ្នាំ ២០២២ ដោយសារឆ្នាំនេះគឺជាខួបទី ១០ ឆ្នាំនៃការបាត់ខ្លួនរបស់លោក Sombath Somphone ដែលជាអ្នកធ្វើការលើផ្នែកអភិវឌ្ឍន៍សហគមន៍ដែលបានផ្តល់នូវជម្រើសផ្សេងៗ ដើម្បីជំនួសឱ្យរបៀបវារៈអភិវឌ្ឍន៍ដែលបានផ្តោតតែទៅលើសេដ្ឋកិច្ចដែលបានធ្វើឱ្យប្រទេសឡាវធ្លាក់ចូលទៅក្នុងវិបត្តិបំណុល។

សូមអាន ប្រជានិយម និងភាពម៉ត់ចត់ដ៏តិចតួចរបស់នាយករដ្ឋមន្ត្រីឡាវថ្មី

អត្រាកំណើនសេដ្ឋកិច្ច ២,៥% គឺជាអត្រាទាបបំផុតទី២ ចាប់តាំងពីឆ្នាំ ១៩៨៨ និងជាអត្រាដែលស្ថិតនៅក្រោមការព្យាករទៅទៀត។ ការកើនឡើងនៃបំណុលសាធារណៈត្រូវគេព្យាករថា នឹងកើនលើសពី ១០០% នៃ GDP នៅត្រឹមចុងឆ្នាំនេះ។

ករណីនៃការកើនឡើងខាងលើនេះក៏បានកើតមានឡើងដំណាលគ្នាជាមួយនឹងការធ្លាក់ថ្លៃយ៉ាងគំហុកនៃរូបិយបណ្ណជាតិ ប្រាក់ Kip និងការកើនឡើងនៃអត្រាអតិរផណា ពីចំនួនក្រោម ២% កាលពីឆ្នាំ ២០២១ ដល់ចំនួន ៣៧% នៅខែតុលា ឆ្នាំ ២០២២។

នៅក្នុងកម្រិតម៉ាក្រូសេដ្ឋកិច្ច ប្រទេសឡាវ ចាំបាច់ត្រូវតែស្វែង រកដំណោះស្រាយ សម្រាប់បញ្ហាបំណុលដែលកំពុងរីកធំឡើងរបស់ខ្លួន។

ការសម្រេចចិត្តរបស់ប្រទេសចិនគឺពិតជាមានភាពចាំបាច់ ដោយសារតែប្រទេសចិនជាម្ចាស់នៃបំណុលចំនួនជាងពាក់ កណ្តាលរបស់ឡាវ។ ប៉ុន្តែគេក៏បានលឺនូវពាក្យចចាមអារ៉ាមនៅក្នុងរង្វង់រដ្ឋាភិបាលឡាវផងដែរថា ប្រទេសចិននឹងផ្តល់មធ្យោបាយដើម្បីឱ្យប្រទេសនេះជៀសផុតពីការគ្មានប្រាក់សងបំណុល។

ទំនាក់ទំនងរវាងចិននិងឡាវកំពុងតែត្រូវបានគេបន្តពង្រឹងនៅក្នុងឆ្នាំ ២០២២ ដោយប្រធានាធិបតីឡាវ Thongloun Sisoulith បានទៅ បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែធ្នូដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីថ្មីៗជាច្រើន និងដើម្បីពង្រឹង «អនាគតរួមគ្នា» រវាងប្រទេសទាំងពីរ។

ការធ្វើដំណើររបស់ពលរដ្ឋក៏បានចាប់ផ្តើមស្របពេលនៃការដាក់ឱ្យដំណើរការនៃផ្លូវដែកល្បឿនលឿនរវាងប្រទេសចិន និងឡាវផងដែរ។ ខណៈការអូសបន្លាយលើការបិទខ្ទប់ដោយសារវិបត្តិជំងឺកូវីដ-១៩ បានកាត់បន្ថយការធ្វើដំណើរឆ្លងកាត់ព្រំដែននៅប្រទេសចិន ផ្លូវដែកល្បឿនលឿននេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសឡាវ ដោយសំបុត្រធ្វើដំណើរតែងតែត្រូវបានលក់អស់មុនថ្ងៃចេញដំណើរជាច្រើនថ្ងៃ។

ការធ្វើដំណើរក្នុងស្រុកនឹងមិនធ្វើឱ្យគម្រោងនោះទទួលបានប្រសិទ្ធផលផ្នែកហិរញ្ញវត្ថុនោះទេ ពោលគឺមានតែការតភ្ជាប់ជាមួយចិន និងថៃទេដែលអាចផ្តល់ប្រសិទ្ធផលផ្នែកហិរញ្ញវត្ថុពីគម្រោងនេះបាន។ តែផ្លូវដែកនេះក៏បានផ្តល់នូវភាពរំភើបចិត្តខ្លះៗនៅក្នុងឆ្នាំដ៏លំបាកនេះផងដែរ។

ឡាវនឹងស្វះស្វែងដើម្បីផ្តល់តុល្យភាពសម្រាប់ការចាប់ដៃគ្នាធ្វើការជាមួយគ្នាកាន់តែខ្លាំងឡើងជាមួយចិន ក៏ដូចជានឹងបង្កើនការប្តេជ្ញាចិត្តជាមួយប្រទេសជាដៃគូទ្វេភាគីសំខាន់ៗផ្សេងៗទៀត។ អ្វីដែលជាចំណុចសំខាន់នៅក្នុងការស្វែងរកតុល្យភាពនេះ គឺប្រទេសវៀតណាម ដោយឆ្នាំ ២០២២ នេះ គឺជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងឡាវ និងវៀតណាម និងខួបទី ៤៥ នៃសន្ធិសញ្ញាមេត្រីភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។

នៅក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំនៃសាមគ្គីភាពនិងមិត្តភាពវៀតណាម-ឡាវនោះ ធនាគារពិភពលោកក៏បានប្តេជ្ញាចិត្តផ្តល់ថវិកាចំនួន ១៣២ លានដុល្លារអាមេរិកដើម្បីផ្តល់មូលនិធិដល់ការកែលម្អផ្លូវជាតិលេខ២ របស់ឡាវដែលកំពុងតែដើរតួរជាច្រកសេដ្ឋកិច្ចទិសខាងកើត-ទិសខាងលិចដ៏ចម្បងមួយដែលបានតភ្ជាប់ប្រទេសថៃ, ឡាវ និងវៀតណាម។

បច្ច័យដែលបង្កឡើងដោយបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចនេះបានរីកសាយភាយ និងបង្កផលប៉ះពាល់ជាអវិជ្ជមានមកលើជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋតាមរយៈការកើនឡើងនៃការចំណាយប្រចាំថ្ងៃ, ការខ្វះប្រេងឥន្ធនៈ និងការរាំងស្ទះនៃការចំណាយរបស់ពលរដ្ឋលើផ្នែកសុខភាពនិងការអប់រំ។ អត្រាបទល្មើសក៏បានកើនឡើងផងដែរ បើទោះបីជាមូលហេតុចម្បងសម្រាប់បញ្ហានេះ គឺកើតចេញពីកំណើននៃការចរាចរណ៍ថ្នាំញៀនមេតំហ្វេតាមីន ក៏ពិតមែនក្តី។ ករណីខាងលើនេះក៏មានជាប់ពាក់ព័ន្ធទៅនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាសទៀតផង។

នៅឆ្នាំ ២០២២ អ្នកជួញដូរថ្នាំញៀនប្រមាណ ៤០០ នាក់ ត្រូវបានចាប់ខ្លួននៅខេត្ត Bokeo ដែលជាទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសត្រីកោនមាសនោះ និងមានការរឹបអូសថ្នាំញៀនមេតំហ្វេតាមីន ចំនួន ២៣ លានគ្រាប់, ថ្នាំទឹកកកគ្រីស្តាល់ (Crystal ice) ចំនួន ៨៦៦ គីឡូក្រាម និងថ្នាំញៀនហេរ៉ូអ៊ីន (Heroin) ចំនួន ៦០ គីឡូក្រាម។ ការជាប់បំណុល និងការជួញដូរមនុស្ស ក៏បានកើតមានឡើងនៅក្នុងតំបន់នោះដែរ ដោយមានពលរដ្ឋមកពីប្រទេស India, Pakistan, Malaysia, Kenya និង Burundi ត្រូវបានគេជួយសង្គ្រោះ ចេញពីបណ្តាញជួញដូរមនុស្សនៅទូទាំងប្រទេសឡាវ។

ប៉ុន្តែអ្វីដែលគួរឱ្យចម្លែកនោះគឺនៅខែតុលា រដ្ឋាភិបាលឡាវបានផ្តល់រង្វាន់ដល់ «ប្រធានគ្រប់គ្រង» ដ៏ល្បីឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស គឺលោក Zhao Wei នូវមេដាយក្លាហាន (Medal of Bravery) ចំពោះការរួមចំណែករបស់គាត់ដល់ការការពារជាតិ និងការពារសន្តិសុខសាធារណៈ។

នៅក្នុងដែននយោបាយវិញ ប្រទេសឡាវនៅតែបន្តស្ថិតនៅក្នុងលំដាប់ប្រទេសដែលមានចំណាត់ថ្នាក់ទាបសម្រាប់សន្ទស្សន៍នៃសេរីភាពនិងតម្លាភាពអន្តរជាតិ។ គេក៏បានធ្វើការផ្លាស់ប្តូរមុខតំណែងជាន់ខ្ពស់របស់មន្ត្រីមួយចំនួននៅក្នុងគណបក្សក្រោយវិបត្តិសេដ្ឋកិច្ចកាន់តែរីកធំទៅៗ និងមានការអំពាវនាវឱ្យមានការបង្កើនកំណើនសេដ្ឋកិច្ចបែបបៃតង។

ឆ្នាំនេះគេក៏បានប្រទះឃើញនូវការស្លាប់របស់ត្រីផ្សោតចុងក្រោយនៅទន្លេមេគង្គនៅក្នុងប្រទេសឡាវ ហើយគេក៏បន្តមានកង្វល់ពាក់ព័ន្ធនឹងបច្ច័យដែលបង្កឡើងដោយទំនប់ទឹកនៅខ្សែទឹកខាងលើនៃទន្ល មេគង្គមកលើបណ្តាពូជសត្វដែលងាយរងគ្រោះ និងជិតផុតពូជផងដែរ។

គេក៏បានអំពាវនាវផងដែរឱ្យមានការបង្កើតការងារបន្ថែមទៀត។ របាយការណ៍អភិវឌ្ឍន៍មនុស្សលើកទី៦ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិដែលបានចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២២ បានផ្តោតទៅលើសំណួរដែលថា «តើការវិនិយោគអ្វីដែលគួរតែត្រូវបានធ្វើឡើងដើម្បីបង្កើនការរួមចំណែករបស់យុវជនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ផ្តល់កាលានុវត្តភាព និងគាំទ្រដល់សិទ្ធិអំណាចនៃការរស់នៅ»។

ការអំពាវនាវផ្តល់សិទ្ធិអំណាចដល់យុវជននេះ គឺជាការបន្តនូវគំនិតរបស់លោក Sombath Somphone ដែលបានលះបង់សូម្បីតែជីវិតរបស់គាត់ដើម្បីផ្តល់សិទ្ធិអំណាចដល់យុវជន ហើយការងាររបស់គាត់ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ថាពិតជាបាននាំយកមកនូវផលប្រយោជន៍ច្រើនដល់សហគមន៍ក្រីក្រ។

ឡាវមិនបានធ្វើឱ្យមានវឌ្ឍនភាពលើការស៊ើបអង្កេតក្នុងករណីបាត់ខ្លួនរបស់គាត់នោះទេ។ អ្វីដែលជាបញ្ហានោះគឺថាជោគជ័យរបស់លោក Sombath ពិតជាបានបង្កការគំរាមកំហែងដល់ការកេងប្រវញ្ចរបស់ឥស្សរជន និងម៉ូដែលអភិវឌ្ឍបែបទាញយកធនធានធម្មជាតិ ដែលបានជួយបង្កើនទ្រព្យសម្បត្តិយ៉ាងច្រើនដល់ឥស្សរជន។

ចាប់តាំងពីមានការបាត់ខ្លួនរបស់ លោក Sombath នៅឆ្នាំ ២០១២ មក គេក៏បានប្រទះឃើញមានករណីបាត់ខ្លួនមនុស្សជាច្រើនទៀតផងដែរ ដែលរួមមានទាំងសកម្មជននយោបាយថៃចំនួន ៤ នាក់, សមាជិក ៤ នាក់របស់ក្រុមជនភាគតិច Hmong ក៏ដូចជាជនជាតិឡាវ លោក Od Sayavong នៅក្នុងប្រទេសថៃនៅឆ្នាំ ២០១៩ ផងដែរ។ អំពើហិង្សាមកលើអ្នកកាន់សាសនាគ្រឹស្តក៏បានបន្តកើតមាន ដែលរួមមានទាំងការរាយការណ៍អំពីការធ្វើឃាដគ្រូគង្វាលផងដែរ។

នៅពេលឆ្នាំ ២០២២ ជិតផុតនោះ គេបានមើលឃើញនូវភាពមិនច្បាស់លាស់ច្រើនថា តើនឹងមានអ្វីថ្មីទៀតនឹងបន្តកើតមានឡើងសម្រាប់ប្រទេសឡាវ។

បញ្ហាប្រឈមសេដ្ឋកិច្ចដែលឡាវ កំពុងជួបប្រទះនោះ មិនបានបង្ហាញថា ម៉ូដែលអភិវឌ្ឍន៍បែបបង្កើនប្រាក់បំណុល, ការទាញយកធនធានធម្មជាតិ និងផ្តោតតែទៅលើកំណើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះនឹងមានការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់ណាមួយនោះទេ។ ឆ្នាំថ្មីនេះ ទំនងជានឹងនាំយកមកនូវទុក្ខលំបាកបន្តទៀត ដល់អ្នកដែលបានបាត់បង់ការងាររបស់គេនៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ និងកំពុងតែប្រឈមមុខនឹងបញ្ហានៃការកើនឡើងនូវការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃ។

ប្រសិនបើគេគិតឡើងវិញនូវចំណុចអាទិភាពនៃការអភិវឌ្ឍនៅក្នុងប្រទេសឡាវនោះ គេនឹងឃើញមានតែវិបត្តិសេដ្ឋកិច្ចជាតិ និងខួប ១០ ឆ្នាំនៃការបាត់ខ្លួនរបស់លោក Sombath Somphone តែប៉ុណ្ណោះ៕

East Asia Forum

អត្ថបទទាក់ទង