ខ្មែរប៉ុស្ដិ៍ Close

រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តបាត់ដំបង នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 78
រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តបាត់ដំបង នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅខេត្តបាត់ដំបង នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង គឺជារោងចក្រ ដែលត្រូវសម្ពោធដាក់ឱ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការនៅថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេច​គតិ​ព្រឹត្ត​បណ្ឌិត​។ ​

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន នេះត្រូវបានសង់នៅលើទីតាំងដែលមានផ្ទៃដីសរុបទំហំ ៣១៦ ហិកតា និងប្រើរយៈពេលសាងសង់ចំនួន ១៨ខែ គិតចាប់តាំងពីចុងឆ្នាំ ២០១៦ ក្នុងគម្រោងទុនវិនិយោគ ប្រមាណ ២៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។

រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីតធីត គឺជារោងចក្រដ៏ធំមួយដែលមានបច្ចេកវិទ្យាទំនើប មានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ៥,០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុននឹងផលិតស៊ីម៉ងត៍ចំនួនពីរប្រភេទ គឺនិមិត្តិសញ្ញាខនស៍ ពណ៌ក្រហម និងខនស៍ ពណ៌ខៀវ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃមានរោងចក្រស៊ីម៉ងត៍ចំនួន៤ កំពុងដំណើរការ ដែលមានសមត្ថភាពផលិតសរុបប្រមាណជិត៧លានតោនក្នុងមួយឆ្នាំ។
រោងចក្រទីមួយគឺ រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅ ស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លាន តោនក្នុងមួយឆ្នាំ។
រោងចក្រទីពីរគឺ រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd)
មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លាន តោនក្នុងមួយឆ្នាំ។
រោងចក្រទីបីគឺ រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ ហើយដែលបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។
រោងចក្រទីបួនគឺរោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ដែលនឹងសម្ពោធដាក់ឱ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការនៅថ្ងៃស្អែកនេះ។

អត្ថបទ៖ លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល

អត្ថបទទាក់ទង