ខ្មែរប៉ុស្ដិ៍ Close

តើវៀតណាមកំពុងបែងចែកមិនដាច់ឬ រវាងបញ្ហាដែលថា តើខ្លួនត្រូវផ្តោតលើការការពារដែនដី និងដែនសមុទ្រ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 73
តើវៀតណាមកំពុងបែងចែកមិនដាច់ឬ រវាងបញ្ហាដែលថា តើខ្លួនត្រូវផ្តោតលើការការពារដែនដី និងដែនសមុទ្រ? តើវៀតណាមកំពុងបែងចែកមិនដាច់ឬ រវាងបញ្ហាដែលថា តើខ្លួនត្រូវផ្តោតលើការការពារដែនដី និងដែនសមុទ្រ?

វៀតណាមគឺជាប្រទេសដែលមានទីតាំងដ៏ល្អឥតខ្ចោះទាំងនៅតាមផ្លូវគោក និងផ្លូវសមុទ្រ។ ទឹកដីរបស់វៀតណាមលាតសន្ធឹងតាមឆ្នេរសមុទ្រភាគខាងលិចនៃសមុទ្រចិនខាងត្បូង ដោយបានពាំនាំមកនូវសកម្មភាពជាច្រើនរបស់មនុស្សទាំងនៅលើដី និងនៅលើសមុទ្រ។

រឿងរ៉ាវទាក់ទងនឹងដើមកំណើតនៃក្រុមជនជាតិដើមវៀតណាមត្រូវបានគេលើកឡើងថា «សហគមន៍នេះគឺជាកូនចៅដែលមានឪពុកមកពីតំបន់សមុទ្រ និងម្តាយមកពីតំបន់ភ្នំ»។ ពាក្យវៀតណាមសម្រាប់ «ប្រទេស» (dat nuoc) មានរួមបញ្ចូលគ្នានូវពាក្យ «ដី» (dat) និង«ទឹក» (nuoc)។

កាលពីពេលថ្មីៗនេះ បញ្ហាទាក់ទងនឹងសមុទ្រនិងដីគោក ត្រូវបានគេលើកយកមកពិភាក្សាពាក់ព័ន្ធនឹងយុទ្ធសាស្ត្រការពារជាតិដ៏ធំរបស់វៀតណាម។ ជាមួយនឹងការជ្រើសរើសយកផ្នែកទ្វីប លោក Khang Vu បានអះអាងថា «វៀតណាមចាំបាច់ត្រូវផ្តោតលើដីគោកដើម្បីសន្តិសុខរបស់ខ្លួន» ប៉ុន្តែទស្សនៈនេះត្រូវបានជំទាស់ដោយលោក Euan Graham, លោក Bich Tran និងលោក Nguyen The Phuong ដែលបានប្រកែកថា «ការផ្តោតលើដែនសមុទ្រគឺមានសារៈសំខាន់ជាងសម្រាប់សន្តិសុខរបស់វៀតណាម»។

«តើវៀតណាមគួរផ្តោតអាទិភាពលើដីគោក ឬសមុទ្រ ដើម្បីបុព្វហេតុសន្តិសុខរបស់ខ្លួន?»

នេះមិនមែនជាសំណួរដែលងាយស្រួលឆ្លើយនោះទេ។ ការជជែកវែកញែកបាននាំមកនូវការភ័ន្តច្រឡំ និងភាពច្របូកច្របល់ដោយសារវាមិនមានការញែកចេញពីគ្នាឱ្យដាច់រវាងយុទ្ធសាស្ត្រដ៏ធំ (Grand Strategy) និងយុទ្ធសាស្ត្រការពារជាតិ (Defense Strategy)។

យុទ្ធសាស្ត្រដ៏ធំ (Grand Strategy) ផ្តោតលើការកំណត់គោលដៅខ្ពស់ៗ និងវិធីសាស្ត្ររួមសម្រាប់យុទ្ធសាស្ត្រការពារជាតិដែលនឹងនាំមកនូវការកំណត់វិធីសាស្ត្រ និងមធ្យោបាយជាក់លាក់ក្នុងការការពារនូវផលប្រយោជន៍ និងគុណតម្លៃដែលត្រូវបានកំណត់ដោយយុទ្ធសាស្ត្រដ៏ធំ។ ខណៈពេលដែលយុទ្ធសាស្រ្តដ៏ធំមានរួមបញ្ចូលនូវការតម្រង់ទិសនយោបាយសេដ្ឋកិច្ច និងកិច្ចការការទូតរបស់ប្រទេសយុទ្ធសាស្រ្តការពារជាតិផ្តោតតែទៅលើការអភិវឌ្ឍ និងការរៀបចំកងកម្លាំងយោធា និងទាហានប៉ារ៉ា។

អត្ថបទថ្មីៗមួយបានលើកហេតុផលថា «ផ្ទុយពីការអះអាងរបស់លោក Khang Vu ជម្រើសរវាងដីគោក និងសមុទ្រ មិនដែលជាប្រធានបទនៃការសម្រេចចិត្តនោះទេ ហើយក៏មិនមែនជាជម្រើសដ៏ពិតប្រាកដដែរ នៅក្នុងវិស័យការពារជាតិរបស់វៀតណាមទាំងនៅក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគតដ៏ខ្លីខាងមុខ»។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាដី-សមុទ្រអាចជួយឱ្យគ្រប់គ្នាអាចស្វែងយល់អំពីនិន្នាការរយៈពេលវែងមួយចំនួន ទាក់ទងនឹងបរិយាកាសយុទ្ធសាស្ត្ររបស់វៀតណាម និងជម្រើសដែលឥស្សរជនវៀតណាមធ្លាប់បានជ្រើសរើស ដោយផ្អែកលើយុទ្ធសាស្ត្រដ៏ធំរបស់ពួកគេ។

ជាមួយនឹងភូមិសាស្ត្ររបស់វៀតណាម យុទ្ធសាស្ត្រយោធា ដ៏ជោគជ័យត្រូវតែចាត់ទុកដីគោកនិងសមុទ្រជាអាណាចក្រ ២ ដែលបំពេញអោយគ្នាទៅវិញទៅមក ដោយមិនអាចផ្តោតទាំងស្រុងតែទៅលើផ្នែកមួយណានោះទេ។ ជាក់ស្តែង Dai Viet ដែលមានមូលដ្ឋាននៅតំបន់ដីសណ្ដរ Tonkin ត្រូវការពារប្រឆាំងនឹងការវាយប្រហារក្នុងពេលដំណាលគ្នាទាំងនៅផ្នែកដីគោក និងសមុទ្រពីសំណាក់ជនជាតិភាគខាងជើង (ចិន និងម៉ុងហ្គោល) ឬភាគខាងត្បូង (ចាម)។

ដោយសារសមុទ្របានផ្តល់ភាពងាយស្រួលដល់រដ្ឋធានី Viet ការប្រយុទ្ធយ៉ាងស្វិតស្វាញរបស់ Dai Viet ប្រឆាំងនឹងការឈ្លានពានរបស់ចិននិងម៉ុងហ្គោល ភាគច្រើនបានកើតឡើងនៅមាត់ទន្លេ Bach Dang ក៏ប៉ុន្តែ Dai Viet មិនដែលព្រងើយកន្តើយចំពោះផ្លូវគោកដែលភ្ជាប់ទៅកាន់ព្រំដែនចិនឡើយ។

ក្នុងអំឡុងសង្គ្រាមវៀតណាម ផ្ទុយទៅនឹងការលើកឡើងរបស់លោក Vu អ្នកយុទ្ធសាស្រ្តវៀតណាមខាងជើងក៏បានយល់អំពីសារៈសំខាន់របស់សមុទ្រផងដែរ បើទោះបីជាការវាយលុករបស់ពួកគេភាគច្រើនបានកើត ឡើងតែនៅលើដីគោកក៏ដោយ។

នៅនិទាឃរដូវឆ្នាំ ១៩៧៥ ឧត្តមសេនីយ៍ Vo Nguyen Giap ដែលតែងសង្កត់ធ្ងន់លើគុណតម្លៃយោធា និងសេដ្ឋកិច្ចនៅសមុទ្រចិនខាងត្បូង បានបញ្ជាឱ្យកងកម្លាំងប្រតិបត្តិការពិសេសវៀតណាមខាងជើងទៅចុះចតនៅលើកោះដែលកាន់កាប់ដោយវៀតណាមខាងត្បូង នៅតំបន់ Spratly ឱ្យបានមុនប្រទេសចិន។

សព្វថ្ងៃនេះ ដែនសមុទ្រនិងដីគោកគឺជាមូលដ្ឋានយុទ្ធសាស្ត្រតែមួយគត់នៅក្នុងតំបន់អាស៊ី។ សម្រាប់វៀតណាម ការគំរាមកំហែងផ្នែកយោធាដែលទំនងបំផុត អាចមានប្រភពមកពីប្រទេសចិន ក៏ប៉ុន្តែវាទំនងជាមិនមែនជាការវាយប្រហារផ្នែកដីគោកយ៉ាងពេញទំហឹងនៅតាមព្រំដែននោះទេ ហើយក៏ទំនងជាមិនមែនជាការវាយប្រហារតាមសមុទ្រវៀតណាមនោះដែរ។ ការឈ្លានពានក្នុងទម្រង់បែបនេះអាចនឹងត្រូវបានអនុវត្តលើកោះតៃវ៉ាន់ ជាជាងលើប្រទេសវៀតណាម។

គោលបំណងចម្បងរបស់ចិនក្នុងការវាយលុកវៀតណាមមិនមែនដើម្បីដណ្តើមកាន់កាប់លើទឹកដីវៀតណាមមួយភាគធំនោះទេ ក៏ប៉ុន្តែដើម្បីផ្តល់នូវមេរៀនខ្លះដល់វៀតណាមក៏ដូចជាដល់បណ្តាប្រទេសអាស៊ីផ្សេងទៀត និងសហរដ្ឋអាមេរិក។ វាអាចទៅរួចដែលថា «ប្រទេសចិនអាចនឹងមានបំណងចង់បានទីតាំងយុទ្ធសាស្ត្រមួយចំនួនដែលទំនងជានៅសមុទ្រចិនខាងត្បូង»។

មេរៀនអាចត្រូវបានផ្តល់ជូនក្នុងទម្រង់ជាការឡោមព័ទ្ធ ឬការឈ្លានពាននៅតាមច្រកព្រំដែនវៀតណាមដែលស្ថិតនៅជាប់សមុទ្រចិនខាងត្បូង ក៏ដូចជាការបិទច្រកផ្លូវអាកាសនិងផ្លូវសមុទ្រសំខាន់ៗរបស់វៀតណាម ឬ ការវាយប្រហារចំគោលដៅសំខាន់ៗមួយចំនួន។ បើទោះបីជាវាអាចនឹងវិវឌ្ឍទៅជាសង្រ្គាមទ្រង់ទ្រាយធំក៏ដោយ ក៏វានឹងមានលក្ខណៈជាប្រតិបត្តិការពហុវិស័យ ដោយក្នុងនោះកងកម្លាំងដីគោក, ដែនសមុទ្រ, ដែនអាកាស, លំហរ និងកងម្លាំងនៅក្នុងប្រព័ន្ធអ៊ីនធឺណិត នឹងត្រូវបានប្រើប្រាស់រួមបញ្ចូលគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងនយោបាយ។

ក្នុងសង្រ្គាមតាមបែបទំនើបនេះ វៀតណាមត្រូវតែជៀសវាងពីការផ្តោតតែទៅលើដីគោក និងសមុទ្រ។ ផ្ទុយទៅវិញ វៀតណាមត្រូវតែបង្កើនការវិនិយោគលើការការពារដែនអាកាស, កាំភ្លើងធំ និងកាំជ្រួច, យានជំនិះគ្មានមនុស្សបើក (ទាំងនៅផ្ទៃអាកាស, ផ្ទៃទឹក និងក្រោមទឹក) បូករួមនឹងសមត្ថភាពក្នុងការធ្វើសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត និងអេឡិចត្រូនិក ក៏ដូចជាការប្រមែរប្រមូលមូលធនសំខាន់ៗ ដូចជាទឹកចិត្តប្រយុទ្ធ និងការគាំទ្រពីអន្តរជាតិ។

ដីគោកនិងសមុទ្របានក្តាយជាកត្តាកំណត់ភូមិសាស្ត្រនិងប្រវត្តិសាស្ត្ររបស់វៀតណាម ក៏ប៉ុន្តែការផ្តោតតែទៅលើដីគោកនិងសមុទ្រ នឹងមិនអាចនាំមកនូវការកំណត់ជម្រើសយុទ្ធសាស្ត្រពិតប្រាកដនៅក្នុងវិស័យការពារជាតិរបស់វៀតណាមនោះទេ។ វាពិតជាមានទំនាក់ទំនងទៅវិញទៅមករវាងយុទ្ធសាស្ត្រការពារជាតិ និងយុទ្ធសាស្ត្រដ៏ធំ ក៏ប៉ុន្តែទំនាក់ទំនងនេះទាមទារឱ្យមានការពិចារណានិងការយកចិត្តទុកដាក់ខ្ពស់៕

The Diplomat