ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 77
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ

ជាអំណរក្រៃលែងសម្រាប់ពលរដ្ឋខេត្តក្រចេះនៅដើមឆ្នាំ២០២៣នេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់នូវចំណងដៃដ៏ពិសិដ្ឋ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីដោះស្រាយការលំបាក ការធ្វើដំណើរប្រចាំថ្ងៃ។ នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏សម្បើមសម្រាប់អ្នកខេត្តក្រចេះ ដែលមិនធ្លាប់មាននោះឡើយ។

ស្ពានឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ គឺជាសមិទ្ធផលកើតចេញពីការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលចិន។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ។ មកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយ។
  3. សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា សមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣នេះ គឺជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏កំពុងរកឥណទាន ដើម្បីសាងសង់ផ្លូវមួយខ្សែត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេសបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលស្ពានត្រូវបានដាក់ឱ្យប្រើប្រាស់ ការលំបាករបស់ប្រជាពលរដ្ឋត្រូវកាត់បន្ថយ។ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសង់ស្ពាននេះ។
  10. សម្តេចតេជោ ហ៊ុន សែន រំពឹងថា សម្តេចបានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិន នឹងសម្រេចលើកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត រួមមានផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងបាវិតជាដើម។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះ ជាខេត្តមួយត្រូវប៉ាន់សម្រាប់ឆ្នាំថ្មី លើហេដ្ឋារចនាសម្ព័ន្ធ។
  12. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវក្នុងខេត្តក្រចេះប្រមាណ ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ, ផ្លូវលេខ ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ, ផ្លូវលេខ២៧៧ ពីសណ្តាន់ ទៅសង្គម, និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ប្រជាពលរដ្ឋខេត្តក្រចេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកាលពីខែមិថុនា ឆ្នាំ២០២២។ សម្តេចតេជោ សង្ឃឹមមុតមាំថា អ្នកខេត្តក្រចេះ នឹងទៅតែបន្តបោះឆ្នោតគាំទ្របក្សប្រជាជននៅខែកក្កដា ឆ្នាំ២០២៣។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្របក្សប្រជាជន គឺគាំទ្រដល់ដំណើរសន្តិភាព។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងមិនមែនជាដៃគូបក្សប្រជាជន ហើយក៏គ្មានឱកាសដឹកនាំរាជរដ្ឋាភិបាលនោះឡើយ។
  16. សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានឹងទទួលបានអ្នកទេសចរចិន ២លាននាក់ឡើងវិញ ក្រោយពេលចិនបើកឱ្យពលរដ្ឋចេញក្រៅប្រទេស។
  17. សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការសាងសង់ស្ពានឆ្លងទន្លេមេគង្គ នឹងទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុនសាងសង់ ក៏ដូចជាអាជ្ញាធរ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងគ្មានអ្វីមករំខានដល់ដំណើរការសាងសង់ស្ពានឆ្លងទន្លេមេគង្គនោះឡើយ ហើយនឹងរួចរាល់តាមការគ្រោងទុក។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រឹងប្រែងលើការងារសាងសង់ ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ។
  20. សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់កើតចេញពីគម្រោងសាងសង់នានា។
  21. សម្តេចតេជោ ហ៊ុន សែន ថ្លែងអបអរសាទរជាមួយគ្រូ និងសិស្ស ដែលចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃនេះ។
  22. សម្តេចតេជោ ហ៊ុន សែន រំពឹងថា គ្រូ និងសិស្ស នឹងមានសុវត្ថិភាពពីជំងឺកូវីដ-១៩។
  23. សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
  24. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃការអភិរក្សសត្វផ្សោត។
  25. សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជា កំពុងរីករាយនឹងកំណើតសេដ្ឋកិច្ចជាង ៥ភាគរយនៅឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ ចំណូលគយ ២៦៩០លានដុល្លារ (ស្មើ១០៤,៩៤%) និងពន្ធដារ ៣៤៥៥លានដុល្លារ (ស្មើ១២២,៥២%) ដែលសរុបចំណូលមានចំនួន ៦១៤៥លានដុល្លារ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព បានធ្វើឱ្យពលរដ្ឋដើរលេងកម្សាន្តឆ្លងឆ្នាំយ៉ាងរីករាយ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យរួមគ្នាការពារសន្តិភាព ព្រោះនៅមានជនប៉ុនប៉ងបំផ្លាញ។
  27. សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនារីមានទំនាក់ទំនងនឹងលោក ហ៊ុន ជា ដកខ្លួនចេញ។ សម្តេចតេជោ ហ៊ុន សែន សួរទៅលោក ហ៊ុន ជា ចង់បន្តពាក់ផ្កាយ ឬចង់អស់ផ្កាយ៕

Fresh News

អត្ថបទទាក់ទង