អ្នកស្រុកអង្គរចំនួន ១៣៨គ្រួសារ ទទួលបានការអនុញ្ញាតឱ្យសាងសង់ និងជួសជុលសំណង់ស្រាលក្នុងខែឧសភា
សៀមរាប៖ ក្នុងអំឡុងពេលខែឧសភានេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង ៥ក្រុម នៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន ១៣៨ករណី រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន ១៦ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន ១៣ករណី ស្រុកពួក អនុញ្ញាតបានចំនួន ៤៧ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន ៥៣ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន ០៩ករណី។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលរដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដ និងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ/សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិកា និងផ្តល់ស័ង្កសីសម្រាប់ប្រក់ដំបូលដល់ក្មេងកំព្រា បីនាក់បងប្អូន នៅភូមិគោកស្នូល ឃុំខ្នាត ស្រុកពួក និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋចំនួន បីគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនៅភូមិភ្លង់ និងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ និងមួយគ្រួសារ ទៀតស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។
គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលគ្របដណ្តប់លើផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាច ការដោះស្រាយបញ្ហាប្រឈមនានា ការលើកកម្ពស់សុខុមាលភាពមាតា និងទារក ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា៕