ខ្មែរប៉ុស្ដិ៍ Close

តំបន់អាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំអន្តរជាតិមួយចំនួននៅក្នុងខែវិច្ឆិកានេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 40
តំបន់អាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំអន្តរជាតិមួយចំនួននៅក្នុងខែវិច្ឆិកានេះ តំបន់អាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំអន្តរជាតិមួយចំនួននៅក្នុងខែវិច្ឆិកានេះ

កិច្ចប្រជុំអន្តរជាតិដែលពាក់ព័ន្ធនឹងប្រទេសមានសេដ្ឋកិច្ចជឿនលឿននិងកំពុងរីកចម្រើន នឹងត្រូវធ្វើឡើងនៅខែនេះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីកន្លែងដែលសហរដ្ឋអាមេរិកនិងចិនកំពុងប្រកួតប្រជែងគ្នាដណ្តើមឥទ្ធិពល។ ខណៈពេលដែលសន្និសីទនិងកិច្ចប្រជុំកំពូលអាចនឹងផ្តោតអារម្មណ៍ទៅលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងអតិផរណាពិភពលោក ក៏អាចនឹងទទួលបាននូវ
ការចាប់អារម្មណ៍ខ្លាំងផងដែរ។

កិច្ចសន្ទនាជាក្រុម រួមមានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៨-១៣ ខែវិច្ឆិកានៅទីក្រុងភ្នំពេញ, កិច្ចប្រជុំ G20 នៅកោះបាលី នៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា។

ការជួបប្រជុំគ្នាទាំងនេះនឹងទាក់ទាញបណ្តាមេដឹកនាំមកពីសហរដ្ឋអាមេរិក, ជប៉ុន និងបណ្តាប្រទេសសំខាន់ៗដែលចូលបក្សសម្ព័ន្ធជាមួយលោកខាងលិច ក៏ដូចជាប្រទេសចិន រុស្ស៊ី និងបណ្តាប្រទេសកំពុងរីកចម្រើនមួយចំនួនទៀត។ ការមានសន្និសីទអន្តរជាតិជាច្រើននៅក្នុងតំបន់តែមួយ និងនៅក្នុងអំឡុងខែតែមួយ គឺជារឿងដែលកម្រកើតឡើងណាស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកនិងចិនបានបន្តប្រកួតប្រជែងគ្នាដើម្បីដណ្តើមអំណាចនិងឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានខិតខំបង្កើនការចូលរួមនៅក្នុងតំបន់ផងដែរ ក្នុងគោលបំណងទាក់ទាញបណ្តាប្រទេសអាស៊ានឱ្យឈរនៅខាងពួកគេ។

បើទោះបីជាអាស៊ាន (ដែលភាគច្រើនព្យាយាមចៀសវាងពីការចូលរួមនៅក្នុងជម្លោះរវាងអាមេរិកនិងចិន) បានពិពណ៌នាកិច្ចប្រជុំរបស់ខ្លួនថាជាវេទិកាសម្រាប់កិច្ចសន្ទនាក៏ដោយ ក៏ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រកួតប្រជែងគ្នាតាមរយៈការផ្តល់ជូននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការលើកទឹកចិត្តផ្សេងៗទៀតដើម្បីទាក់ទាញសមាជិកអាស៊ាន។

សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រថា «ប្រធានាធិបតី Joe Biden នឹងចូលរួមកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំកំពូល G-20»។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅតែមិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីការចូលរួមនៅឡើយនោះទេ ដោយក្នុងនោះលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «លោកកំពុងតែពិចារណាអំពីរឿងនេះ»។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ីបានរាយការណ៍ថា «លោក Putin នឹងមិនបង្ហាញវត្តមាននោះទេ ហើយលោកនឹងបញ្ជូននាយករដ្ឋមន្ត្រី Mikhail Mishustin ឱ្យមកចូលរួមជំនួស»។ រួមជាមួយលោក Biden ប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida គ្រោងនឹងចូលរួមកិច្ចប្រជុំនេះ ហើយពួកគេទំនងជានឹងព្យាយាមជួបពិភាក្សាជាមួយអ្នកផ្សេងទៀតដើម្បីទាក់ទាញអ្នកទាំងនោះឱ្យមកឈរនៅខាងខ្លួន។

បើទោះបីជាអ្នកចូលរួមនិងរបៀបវារៈជាក់ស្តែងនៃកិច្ចប្រជុំអាស៊ាន, កិច្ចប្រជុំ G-20 និង APEC អាចមានភាពខុសប្លែកពីគ្នាក៏ដោយ ក៏កិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងផ្តោតលើវិធីសាស្ត្រ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យបានកាន់តែស៊ីជម្រៅ។ កិច្ចប្រជុំទាំងអស់នឹងមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក, ចិន និង រុស្ស៊ីដែលកំពុងស្ថិត នៅក្នុងទំនាក់ទំនងដ៏តានតឹងរៀងៗខ្លួន។

ការជជែកដេញដោលនឹងលើកឡើងអំពីភាពតានតឹងរវាងអាមេរិក និងចិនដែលកំពុងបន្ត ក៏ដូចជាទស្សនៈខុសៗគ្នានៅក្នុងតំបន់ជុំវិញការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ខណៈពេលដែលកិច្ចប្រជុំ G-20 និង APEC នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចប្រជុំកំពូលអាស៊ាននឹងផ្តោតលើការដោះស្រាយបញ្ហានយោបាយ និងសន្តិសុខដែលនឹងរាប់បញ្ចូលទាំងបញ្ហាអ៊ុយក្រែន, ភាពតានតឹងនៅសមុទ្រចិនខាងកើត និងនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានៅសមុទ្រចិនខាងត្បូងផងដែរ។

បញ្ហានេះអាចបង្កឱ្យមានការប៉ះទង្គិចគ្នារវាងសហរដ្ឋ អាមេរិកនិងចិន ជាពិសេសគឺពាក់ព័ន្ធនឹងការបង្កើនកម្លាំងយោធារបស់ចិន។ ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ដែលជាប្រធាននៃកិច្ចប្រជុំកំពូល G-20 សង្ឃឹមថា «កិច្ចប្រជុំនេះនឹងអាចពិភាក្សាអំពីការកើនឡើងនៃតម្លៃថាមពល និងអាហារដែលបាននិងកំពុងបង្កការរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក»។

លោក Joko បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗថា «ពហុភាគីនិយមគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការយកឈ្នះលើបញ្ហាប្រឈមរួម»។ ប៉ុន្តែកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G-20 ដែលបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូល បានលាតត្រដាងឱ្យឃើញពីបក្ខពួកនិយមរួចស្រេចទៅហើយ។

ម្ខាងគឺលោកខាងលិច រួមជាមួយនិងប្រទេសជប៉ុន, សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលបានថ្កោលទោស រុស្ស៊ីចំពោះការលុកលុយអ៊ុយក្រែន ខណៈដែលម្ខាងទៀតគឺរុស្ស៊ី, ចិន, ឥណ្ឌា និងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយចំនួនដែលកំពុងប្រកាន់យកយុទ្ធសាស្ត្ររង់ចាំមើលសិន។ ដោយសារបញ្ហា នេះវានៅមិនទាន់មានសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានចេញផ្សាយនៅឡើយទេរហូតមកដល់ពេលនេះ។

លោក Teuku Rezasyah ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Padjadjaran ក្នុងប្រទេសឥណ្ឌូណេស៊ីបាននិយាយថា «សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន គឺជាកត្តាមួយដែលនឹងកំណត់អំពីជំហររបស់ប្រទេសនីមួយៗ។ នៅក្នុងកិច្ចប្រជុំនីមួយៗ វាអាចនឹងមានការលំបាកខ្លាំងក្នុងការចេញសេចក្តីថ្លែងការណ៍រួម។ ហេតុដូច្នេះហើយ សេចក្តីថ្លែងការណ៍ក្នុងលក្ខណៈបុគ្គលពីបណ្តាប្រទេសដែលជាប្រធានកិច្ចប្រជុំនឹងមានសារៈសំខាន់ខ្លាំង»៕

Nikkei Asia

អត្ថបទទាក់ទង