ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 50
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន ។

ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី ។

រដ្ឋបាលព្រៃឈើ បន្ថែមថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនស្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា ។

រដ្ឋបាលព្រៃឈើបានសង្កត់ធ្ងន់ថា ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណៈកម្មការឯកជនភាវូនីយកម្ម ដែលមានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃអំពោះការដោះដូរយ៉ាងត្រឹមត្រូវ ។

រដ្ឋបាលព្រៃឈើ បានបញ្ជាក់ទៀតថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដេលលើកឡើងកន្លងមក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានសុវត្ថិភាព ១០០% ហើយការអភិវឌ្ឍនេះ មិនមានការប៉ះពាល់ទាល់តែសោះ ។

រដ្ឋបាលព្រៃឈើ លើកឡើងទៀតថា សត្វដែលតែងតែលើកឡើងដោយអង្គការ សង្គមជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមុាំង ក្រៀល រនាល ទុង ត្រូវបានដោះលែងឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង ៤០០ហិកតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា ។ ការលើកឡើងកន្លងមក បានធ្វើឱ្យមានការភ័ន្តច្រលំថា ការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ ៕ Fresh News

អត្ថបទទាក់ទង