ខ្មែរប៉ុស្ដិ៍ Close

តើមានអ្វីទៅនៅពីក្រោយកិច្ចពិភាក្សា «ការទូតដើមឫស្សី» របស់ប្រទេសវៀតណាម?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 49
តើមានអ្វីទៅនៅពីក្រោយកិច្ចពិភាក្សា «ការទូតដើមឫស្សី» របស់ប្រទេសវៀតណាម? តើមានអ្វីទៅនៅពីក្រោយកិច្ចពិភាក្សា «ការទូតដើមឫស្សី» របស់ប្រទេសវៀតណាម?

នៅពេលថ្មីៗនេះ ពាក្យថា «ការទូតដើមឬស្សី – Bamboo Diplomacy» ហាក់ត្រូវបានគេលើកឡើងច្រើននៅក្នុងសុន្ទរកថាគោលនយោបាយការបរទេសរបស់ប្រទេសវៀតណាម។ គោលគំនិតដែលមិនធ្លាប់ត្រូវបានគេដឹងពីមុនមកនេះ ត្រូវបានគេប្រើប្រាស់ដើម្បីឆ្លុះបញ្ជាំងឱ្យឃើញអំពីផលប្រយោជន៍ការទូតរបស់វៀតណាម ចាប់តាំងពីមានការធ្វើកំណែទម្រង់ Doi Moi កាលពីឆ្នាំ ១៩៨៦ និងដើម្បីជាការពិភាក្សាអំពីមេរៀនដែលរដ្ឋតូចៗគួររៀនសូត្រអំពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើអ៊ុយក្រែន។

នៅក្នុងបរិយាកាសអន្តរជាតិដែលកំពុងតែមានការបែកបាក់គ្នានេះ ពាក្យថា «ការទូតដើមឫស្សី» បានពិពណ៌នាអំពីបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការរក្សានូវតុល្យភាពផលប្រយោជន៍ភូមិសាស្ត្រនយោបាយដែលមានភាពប្រកួតប្រជែងនៅក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ។

រូបភាពនៃដើមឫស្សីបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងវប្បធម៌ និងការទូតរបស់ប្រទេសនៅក្នុងតំបន់អាស៊ី។ ជាក់ស្ដែង អស់រយៈពេលជាយូរមកហើយដែលនយោបាយការបរទេសរបស់ប្រទេសថៃត្រូវបានគេចាត់ទុកថា មានភាពស្រដៀងគ្នាទៅនឹងដើមឬស្សីដែល «ដែលអាចពត់ពេនតាមខ្យល់បាន»។

ដូចគ្នានឹងប្រទេសថៃផងដែរ «ការទូតដើមឬស្សី» របស់ប្រទេសវៀតណាមបានបង្កប់នូវភាពបត់បែន និងភាពប្រាកដនិយមដោយឯករាជ្យ និងយកផលប្រយោជន៍ជាតិរបស់ខ្លួនជាមូលដ្ឋាន។ ទោះយ៉ាងណា ប្រទេសទាំងពីរមានចំណុចខុសគ្នានៅត្រង់ការរក្សាភាពបត់បែន និងភាពប្រាកដនិយមរបស់ពួកគេ។

សម្រាប់ប្រទេសថៃ វាសំដៅទៅលើការប្រកាន់ជំហរតាមប្រទេសជាមហាអំណាចដើម្បីធានាបាននូវការរស់រានរបស់ខ្លួន។ ជាឧទាហរណ៍ : នៅចំពោះមុខការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយពីមានការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ប្រទេសថៃបានឃ្លាតឆ្ងាយពីប្រទេសជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន គឺសហរដ្ឋអាមេរិក ហើយបានងាកមកបញ្ចុះបញ្ជុលទីក្រុងប៉េកាំងដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច។

ផ្ទុយទៅវិញ សម្រាប់ប្រទេសវៀតណាម «ការទូតដើមឫស្សី» គឺសំដៅទៅលើការខិតខំរក្សាឯករាជ្យ និងរក្សាភាពស្មើគ្នាដើម្បីទប់ទល់នឹងមហាអំណាចទាំងអស់ ហើយត្រូវបង្កើនផលចំណេញជាអតិបរមា និងត្រូវទប់ទល់នឹងយុទ្ធសាស្ត្រដែលមានភាពមិនប្រាកដប្រជា។

សមិទ្ធិផលការទូតរបស់ប្រទេសវៀតណាមនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានផ្តល់មូលដ្ឋានជាក់ស្តែងគ្រប់គ្រាន់សម្រាប់គោលគំនិតមួយនេះ។

ក្រោយការធ្វើកំណែទម្រង់ Doi Moi ប្រទេសវៀតណាមបានធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់គោលនយោបាយការបរទេសដែលជំរុញដោយមនោគមវិជ្ជាទៅជាគោលនយោបាយដែលផ្តោតជាចម្បងទៅលើផលប្រយោជន៍ជាតិ និងគោលការណ៍ឯករាជ្យ, ការពឹងផ្អែកលើខ្លួនឯង, ពហុភាគីនិយម និងការធ្វើពិពិធកម្ម។ ប្រការនេះហើយដែលបានធ្វើឱ្យប្រទេសនេះអាចកសាងបណ្តាញចម្រុះនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយនិង យុទ្ធសាស្ត្រដើម្បីរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្រិតខ្ពស់ និងទទួលបាននូវកិត្យានុភាពទាំងនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។

ការលើកកម្ពស់ «ការទូតដើមឫស្សី» នៅពេលបច្ចុប្បន្ន បានបង្ហាញអំពីទំនុកចិត្តរបស់ប្រទេសវៀតណាមក្នុងការរៀបចំការងារការបរទេសរបស់ខ្លួន។ ដូចអ្វីដែលលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់អញ្ចឹងថា «ដើមឬស្សីដែលមានឫសនិងដើមរឹងមាំ ហើយមានមែកអាចបត់បែនបាន ហើយវាប្រៀបដូចជាទំនាក់ទំនងការទូតរបស់ប្រទេសវៀតណាមអញ្ចឹងដែរ ដែលមានភាពទន់ភ្លន់ និងឆ្លាតវៃ ប៉ុន្តែនៅតែរក្សាការតស៊ូ និងការតាំងចិត្ត មានភាពបត់បែន និងច្នៃប្រឌិត ហើយក៏មានភាពមាំមួន ក្លាហាន និងធន់ចំពោះរាល់បញ្ហាប្រឈម និងការលំបាកនានា ដើម្បីរក្សានូវឯករាជ្យជាតិ និងសុភមង្គលរបស់ប្រជាជន និងការពារផលប្រយោជន៍របស់ប្រទេសជាតិ»។

ការប្រៀបប្រដូចទៅនឹងដើមឫស្សីនេះ ពិតជាបានបង្ហាញអំពីរបៀបដែលប្រទេសវៀតណាមបានរក្សាជំហររបស់ខ្លួន នៅចំពេលដែលការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកាន់តែមានសន្ទុះខ្លាំងឡើង ហើយនឹងមានទំហំយ៉ាងធំធេងនៅក្នុងទស្សនវិស័យសន្តិសុខរបស់ប្រទេសខ្លួន។

ការឈ្លានពានកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង បានជំរុញឱ្យទីក្រុងហាណូយបង្កើនទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនៅក្នុងលក្ខណៈបត់បែនមួយ។ ទោះយ៉ាងនេះក្តី ក៏ប្រទេសវៀតណាមនៅតែបន្តរក្សានូវការប្រកាន់ខ្ជាប់  «NO» ទាំង 4 ដែលត្រូវបានលើកឡើងនៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩ របស់ខ្លួន ពោលគឺគ្មានការបង្កើតសម្ព័ន្ធភាពយោធា គ្មានការចូលរួមជាមួយភាគីណាមួយ គ្មានការអនុញ្ញាតឲ្យបរទេសប្រើប្រាស់វៀតណាមធ្វើជាមូលដ្ឋានយោធា និងគ្មានការប្រើប្រាស់កម្លាំងនៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ។

ប៉ុន្តែទីក្រុងហាណូយក៏មានបំណងចង់រក្សាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនផងដែរ ហើយការទូតដើមឫស្សីនេះនឹងក្លាយទៅជាវិធីសាស្ត្រមួយរបស់ប្រទេសវៀតណាម ក្នុងការរក្សាខ្លួនមិនឱ្យក្លាយជាប្រទេសគាំទ្រសហរដ្ឋអាមេរិក ហើយក៏មិនឱ្យក្លាយជាប្រទេសគាំទ្រចិនដូចគ្នា។

ការបែកបាក់ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែធ្វើឱ្យប្រទេសវៀតណាមពង្រឹងទំនាក់ទំនង «ការទូតដើមឫស្សី» របស់ខ្លួនកាន់តែខ្លាំងឡើង។

នៅក្នុងប្រទេសវៀតណាម សាធារណជនបានយល់ឃើញខុសៗគ្នាអំពីសង្គ្រាមមួយនេះ ដោយសារប្រទេសនេះមានទំនាក់ទំនងជាយូរអង្វែងមកហើយជាមួយអតីតសហភាពសូវៀត។ ការខ្វែងគំនិតគ្នាផ្ទៃក្នុង និងការរិះគន់ពីខាងក្រៅចំពោះគោលជំហររបស់ប្រទេសវៀតណាមចំពោះជម្លោះមួយនេះ អាចបង្ហាញឱ្យឃើញអំពីការបែកបាក់គ្នាកាន់តែខ្លាំងឡើងនៅពេលអនាគត។

ខណៈពេលដែលប្រទេសនេះបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ភាគីទាំងអស់ក្នុងការគោរពចំពោះច្បាប់អន្តរជាតិ និងគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ តែប្រទេសវៀតណាមបែរជាបដិសេធក្នុងការចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោសរុស្ស៊ីទៅវិញ។

ការប្រើប្រាស់គោលគំនិត «ការទូតដើមឫស្សី» របស់លោក Trong បានធ្វើឱ្យគេនឹកឃើញដល់សន្និសីទការទូតលើកទី ២៩ ដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០១៦ ដែលពេលនោះលោក Trong បាននិយាយថា «វៀតណាមបានកសាងនូវសាលាផ្នែកទំនាក់ទំនងបរទេស និងការទូតដ៏ល្អឯកនៅក្នុងសម័យហូជីមិញ ហើយវាក៏ជាចរិតលក្ខណៈនៃដើមឫស្សីរបស់ប្រទេសវៀតណាមផងដែរ»។ នៅក្នុងសន្និសីទថ្នាក់ជាតិលើកទីមួយរបស់វៀតណាមស្តីពីកិច្ចការបរទេសកាលពីឆ្នាំ ២០២១ លោក Trong ក៏បានធ្វើការអះអាងសារជាថ្មី និងកាន់តែមានភាពលម្អិតអំពីគំនិតនេះបន្ថែមទៀតផងដែរ។

ដោយសារតែគាត់ជាអ្នកនយោបាយជាន់ខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម សុន្ទរកថារបស់លោក Trong ពិតជាត្រូវបានគេយកចិត្តទុកដាក់។ លោកគឺជាមនុស្សដែលនៅពីក្រោយយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ល្បីល្បាញគឺ «ផែនការឡភ្លើង – Burning Furnace» ហើយផែនការនេះក៏ត្រូវបានគេចុះផ្សាយយ៉ាងព្រោងព្រាត នៅក្នុងសារព័ត៌មានរបស់ប្រទេសវៀតណាម និងកំពុងទទួលបានការគាំទ្រយ៉ាងពេញនិយមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ទីក្រុងហាណូយ បានផ្តល់អាទិភាពដល់ការធ្វើសមាហរណកម្មអន្តរជាតិចាប់តាំងពីមានការការធ្វើកំណែទម្រង់ Doi Moi ហើយពួកគេបានសង្ឃឹមថានឹងអាចកំណត់ឡើងវិញនូវអត្តសញ្ញាញវប្បធម៌ជាតិ និងការទូតរបស់ខ្លួនដោយតម្កល់គោលនយោបាយដើមឬស្សី និងទស្សនៈហូជីមិញជាចំណុចឈានមុខ។ គោលគំនិតដែលបាននិពន្ធដោយហូជីមិញ ត្រូវបានគេយកមកប្រើប្រាស់ដើម្បីជាចក្ខុវិស័យការទូត ហើយការផ្តោតទៅ លើការបង្កើតទំនាក់ទំនងល្អ គោលនយោបាយមនុស្សធម៌និយម ការបត់បែន ការពឹងពាក់លើខ្លួនឯង និងឯករាជ្យជាតិ គឺពិតជាមានភាពស្របគ្នាទៅនឹងគោលនយោបាយការទូតដើមឬស្សី។

យើងអាចរំពឹងថា គេអាចនឹងបន្តប្រើប្រាស់ហើយក៏អាចនឹងបង្កើតនូវគោលគំនិតថ្មីតាមរយៈគោលនយោបាយនិងការសិក្សាស្រាវជ្រាវរបស់ទីក្រុងហាណូយនៅពេលអនាគត។ ភាពក្លៀវក្លានៅក្នុងការសិក្សាស្រាវជ្រាវ សម័យទំនើបរបស់សាលាការទូតហូជីមិញពិតជាបានបង្ហាញឱ្យឃើញថា ការទូតឫស្សីអាចនាំមុខការធ្វើកំណែទម្រង់ Doi Moi ឬអាចកែប្រែអត្តសញ្ញាណរបស់ប្រទេសវៀតណាមឡើងវិញ ដើម្បីឱ្យមានភាពបត់បែន ជាងមនោគមវិជ្ជារបស់អ្នកដឹកនាំមុនៗ៕

Fulcrum

អត្ថបទទាក់ទង