ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ គ.ជ.ប៖ សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
អ្នកនាំពាក្យ គ.ជ.ប៖ សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត អ្នកនាំពាក្យ គ.ជ.ប៖ សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត

ការយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សភ្លើងទៀន ទៅចែកចាយតាមបណ្តាញសង្គមពីសំណាក់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ កំពុងជាប់បំរាមធ្វើនយោបាយនៅឡើយនោះ អាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ហើយឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់ផងដែរ។

អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កំពុងរស់នៅក្រៅប្រទេសជាច្រើនរូប រួមទាំងលោកស្រី មូរ សុខហួរ ផង ត្រូវបានគេសង្កេតឃើញថា កំពុងព្យាយាមចែករូបភាព សកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ លោកស្រី មូរ សុខហួរ បានជាប់បំរាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយអំណាចតុលាការកាលពីឆ្នាំ២០១៧។ មកដល់ពេលនេះ លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដទៃទៀត មិនទាន់រួចផុតពីបំរាមធ្វើនយោបាយនៅឡើយទេ។

ការយករូបភាពសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន ទៅចែកចាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក នាំឱ្យមានការលើកឡើងថា លោកស្រី មូរ សុខហួរ និងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដទៃ កំពុងជួយធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតជូនគណបក្សភ្លើងទៀន ដែលផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា ការផ្សព្វផ្សាយគ្រប់រូបភាពនូវសកម្មភាពរបស់គណបក្សភ្លើងទៀន ពីសំណាក់អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ អាចនឹងបង្កផលប៉ះពាល់ ដល់គណបក្សភ្លើងទៀន ព្រមទាំងនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត។

លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ដូច្នេះ «បើសិននិយាយអំពីសិទ្ធិនយោបាយគាត់ (អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ) មិនមានសិទ្ធិក្នុងការឃោសនាឱ្យគណបក្ស នយោបាយណាមួយនោះទេ។ ការយករូបភាពរបស់គណបក្សភ្លើងទៀន ទៅឃោសនាបន្តអាចនាំឱ្យប៉ះពាល់ដល់សកម្មភាពរបស់គណបក្សភ្លើងទៀនដែរ ដោយសារគាត់ប្រើវេទិកានេះឃោសនា ខណៈពួកគាត់ស្ថិតនៅក្នុងបញ្ជីមិនទាន់លើកលែងការដាក់ទោសនៅឡើយ»។

បើទោះបីជាយ៉ាងណា លោក ហង្ស ពុទ្ធា ក៏បានគូសបញ្ជាក់ដែរថា ក្នុងករណីជាការផ្សព្វផ្សាយព័ត៌មាន មិនជាប់ពាក់ព័ន្ធគណបក្សនយោបាយត្រូវបានលុបឈ្មោះ ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ គឺមិនមានការប៉ះពាល់នោះទេ។ ប៉ុន្តែប្រសិនបើការផ្សព្វផ្សាយនោះ បញ្ជាក់អំពីសញ្ញាណនៃទំនាក់ទំនង ឬសញ្ញាណបញ្ជាក់ថា ជាតួអង្គតែមួយនឹងគណបក្ស ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ គឺនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត៕ Fresh News

អត្ថបទទាក់ទង