ខ្មែរប៉ុស្ដិ៍ Close

លោក Duterte នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 57
លោក Duterte  នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នោះទេ លោក Duterte

នៅថ្ងៃអង្គារ ទី ២៦ ខែមេសា លោក Rodrigo Duterte បាននិយាយថា «លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំអាស៊ាននោះទេ ដោយសារកិច្ចប្រជុំនេះត្រូវធ្វើឡើងក្រោយការបោះឆ្នោតនៅហ្វីលីពីន»។

លោកបានលើកឡើងនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីព្រឹកថ្ងៃពុធ ទី ២៧ មេសា ថា «ខ្ញុំបានប្រាប់ពួកគេថា វាមើលទៅដូចជាមិនល្អនោះទេ បើសិនខ្ញុំនឹងនៅចូលរួមកិច្ចប្រជុំនៅទីនោះ ព្រោះប្រទេសហ្វីលីពីនអាចនឹងមានប្រធានាធិបតីថ្មី »។

លោក Duterte បានបន្ថែមទៀតថា «បើសិនជាកិច្ចប្រជុំនោះគឺជាសន្និសិទការងារ វានឹងអាចមានកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តផ្សេងៗដែលនឹងត្រូវធ្វើឡើងនៅទីនោះ។ ខ្ញុំអាចនឹងប្រកាន់យកនូវជំហរណាមួយផ្ទុយពីអ្វីដែលរដ្ឋបាលជាប់ឆ្នោតថ្មីចង់បាន»។

កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទីក្រុង Washington DC សហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលនេះនឹងត្រូវធ្វើឡើងក្រោយការបោះឆ្នោតនៅហ្វីលីពីនតែ ៣ ថ្ងៃប៉ុណ្ណោះ ដោយការបោះឆ្នោតនៅហ្វីលីពីននឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែឧសភា ហើយរយៈពេលនោះនឹងមិនគ្រប់គ្រាន់ដើម្បីឱ្យប្រធានាធិបតីថ្មីស្បថចូលកាន់តំណែងនោះទេ។

ដំបូងឡើយកិច្ចប្រជុំកំពូលនេះត្រូវបានកំណត់ធ្វើនៅក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានគេពន្យារពេលវិញ ដោយសារតែការជាន់កាលវិភាគរបស់មេដឹកនាំប្រទេសនានា បូកផ្សំនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តមកលើអ៊ុយក្រែន។

កិច្ចប្រជុំនេះគឺជាការតាមដានចំពោះការប្តេជ្ញាចិត្តរបស់លោក Biden ស្តីពី «ការបង្ហាញមុខ និងការងាកមករកតំបន់អាស៊ីអាគ្នេយ៍ ដូចអ្វីដែលលោកបានរំលឹកឡើងវិញនៅក្នុងកិច្ចប្រជុំអាមេរិក-អាស៊ានលើកដំបូងកាលពីឆ្នាំ ២០២១»។

លោក Duterte បាននិយាយថា មន្ត្រីអាមេរិកបានប្រាប់រូបគាត់ថា ពួកគេចង់ឱ្យគាត់ទៅទីនោះ ប៉ុន្តែគាត់នៅតែបន្តប្រកាន់ជំហររឹងមាំថា រូបគាត់នឹងមិនទៅអាមេរិកនោះទេដោយសារវាជាបញ្ហាគោលការណ៍។

លោកប្រធានាធិបតីបាននិយាយថា «ខ្ញុំបាននិយាយរួចហើយថា ខ្ញុំមិនចង់ទៅអាមេរិកនោះទេ ហើយវាមានរយៈពេល ២០ ឆ្នាំហើយដែលខ្ញុំមិនបានទៅអាមេរិក»។

កាលពីខែកញ្ញា ឆ្នាំ ២០២១ លោក Duterte បាននិយាយថា «គាត់កំពុងពិចារណាដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីបង្ហាញពីការដឹងគុណរបស់គាត់ចំពោះការបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសរបស់គាត់»។

គិតត្រឹមខែមីនា ឆ្នាំ ២០២២ អាមេរិកបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ៣៣ លានដូស ហើយដល់ប្រទេសហ្វីលីពីន៕ Rappler

អត្ថបទទាក់ទង