ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 50
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី ប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានតក់ស្លុតនៅពេលឃើញអមកីឡាករ ច្រើនជាងកីឡាប្រកួត ពេលចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពិន កាលពី២០ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដឹកនាំកីឡាករ និងប្រតិភូអមកីឡាករទៅចូលរួមប្រកួតនៅវៀតណាមនាពេលនេះ មានចំនួនសមស្រប។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ថ្ងៃទី២៧ ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹម ៥នាក់ប៉ុណ្ណោះ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់កីឡករ កីឡាការិនី យកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំង។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកកីឡាករ កីឡាការិនី ពេលចេញប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ណាស់ ដូច្នេះមិនត្រូវធ្វើអ្វី ដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ ដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិនោះឡើយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែការប្រកួតកីឡារប៉ុណ្ណោះ ដែលមានស្តង់ដារដូចគ្នា។ ប៉ុន្តែនយោបាយ ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ មិនមានស្តង់ដារដូចគ្នានោះឡើយ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការប្រជាធិបតេយ្យមិនដូចគ្នាទេ រវាងប្រទេសមួយ ទៅប្រទេសមួយទៀត។ ក្នុងនោះប្រទេសខ្លះប្រកាន់យករបបប្រធានាធិបតី និងខ្លះទៀត ប្រកាន់យករបបសភា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាខ្មែរសម្តេចខ្មាសអៀនជំនួសជនមួយចំនួន ដែលមិនយល់ពីដំណើរការប្រជាធិបតេយ្យ។
  8. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការពិចារណាយកអ្នកជំងឺកូវីដ-១៩ ចេញពីពហុកីឡដ្ឋានជាតិអូរឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លងម៉ែ ដើម្បីប្រគល់ពហុកីឡដ្ឋានត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញបំណងចង់ធ្វើឱ្យមន្ទីរពេទ្យហ្លងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសខាងមហារីក។
  10. ដោយយោងតាមការបញ្ជាក់របស់លោក ឃួង ស្រេង, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ព្រែកព្នៅ អាចសាងសង់រួចរាល់ដើមឆ្នាំ២០២៣។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺកូវីដ-១៩ បានថមថយ តែកម្ពុជា មិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ បានយកទឹកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការអប់រំ និងកីឡា។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានត្រៀមថវិកាប្រមាណ ១២០ពាន់លានរៀល ស្មើនឹងប្រមាណ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់នៅឆ្នាំ២០២៣។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចកាន់តំណែងនាយករដ្ឋមន្ត្រីយ៉ាងច្រើន១០ឆ្នាំទៀតប៉ុណ្ណោះ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានអារម្មណ៍ថា សម្តេចមានការហត់នឿយច្រើន តែសម្តេចមិននឿយណាយនឹងការហត់នឿយនេះឡើយ។
  16. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រតិភូ និងកីឡាករ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព និងស្តាប់ការណែនាំរបស់គ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន ណែនាំប្រតិភូ និងកីឡាករពាក់ម៉ាសឱ្យបានខ្ជាប់ខ្ជួន ពេលទៅប្រកួតនៅវៀតណាម។
  17. សម្តេចតេជោ ហ៊ុន សែន បានផ្តាំកីឡាករ និងកីឡាការិនីសូមកុំភ្លេចថា មានពលរដ្ឋខ្មែរប្រមាណ ១៧លាននាក់នៅពីក្រោយពួកគេទាំងឈ្នះ និងចាញ់។ ដូច្នេះមិនត្រូវធ្វើអ្វី ដែលនាំឱ្យប៉ះពាល់កិត្តិយសជាតិនោះឡើយ។
  18. សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលរយៈពេលពីរឆ្នាំកន្លងមកនេះ មិនបានដំឡើងប្រាក់បៀវត្សរ៍។
  19. សម្តេចតេជោ ថ្លែងថា បើមិនមានផលប៉ះពាល់ធំហួស បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទេនោះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល មានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
  20. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសិក្សាថា ការពាក់ម៉ាស រួមចំណែកធ្វើឱ្យសុខភាពប្រសើរ ព្រោះការពាក់ម៉ាសមិនត្រឹមតែការពារមេរោគកូវីដ-១៩នោះទេ តែក៏បានការពារមេរោគផ្សេងៗទៀតផងដែរ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនិយាយពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្វវិញ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន អាចរាប់ជាសង្គ្រាមលោកលើកទី៣ហើយ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីៗដែលកម្ពុជា មាននាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីសុខសន្តិភាព។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំរង់ចាំដល់ពេលបាត់សុខសន្តិភាពដូចក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ ទើបប្រឹងស្រែករកសន្តិភាព។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលបានលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិករួចហើយ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលអញ្ជើញទៅអាមេរិក សម្តេចនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស សម្តេចនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរផងដែរ។
  27. សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភប្រតិភូ និងកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ៥៦០នាក់ ម្នាក់ៗ ៥០០ដុល្លារ។
  28. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទាក់ទងជាមួយក្រុមហ៊ុនហោះហើរ ដើម្បីយកយន្តហោះដឹកប្រតិភូកីឡាកម្ពុជាទៅវៀតណាម។
  29. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៤៣នាទី៕

Fresh News

អត្ថបទទាក់ទង