សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យបន្តយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាជន
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រូពេទ្យបន្តយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាជន ដែលបច្ចុប្បន្ននេះ គ្រូពេទ្យយើងត្រូវបានកោតសរសើរពីប្រជាជនថាជាកងទ័ពអាវស ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានមន្ទីរពេទ្យល្អ និងសម្ភារៈល្អគឺជារឿងល្អហើយ ប៉ុន្តែសំខាន់គឺការបម្រើប្រជាជនដោយស្មោះត្រង់ ពិសេសគឺត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំដល់មិត្តកូរ៉េ ជួយផ្ទេរបច្ចេកវិជ្ជាទាំងឡាយដែលមានដល់ក្រុមគ្រូពេទ្យកម្ពុជា ហើយក្រុមគ្រូពេទ្យបន្តផ្ទេរបច្ចេកវិជ្ជានេះដល់គ្រូពេទ្យនានាបន្តទៀតដើម្បីធានាគុណភាពនៃការព្យាបាលជំងឺ៕