សម្ដេចតេជោ ហ៊ុន សែន នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីបន្តការពារសន្តិភាព
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដើម្បីការពារសន្តិភាពសម្រាប់ប្រទេសកម្ពុជាយើង។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ-ភ្នំពេញ) ដែលពិធីធ្វើនៅក្នុងខេត្តកំពង់ស្ពឺ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច ប្តេជ្ញាថែរក្សាការពារសន្តិភាពឱ្យបាន ដើម្បីធានាដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចបានបន្តថា កាលណាកម្ពុជាមានសុខសន្តិភាព យើងបានចំណេញទាំងសាច់ឈាម មិនឱ្យមានមនុស្សស្លាប់ និងពិការដោយសារសង្រ្គាម ហើយយើងបានចំណេញទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៀតផង៕