ខ្មែរប៉ុស្ដិ៍ Close

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 25
តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។

ឣត្ថបទ: កញ្ញា ឆាយ ផាន់នី