ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិត្រួសៗ​នៃ អង្គការ​ខេមរយានកម្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 59
ប្រវត្តិត្រួសៗ​នៃ អង្គការ​ខេមរយានកម្ម RFI

នាទី​អារ្យ​ធម៌ នៃ វិទ្យុ RFI Khmer រីករាយ​នឹងរៀបចំប្រធាន​បទ ស្តី​អំពី​ ប្រវត្តិត្រួសៗ​នៃ ​​ខេមរយានកម្ម ដែល ជាអង្គការ​ដែល​រៀបចំ​កម្មវិធី​អប់រំ​ ជា​ភាសា​ជាតិ​ ​ ហើយ​​ជំរុញ​ល្បឿន​នៃការប្រើប្រាស់​ភាសា​ និងអក្សរខ្មែរ​។​

ក្នុង​ខ្សែអាត់​សំឡេងនេះ លោកអ្នក​នាង​នឹង​បាន​ស្តាប់ប្រសាសន៍​​ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ វ័យ​ជាង​៨០ឆ្នាំប្លាយ ដែល​ធ្លាប់បាន​ជួយ​កិច្ចការ​អង្គការ​ខេមរយានកម្ម និង​ចូល​រួម​សរសេរអត្ថបទ​ចុះផ្សាយ​ក្នុង​​ព្រឹត្តបត្រ ខេមរយានកម្ម តាំងពី​ដំបូង​មក។ ជាអតីត​អ្នក​វាយ​អង្គលីលេខ​ បញ្ជូល​ពាក្យ​ថ្មី​ ដែលខេមរយានកម្ម បា​នអនុម័ត​ លោក​ ឆាន់ឆៃ បាន​រំលឹក​ពីការបង្កើត​អង្គការ​នេះ ទាំង​​វេទនា​។ ជាមួយ​គ្នា​នេះ អ្នកសិក្សាស្រាវជ្រាវ លោក សេង សុវណ្ណដារ៉ា ​នៅសមាគមអ្នកអក្សរសិល្ប៍កម្ពុជា សូម​បង្ហាញ​ត្រួសៗ​អំពីស្ថាប័ន​ អង្គការ​ខេមរយានកម្ម និងបញ្ជាក់​បន្ថែមពីកិច្ចការ​សំខាន់ៗ​របស់អង្គការ​ជាតិ​មួយ​នេះ​។​

គ្រាសម័យ ​ក្រោម​ការ​ត្រួសត្រារបស់​បារាំង រដ្ឋធម្មនុញ្ញ ដំបូ​ង​របស់​ខ្មែរ ឆ្នាំ​១៩៤៧ បាន​ចែង​ថា ខ្មែរ ជាអក្សរនិងភាសាជាតិ។ ក៏ប៉ុន្តែ ក្នុងការ​ប្រើប្រាស់​កិច្ចការ​រាជការ គឺនៅតែ​និយម​ប្រើ​​ភាសាបារាំង​ជាទូទៅ​នៅឡើយ។ រហូត​សម័យ​ឯករាជ្យ​រួច​ហើយ​ ក៏ដោយ​ក្តី ក៏​ភាសានិងអក្សរ​ខ្មែរ នៅតែ​មិនទាន់​បាន​ប្រើ​យ៉ាងទូលំលាយ ក្នុង​កិច្ចការ​រាជការ ក្នុង​ការ​រៀន​និង​បង្រៀន​តាម​សាលា​ នោះដែរ។​ គេ​ត្រូវ​ចាំរហូត​ដល់​ឆ្នាំ​១៩៦៧ គឺប្រមាណ​ជា​១៤-១៥ឆ្នាំក្រោយសម័យឯក​រាជ្យ ទើប​អង្គការ​ខេមរយានកម្ម ប្រសូត្រ​ឡើង។ នេះ ជាអង្គការដែលរៀបចំកម្មវិធីអប់រំ ជាភាសាជាតិ ហើយជំរុញល្បឿននៃការប្រើប្រាស់ភាសា និងអក្សរខ្មែរ។

ក្នុង​រង្វង់​នៃ​អ្នក​ស្រាវជ្រាវ​ជា​ច្រើន ​ ក៏​បាន​កត់​សម្គាល់ថា បើទោះបីជា សមាជជាតិលើកទី២៣​ ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ បានសម្រេចឱ្យប្រើភាសាខ្មែរ ក្នុងវិស័យអប់រំមធ្យមសិក្សានិងរដ្ឋបាល ទៅហើយក្តី ហើយ​ ខេមរយានកម្ម ដែលជាគម្រោងថ្មីនេះ ទទួលបានការអនុញ្ញាតឱ្យអនុវត្តជាផ្លូវការពីរដ្ឋ រួចទៅហើយក្តី ក៏​ប៉ុន្តែ ​​គួរឱ្យកត់សម្គាល់ថា នៅ​មានការ​រាររាំង ឃាំង​ខ្ទប់​ ជុំវិញ​​ថវិការដ្ឋ ដែល​ចំណាយលើគម្រោងថ្មីនេះ ដ៏សារៈសំខាន់​មួយ​នេះ​។

ព័ត៌មានពីលោក ឃឹន សុខ ជាអ្នកស្រាវជ្រាវ​ និងជា​អតីត​គ្រូ​បង្រៀន​នៅវិទ្យាស្ថានជាតិ​ភាសា​និង​អារ្យធម៌​បូព៌ាប្រទេស​ តាមរយៈ​​អត្ថបទស្រាវជ្រាវ ផ្សាយ​​ឆ្នាំ១៩៩៩ បា​​នឱ្យដឹងថា គណៈកម្មាធិការខេមរយានកម្ម ធ្វើការរយៈពេលដល់ទៅ ៧ឆ្នាំ ដោយមិនទទួលបានថវិកាគាំទ្រច្រើនពីរាជរដ្ឋាភិបាលឡើយ។​

​នៅសម័យ​សាធារណរដ្ឋខ្មែរ គ្រា​ដែល​ខ្មែរ​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ គឺ​ក្រសួងសិក្សាធិការជាតិខ្មែរ​ បាន​ប្រកាន់​ជំហរ​ប្រើ​ភាសា​ខ្មែរជាគោល។​ តាមរយៈលិខិត​ជូន​ដំណឹង​ចុះ​ហត្ថលេខាដោយអនុ​​​រដ្ឋលេខាធិការ ប៉ាន់ ឡូវ (បិតា​របស់​លោក ប៉ាន់ រិទ្ធី សមិទ្ធករខ្មែរ​ដ៏ល្បាញល្បី) នៅ​ខែ​មិថុនា ឆ្នាំ​១៩៧២ ក្រសួង​អប់រំជាតិ​និង​វប្បធម៌ បាន​តម្រូវ​ឱ្យមន្ទីរ​ចំណុះ​ក្រោម​ឱវាទ​, នាយកដ្ឋាន និង​គ្រប់​សកលវិទ្យាល័យ​ទាំងអស់ ត្រូវ​ប្រើ​ប្រាស់​ភាសា​ខ្មែរ ​ជាដាច់ខាត។ ករណីលើកលែងតែ​ក្នុងកិច្ចទាក់ទង​នឹង​អង្គការ​បរទេស​។​

បន្ថែមពីនេះ ក្នុង​ខែតុលា ឆ្នាំ​១៩៧២ រដ្ឋ​សភាជាតិ បាន​បញ្ជាឲ្យរដ្ឋាភិបាល ចាត់វិធានការចាំបាច់ និង​រួស​រាន់បំផុត​ ឲ្យ​ប្រើភាសាជាតិ ទាំង​ក្នុងអង្គការ​រដ្ឋ ទាំងក្នុង​វិស័យ​ជំនួញ និង​គ្រប់​សកម្មភាព​ទាំងអស់​នៅក្នុងស្រុក៕​ ហេង ឧត្តម / RFI