ខ្មែរប៉ុស្ដិ៍ Close

ទីក្រុងម៉េសរបស់បារាំង​ និងរាជធានីភ្នំពេញ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានាពេលដ៏ខ្លីខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 23
ទីក្រុងម៉េសរបស់បារាំង​ និងរាជធានីភ្នំពេញ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានាពេលដ៏ខ្លីខាងមុខនេះ ទីក្រុងម៉េសរបស់បារាំង​ និងរាជធានីភ្នំពេញ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានាពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមរវាង លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២២នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅពេលដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាឯកច្ឆន្ទ។

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក នៅប្រទេសថៃប្រទេសវៀតណាមជាដើម។ល។ ការចងសម្ព័ន្ធមេត្រីភាពនេះវានឹងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងច្រើន ទាំងលើគ្រប់វិស័យមានវប្បធម៌, វិស័យអប់រំ វិស័យគមនាគមន៍និងបរិស្ថាន ជាដើមដោយយើងមិនបានគិតថាជាទីក្រុងតូចឬទីក្រុងធំនោះទេ។

លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះការ ដែលអភិបាលក្រុងម៉េសរបស់បារាំង ដែលចង់ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់ថា ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅរាជរដ្ឋាភិបាល កម្ពុជាដើម្បីពិនិត្យនិងសម្រេច ក្នុងការចងសម្ព័ន្ធមេត្រីភាពនេះ។ ក្រោយការពិនិត្យនិងសម្រេចហើយនោះ ទីក្រុងទាំង២នឹងធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាជាផ្លូវការ។

លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងរបបប៉ុល ពត ដែលកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនបានរំដោះ​ប្រទេស​ហើយបានធ្វើឲ្យប្រទេសជាតិមួយនេះដើរចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វបច្ចុប្បន្ននេះ។​ ជាពិសេសក្នុងពេលដែលកម្ពុជារីករាលដាលដោយជំងឺកូវីដ-១៩រយះពេល២ឆ្នាំកន្លងទៅសម្ដេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងបំផុតដោយស្វែងរកវ៉ាក់សាំងផងទិញផងយកមកចាក់ឱ្យពលរដ្ឋកម្ពុជាពិសេសបានស្រោចវ៉ាក់សាំងនៅភ្នំពេញជាផ្ការីកចេញទៅខេត្តនានាទូទាំងប្រទេសទទួលបានជោគជ័យក្នុងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ-១៩ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ីទៀតផង។

ក្នុងឱកាសនេះដែរ លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) បានមានប្រសាសន៍បញ្ជាក់ដែរថា កម្ពុជានឹងប្រទេសបារាំងគឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-បារាំង ការធ្វើទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង វានឹងធ្វើឲ្យ យើងកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាតនិងគមនាគមន៍ជាដើម។ ទីក្រុងយើងទាំងពីរនិងចងសម្ព័ន្ធមេត្រីភាពនឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីនេះទៀត លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) ក៏បានសំដែងនូវការកោតសរសើរ ចំពោះប្រទេសកម្ពុជាដែលបានរំដោះខ្លួនចេញពីរបបប៉ុលពត។ លោកបញ្ជាក់ថា នៅកម្ពុជា មានសម្ដេចតេជោហ៊ុន សែន ជាមនុស្សខ្លាំង ដែលបានធ្វើឲ្យប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើន។ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ជាក់ស្ដែង អ្វីដែលលោកបានមើលឃើញ គឺចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងមែនទែន បើទោះបីក្នុងដំណាក់ការនៃការរីករាលដាលជម្ងឺ -១៩ក៏ដោយ៕

អត្ថបទទាក់ទង