សម្តេចតេជោ ហ៊ុន សែន ប្តូរផ្តាច់ប្រារព្ធពិធីបុណ្យចូលខ្មែរ២០២២ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំជាប់គ្នាដោយសារកូវីដ
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ឱ្យខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយប្រើវិធានការ ៣កុំ-៣ការពារ និងការចាក់វ៉ាក់សាំង ធ្វើយ៉ាងម៉េចកុំដើរថយក្រោយ ដោយសម្តេចតេជោបានមានប្រសាសន៍ថា «ខានចូលឆ្នាំ២ឆ្នាំហើយ ឥឡូវឆ្នាំនេះ ប្តូរផ្តាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឱ្យឃ្លាតពីគ្នាបន្តិច កុំពពាក់ពពូន»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រក្នុងខេត្តក្រចេះ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា «ថ្ងៃមុនមើល Concert នៅខេត្តសៀមរាប ប៉ុន្តែឃើញគេពាក់ម៉ាស់របស់គេដែរ ដល់ម្សិលមិញឃើញអត្រាឆ្លងនៅខេត្តសៀមរាបមានតែមួយករណីតែប៉ុណ្ណោះ»។ សម្តេចតេជោបានបន្តថា «យើងតាមដានគ្រប់តំបន់ គ្រប់ទីកន្លែងដែលមានទេសចរណ៍ក្នុងពេលចូលឆ្នាំចិន មានមនុស្សជិតមួយលាននាក់ដែលដើរលេងចូលឆ្នាំចិន-វៀតណាម ប៉ុន្តែយើងឃើញអត្រាឆ្លងនៅតាមខេត្តទាបណាស់»។
សម្តេចតជោបានបន្តដាស់តឿនឱ្យប្រជាពលរដ្ឋខិតខំរក្សាខ្លួនពីជំងឺកូវីដ ១៩ ដោយខិតខំអនុវត្តវិធានការ ៣កុំ-៣ការពារ «យើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីប្រយុទ្ធជាមួយនឹងជំងឺនេះ ឥឡូវ Alpha និង Delta ដែលជាពូជដ៏សាហាវនាំអ្នកឆ្លងដល់ការស្លាប់ បានចេញផុតពីកម្ពុជាហើយ។ អ្វីដែលកំពុងតែកើត ហើយថ្ងៃនេះមាន ១០៨នាក់អូមីក្រុងទាំងអស់ ពិតមែនតែវាស្រាល ប៉ុន្តែមិនគួរឱ្យកើតមាននោះទេ ជៀសវាងបាន គឺខិតខំ៣ការពារ និង៣កុំតទៅទៀត»៕