ខ្មែរប៉ុស្ដិ៍ Close

ការពិតពីមាតុភូមិ៖ ជំនួបរវាងប្រមុខដឹកនាំកំពូលកម្ពុជា-មីយ៉ាន់ម៉ា ទទួលបានផ្លែផ្កាដ៏មោទកភាពបំផុតសម្រាប់អាស៊ាន និងមីយ៉ាន់ម៉ា ខណៈបទឈប់បាញ់ និងជំនួយមនុស្សធម៌ជារឿងដែលប្រជាជនមីយ៉ាន់ម៉ាត្រូវការជាចំបាច់បំផុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 39
ការពិតពីមាតុភូមិ៖ ជំនួបរវាងប្រមុខដឹកនាំកំពូលកម្ពុជា-មីយ៉ាន់ម៉ា ទទួលបានផ្លែផ្កាដ៏មោទកភាពបំផុតសម្រាប់អាស៊ាន និងមីយ៉ាន់ម៉ា ខណៈបទឈប់បាញ់ និងជំនួយមនុស្សធម៌ជារឿងដែលប្រជាជនមីយ៉ាន់ម៉ាត្រូវការជាចំបាច់បំផុត ការពិតពីមាតុភូមិ៖ ជំនួបរវាងប្រមុខដឹកនាំកំពូលកម្ពុជា-មីយ៉ាន់ម៉ា ទទួលបានផ្លែផ្កាដ៏មោទកភាពបំផុតសម្រាប់អាស៊ាន និងមីយ៉ាន់ម៉ា ខណៈបទឈប់បាញ់ និងជំនួយមនុស្សធម៌ជារឿងដែលប្រជាជនមីយ៉ាន់ម៉ាត្រូវការជាចំបាច់បំផុត

កម្ពុជាធ្លាប់បានភ្លក្សរួចហើយ នូវរសជាតិដ៏ល្វីងជូរចត់ សោកនាដកម្ម និងមហន្តរាយនៃសង្គ្រាមបង្ហូរឈាម។ ប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព អរគុណសន្តិភាព និងការពារសន្តិភាព ដែលបានមកដោយការតស៊ូលំបាក លះបង់ញើសឈាម អាយុជីវិត របស់វីរជនខ្មែរ។ ជាពិសេស ប្រជាជនកម្ពុជា អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ និងអរគុណស្ថាបនិកសន្តិភាព ដែលបានដឹកនាំរំដោះជាតិ និងប្រជាជន នៅថ្ងៃ៧ មករា ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ហើយបង្រួបបង្រួមជាតិ ពីតំបន់គ្រប់គ្រងដោយភាគីប្រដាប់អាវុធជាច្រើន មកជារាជរដ្ឋាភិបាលជាតិតែមួយ និងដឹកនាំកសាងសង្គមបានសំបូរសប្បាយប្រកប ដោយការរីកចម្រើនលើគ្រប់វិស័យមួយ។

ដោយសារកម្ពុជាយល់ច្បាស់ពីផលវិបាកនៃសង្គ្រាម ស្គាល់ច្បាស់ពីតម្លៃនៃសន្តិភាព និងបទពិសោធន៍ដ៏ចាស់ទុំក្នុងការបញ្ចប់សង្គ្រាម និងកសាងសន្តិភាពដូចនេះហើយ ទើបកម្ពុជាឈឺឆ្អាលណាស់ ចំពោះប្រទេសជាមិត្តនៅក្នុងតំបន់។ កម្ពុជា ដែលមានតេជោសែនជាប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានអាស៊ាន បានផ្តល់អាទិភាពជាចម្បង ដល់ការបង្រួបបង្រួមអាស៊ាន និងជាពិសេស ការខិតខំជួយស្វែងរកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា ដោយឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១។

គោលការណ៍រួមទាំង៥នោះគឺ៖

  • ទី១. បញ្ចប់អំពើហិង្សាឱ្យបានរួសរាន់ និងរក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត
  • ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ
  • ទី៣. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចការពិភាក្សា
  • ទី៤. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា
  • ទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។

នៅចំថ្ងៃប្រារព្ធខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដោយនាំទៅជាមួយនូវជំនួយមនុស្សធម៌យ៉ាងសន្ធឹកសន្ធាប់ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រមុខដឹកនាំកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលមីយ៉ាន់ម៉ា និងសម្រេចបានផ្លែផ្កាដ៏មោទកភាពបំផុត សម្រាប់អាស៊ាន និងសម្រាប់មីយ៉ាន់ម៉ាផ្ទាល់។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធទាំងអស់ រហូតដល់ចុងឆ្នាំ២០២២ ដែលកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយ ស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។

កម្ពុជាបានតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដែលទទួលបាននូវការស្វាគមន៍ និងការសន្យាគាំទ្រ និងសហការពីភាគីមីយ៉ាន់ម៉ា។ ទាំងអស់នេះ មិនត្រឹមតែជាការឈឺឆ្អាល និងជួយដល់ប្រទេសជាមិត្តប៉ុណ្ណោះទេ តែក៏សុទ្ធសឹងជាការអនុវត្តយ៉ាងល្អប្រសើរបំផុត នូវគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេច។

ការគិតគូរដល់ទុក្ខលំបាករបស់ប្រជាជន តាមរយៈការផ្តល់ជំនួយមនុស្សធម៌ដោយឥតរើសអើង ជាស្បៀងអាហារក្តី ថ្នាំសង្កូវក្តី ឬគ្រឿងឧបភោគបរិភោគអ្វីក្តី នៅក្នុងស្ថានការណ៍មានវិបត្តិ ជាទង្វើដ៏ត្រឹមត្រូវបំផុត ស្របតាមនិយាមមនុស្សធម៌អន្តរជាតិបំផុត និងជាការបំពេញតួនាទីដ៏មានការទទួលខុសត្រូវខ្ពស់បំផុត ក្នុងនាមជាអ្នកដឹកនាំថ្នាក់តំបន់។ ប្រជាជាតិកម្ពុជាមានមោទកភាពក្រៃលែង ដែលមគ្គទេសក៏តេជោសែនដ៏មានគតិបណ្ឌិត បានដឹកនាំប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការទទួលស្គាល់ គោរព និងផ្តល់តម្លៃពីសហគមន៍ក្នុងតំបន់ និងអន្តរជាតិ។

ក្រៅពីបុគ្គលអគតិជ្រុលនិយម អាត្មានិយមជួជាតិមួយដំបរស្វា ដែលធ្វើជំនួញនយោបាយយកញើសឈាម អាយុជីវិតប្រជាជនជាដើមទុន និងក្រៅពីប្រទេសឈ្មួញសង្គ្រាមដែលពុំខ្វល់ពីសុខទុក្ខអាយុជីវិតរបស់មនុស្ស ពិតជាគ្មានប្រជាជនណាម្នាក់ គាំទ្រសង្គ្រាម ហើយមិនត្រូវការសន្តិភាពសោះឡើយ។

អ្នកដែលប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងបទឈប់បាញ់ គឺជាចេតនាបំផ្លាញអាយុជីវិតរបស់មនុស្ស បំផ្លាញភាពសុខសាន្តរបស់ប្រជាជន និងបង្កគ្រោះមហន្តរាយដល់សង្គមមួយ។

អ្នកដែលប្រឆាំងនឹងការផ្តល់ជំនួយមនុស្សធម៌ ក៏ជាចេតនាបំផ្លាញអាយុជីវិតរបស់មនុស្ស ក្នុងចេតនាទុកឱ្យប្រជាជនស្លាប់ដោយគ្រោះទុរភិក្ស ដាច់បាយ ឈឺថ្កាត់វេទនាគ្មានថ្នាំសង្កូវជាដើម។ ក្រៅពីចេតនាទុច្ចរិតនេះពិតជាគ្មានហេតុផលអ្វីផ្សេងទាល់តែសោះ ក្នុងការប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងបទឈប់បាញ់ ប្រឆាំងនឹងការផ្តល់ជំនួយមនុស្សធម៌ ជួយដល់គ្នាក្នុងគ្រាលំបាក។

ការពិតពីមាតុភូមិ,
ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២

អត្ថបទទាក់ទង