ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តនាដំណាច់ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តនាដំណាច់ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តនាដំណាច់ឆ្នាំ២០២១

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលសសរចំនួន២៣ក្នុងចំណោមសសរចំនួន៨៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិនិងអាយុកាលយូរឆ្នាំ ហើយការជួសជុលនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។

លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា កត្តាដែលធ្វើឱ្យសសរចំនួន២៣នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តពុកផុយ គឺបណ្ដាលមកពីស្លែល្អិតៗដែលបង្កើតបានទៅជាបាក់តេរី និងកត្តាបង្កដោយសារធាតុគីមីហើយបំលែងទៅជាអាស៊ីដ រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀត។

លោក សុភារិន្ទ បន្ថែមទៀតថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា២ដំណាក់កាលគឺ ដំណាក់កាលទី១ បានជួសជុលចំនួន១២សសរ ដោយចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ និងដំណាក់កាលទី២ បានជួសជុលចំនួន១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។

នៅរាល់មុនពេលចាប់ផ្តើមជួសជុល គឺក្រុមអ្នកជំនាញតែងតែប្រើឧបករណ៍ធ្វើតេស្តរកជាតិអំបិលដែលជាប្រភពនៃការបំផ្លាញសសរ បន្ទាប់មក ក្រុមអ្នកជំនាញបានប្រើប្រាស់ឧបករណ៍ ទែកម៉ូក្រាហ្វី (The rmography) ដើម្បីថតស្កេនលើសសរទាំងឡាយដើម្បី រកមើលកម្រិតសំណើមក្នុងសសរនីមួយៗ ហើយក៏ប្រើឧបករណ៍ អ៊ុលត្រាសោន (Ultrasound) ដើម្បីថតផ្ទៃខាងក្នុងរបស់ថ្មដើម្បី ចង់ដឹងពីភាពពុកផុយរបស់វាកំរិតណាដែរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទទាក់ទង