ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​លើ​អ្នក​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 63
គ.ជ.ប ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​លើ​អ្នក​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គ.ជ.ប ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ​លើ​អ្នក​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ​២០១៨។ នេះ​បើយោង​តាម​លិខិត​របស់​ប្រធាន គ.ជ.ប ដាក់ជូន សម្តេច​ ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល ខ្លីៗ ទទួលបាន​នៅមុន​នេះ​បន្តិច។

លោក​ ស៊ិក ប៊ុនហុក បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា នាពេល​ថ្មីៗ​នេះ មានការ​អំពាវនាវ ក៏​ដូចជា​ជំរុញ​ឲ្យមាន​ការ​ចែក​ខិតបណ្ណ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ឆ្នាំ​២០១៨ ដោយ​ចាត់ទុក​ថា ការ​បោះឆ្នោត​នេះ ជាការ​បោះឆ្នោត​ក្លែងក្លាយ។

លោក ស៊ិក ហ៊ុនហុក

លោក​បន្ត​ថា គ.ជ.ប ចាត់ទុក​ថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុងការ​បោះឆ្នោត គឺជា​សកម្មភាព​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត និង​ធ្វើឲ្យមាន​ការភ័ន្ត​ច្រឡំ​នាំឲ្យ​បាត់​ទំនុកចិត្ត​លើការ​បោះឆ្នោត ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និងដល់​សន្តិសុខ​ជាតិ ដូចមាន​ចែងក្នុង​មាត្រា៤១ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យ៉ាងណាមិញ ​លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា ក្រសួង​នៅមិន​ទាន់បាន​ទទួល​លិខិត​នោះ​នៅឡើយ​ទេ។

សូម​ជម្រាប​ថា ការ​ស្នើឲ្យ​មាន​វិធានការ​ច្បាប់​នេះ គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ និងជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត និង​គ្រោង​បោះ​ខិតបណ្ណ​ចែក​ប្រជាពលរដ្ឋ កុំឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​នៅថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខនេះ​ថែមទៀត​ផង៕

អត្ថបទទាក់ទង