ហេតុអ្វីអតិផរណាកំពុងវាយលុកពិភពលោកខ្លាំង លើកលែងតែតំបន់អាស៊ី?
ពិភពលោកកំពុងជួបប្រទះនឹងការហក់ឡើងយ៉ាងខ្លាំងនៃអត្រាអតិផរណា ដោយក្នុងនោះ តម្លៃទំនិញបានកើនឡើងយ៉ាងគំហ៊ុកនៅអាមេរិក និងអង់គ្លេស ខណៈដែលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (Customer Price Index-CPI) បានកើនឡើង ៦% នៅអាមេរិក និង៤%នៅអង់គ្លេស។
ការកើនឡើងនេះបាននិងកំពុងបង្កនូវការព្រួយបារម្ភអំពីការអាចកើតមានកំហុសឆ្គងដ៏មហន្តរាយរបស់ធនាគារកណ្តាលក៏ដូចជាការអាចវិលទៅរកបញ្ហាអតិផរណាដ៏រ៉ាំរ៉ៃនៅទសវត្សរ៍ឆ្នាំ ១៩៧០។
ប៉ុន្តែ នៅប្រទេសអាស៊ីភាគច្រើន ការកើនឡើងតម្លៃបាននិងកំពុងស្ថិតនៅក្រោមការគ្រប់គ្រង ហើយភាពខុសគ្នានេះមានបង្កប់នូវមេរៀនពាក់ព័ន្ធនឹងការធ្វើគោលនយោបាយសេដ្ឋកិច្ច ទាំងសម្រាប់ពេលនេះ និងពេលអនាគត។
នៅក្នុងប្រទេសចិន សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់បានកើនឡើងត្រឹម ១,៥% បើធៀបនឹងកាលពី ១ ឆ្នាំមុន ខណៈនៅជប៉ុន អត្រាអតិផរណាតែងស្ថិតនៅអត្រាជិតស្មើ ០។ នៅអូស្ត្រាលី សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់បានកើន ឡើងដល់ ៣% ក៏ប៉ុន្តែអតិផរណាដែលមាន ចំនួនត្រឹម ២,១%។
មានតែប្រទេស ដែលមានទីផ្សារកំពុងរីកលូតលាស់ធំចំនួន២ នៅអាស៊ីប៉ុណ្ណោះ ដែលមានអត្រាអតិផរណាលើស ៥% ដែលនោះគឺប្រទេសស្រីលង្ការនិងប៉ាគីស្ថាន បើធៀបនឹង បណ្តាប្រទេសជា ច្រើននៅអឺរ៉ុប និង
អាមេរិកខាងត្បូង។
បើក្រឡេកមើលពីទីក្រុងតូក្យូ ប៉េកាំង និងហ្សាកាតា ការកើនឡើងនៃអត្រាអតិផរណាជាសកល ជាក់ស្តែងមិនមានលក្ខណៈជាសកល នោះទេ បើទោះបីជាតំបន់អាស៊ីបាននាំចូលថាមពលជាច្រើននិង បានរងគ្រោះពីការកើនឡើងតម្លៃប្រេង, ឧស្ម័ន, ធ្យូងថ្ម និងមុខទំនិញផ្សេងទៀតដូច នៅប្រទេសផ្សេង ទៀតក្នុងពិភពលោកក៏ដោយ។
មូលហេតុដែលអតិផរណានៅអាស៊ីមានកម្រិតទាប និងមិនមានលក្ខណៈធ្ងន់ធ្ងរ អាចបណ្តាលមកពីកត្តាសាមញ្ញតែមួយគត់ ដែលគឺនោះ «អាស៊ីបានចាត់វិធានការលើការគ្រប់គ្រងការរាតត្បាតនៃវីរុសកូវីដ-១៩ បានល្អប្រសើរជាងពិភពលោកទាំងមូល»។
ប្រទេសភាគច្រើននៃតំបន់បានរួចផុតពីការបិទខ្ទប់ទាំងស្រុង ហើយលទ្ធផលនៃភាពជោគជ័យដ៏ធំធេង នេះបាននិងកំពុងលេចចេញជារូបរាងខុសៗគ្នា។ ពាក់ព័ន្ធនឹងផ្នែកតម្រូវការនៃសេដ្ឋកិច្ច តំបន់អាស៊ីបានជួបប្រទះនូវការប្រែប្រួលតិចតួច រាប់ចាប់ពីនៅក្នុងផ្នែកសេវាកម្មរហូតដល់មុខ ទំនិញប្រើប្រាស់ ហើយជាថ្មីម្តងទៀត វាបានបង្ហាញនូវ បទពិសោធន៍និងជា មេរៀនសម្រាប់អាមេរិកនិងអឺរ៉ុបខណៈដែលបណ្តាប្រទេសទាំងនោះបាននិងកំពុងវិលទៅរកការបិទខ្ទប់ជាថ្មីម្តងទៀត។
ជាទូទៅ តំបន់អាស៊ីតែងមានការប្រុងប្រយ័ត្នជាងតំបន់អឺរ៉ុប ឬអាមេរិក នៅពេលនិយាយដល់ការ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ដូចនៅជប៉ុន ពលរដ្ឋចាស់ៗបានរួមចំណែក ប្រមាណ ៤០% នៃការទិញទំនិញប្រើប្រាស់ដូចដែលទេសាភិបាលធនាគារជប៉ុន លោក Haruhiko Kuroda បានកត់សម្គាល់នៅក្នុងសុន្ទរកថាកាលពីពេលថ្មីៗនេះ។
ប៉ុន្តែ បើទោះបីជាអ្នកចូលនិវត្តន៍របស់ជប៉ុនភាគច្រើនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក៏ដោយ ក៏ការប្រើប្រាស់សេវាកម្មនៅមិនទាន់បានវិលត្រឡប់ទៅសភាពជាធម្មតាវិញនៅឡើយទេ។
ប៉ុន្តែ ការរាតត្បាតនៃវីរុសកូវីដ-១៩ ក៏បានបង្ហាញនូវសក្តានុពលរបស់តំបន់អាស៊ីផងដែរក្នុងនាមជារោងចក្រពិភពលោក។ ដោយសារតែតំបន់អាស៊ីផលិតទំនិញភាគច្រើនរបស់ពិភពលោក វាបានផ្តល់ភាពងាយស្រួល ដល់តំបន់នេះក្នុងការផ្គត់ផ្គង់ទំនិញដល់ខ្លួនឯងបានយ៉ាងល្អ។
លោក Gareth Leather និង Mark Williams ដែលមកពីស្ថាប័ន «Capital Economics» បានលើកឡើងថា «ខណៈដែលតម្លៃនៃការដឹកជញ្ជូនទូរកុងតឺន័រមួយពីចិនទៅអឺរ៉ុបបានកើនឡើង ៥ដង ចាប់តាំងពីមាន ការរាតត្បាតនៃវីរុសកូវីដ-១៩ តម្លៃនៃការដឹកជញ្ជូនទូរកុងតឺន័រនៅក្នុងតំបន់អាស៊ីបានកើនឡើងត្រឹម ២ដងប៉ុណ្ណោះ»។
នៅពេលដែលវីរុសកូវីដ-១៩ បានបង្ខំឱ្យរោងចក្រជាច្រើនត្រូវបិទទ្វារ បណ្តាក្រុមហ៊ុននៅក្នុងតំបន់អាស៊ីនៅតែមានជម្រើសផ្គត់ផ្គង់ទំនិញច្រើននៅក្នុងតំបន់ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវប្រឈម មុខនឹងភាពរអាក់រអួលនៅក្នុងការផ្គត់ផ្គង់។
នៅក្នុងវិស័យយានយន្ត កូរ៉េខាងត្បូងនិងចិន នៅតែអាចធានាបានថា «រោងចក្រផលិតក្នុងស្រុកនឹងបន្តទទួលបានអាទិភាពក្នុងការប្រើប្រាស់បន្ទះឈីប ដែលនៅសេសសល់» ខណៈដែលអត្រាអតិផរណានៅ ក្នុងវិស័យយានយន្ត នៅអាមេរិក គឺស្ថិតក្នុងតួលេខ ២ ខ្ទង់។
ភាពខុសគ្នាដ៏ធំជាងគេមួយរវាងតំបន់អាស៊ីនិងអាមេរិក គឺការផ្គត់ផ្គង់កម្លាំងពលកម្ម។ នៅពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩ កម្មករជាច្រើននៅអាមេរិកត្រូវបានបញ្ឈប់ ឬលាលែងពីការងាររបស់ពួកគេដើម្បីមើលថែរក្សាកូនៗរបស់ពួកគេ ដែលបានរងគ្រោះពីការបិទសាលា ខណៈពេលដែលអ្នកខ្លះត្រូវបង្ខំចិត្តឈប់ពីការងារដើម្បីចៀសវាងពីការឆ្លងវីរុសកូវីដ-១៩។
បញ្ហានេះបានបង្កផលប៉ះពាល់រយៈពេលវែងដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលជាហេតុធ្វើឱ្យមានការកើនឡើងប្រាក់ឈ្នួលយ៉ាងខ្លាំងនៅអាមេរិកនិងអង់គ្លេស ហើយនេះគឺជាមូលហេតុដ៏ធំមួយនៅពីក្រោយការកើនឡើងនូវអតិផរណា។
តំបន់អាស៊ីមិនមានសញ្ញានៃការកើន ឡើងប្រាក់ឈ្នួលបែបនេះទេ ហើយការបញ្ចៀសពីការបិទខ្ទប់ប្រទេស ឬការឧបត្ថម្ភធនប្រាក់ឈ្នួលដើម្បីរក្សាការងារជូនកម្មករ បានធ្វើឱ្យតំបន់អាស៊ីមិនសូវរងគ្រោះខ្លាំង។
ដោយសារបញ្ហាអតិផរណាមិនមែនជាបញ្ហាដែលត្រូវព្រួយបារម្ភនៅក្នុងរយៈពេលខ្លីនេះ បណ្តាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីអាចផ្តោតលើការងើបឡើងវិញនៃ សេដ្ឋកិច្ចបានយ៉ាងល្អ។
ទោះជាយ៉ាងណាក៏ដោយ បណ្តាធនាគារនៅលោកខាងលិចនឹងមិនអាចទទួលបាននូវភាពវិជ្ជមានដូចបណ្តាធនាគារនៅតំបន់អាស៊ីនោះទេ ហើយប្រសិនបើប្រាក់ឈ្នួលនៅតែបន្តកើនឡើង សម្ពាធរយៈពេលខ្លីលើអត្រាអតិផរណានឹងវិវឌ្ឍទៅជាសម្ពាធរយៈពេលវែង។
ជម្រើសផ្សេងៗគ្នាស្តីពីការចាត់វិធានការ លើការទប់ស្កាត់វីរុសកូវីដ-១៩ បានបង្កជាផលវិបាកជាច្រើន ហើយពេលនេះផលវិបាកមកលើអតិផរណាកំពុងលេចចេញជារូបរាងយ៉ាងច្បាស់៕