ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 36
លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ» លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ»

គណបក្សមួយដែលមានឈ្មោះថា CNRP ដែលគេស្គាល់ថាជា «គណបក្សបំផ្លាញជាតិ» ត្រូវបានអំណាចសាលដីកាតុលាការកំពូលកាត់រំលាយ ហើយទីបំផុតនៅពេលនេះផ្ទះរបស់ទណ្ឌិត សម រង្ស៉ី ដែលជាអតីតទីស្នាក់ការគណបក្សបំផ្លាញជាតិមួយនេះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេច រឹបអូសដាក់លក់ ដើម្បីសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋសភា ដែលអតីតមេបក្សបំផ្លាញជាតិមួយនេះបរិហារកេរិ៍្ត។

ការរឹបអូសទីស្នាក់ការបក្សដោយអំណាចសាលក្រមស្ថាពររបស់តុលាការ ប្រៀបបាននឹងការរំលាយផ្នូរខ្មោច បក្សប្រឆាំងដែលធ្វើឲ្យព្រលឹងគណបក្សនេះ រកទីកំណើតមិនឃើញ។ ព្រឹត្តិការណ៍នេះពិតជាមានអត្ថន័យច្រើនយ៉ាងសម្រាប់ប្រទេសកម្ពុជាក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ទី១៖ នេះគឺជាការអនុវត្តសាលក្រមស្ថាពររបស់តុលាការដែលជាដំណើរការប្រក្រតីក្នុងប្រព័ន្ធច្បាប់ ទោះជានៅក្នុងប្រទេសណាក៏ដោយ។ គ្មានជនណាម្នាក់អាចរត់គេចពីសំណាញ់ច្បាប់បានឡើយ។ បើទោះបីជាជននោះរត់គេចខ្លួនចេញទៅសម្ងំលាក់ខ្លួន ឬរស់នៅក្រៅប្រទេសបានក៏ដោយ ក៏ការទទួលខុសត្រូវមិនអាចចៀសវាងបានឡើយ។ ទោះបីជាទណ្ឌិតរត់គេចខ្លួនបានក៏ក៏ដោយ ក៏មិនមែនមានន័យថា ទណ្ឌិតរូប នោះរួចផុតពីទោសទណ្ឌនោះឡើយ។ ទោសព្រហ្មទណ្ឌគឺជាទោសជាប់ខ្លួនដូចស្រមោលអន្ទោលតាមប្រាណ ខណៈដែលទោសរដ្ឋប្បវេណីគឺជារឿងដាច់ដោយឡែក មួយទៀតដែលច្បាប់ ត្រូវតែចាត់ការដូចពាក្យចាស់ពោលថា «ទូកទៅ តែកំពង់នៅ»។

ទី២៖ ការរំលាយចោលអតីតបក្សប្រឆាំង គឺជាការបិទបញ្ចប់នូវភាពវឹកវរ និងភាពអាណាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ដែលគណបក្សនេះតែងតែបង្កឡើងឥតឈប់ឈរ។ ចាប់តាំងពីបក្សនេះរលាយបាត់ទៅ ប្រជាពលរដ្ឋខ្មែរក៏បាននិងកំពុងស្គាល់នូវភាពស្ងប់សុខ ខណៈដែលអ្នកប្រកបរបរអាជីវកម្មផ្សេងៗក៏គ្មានទទួលនូវការរំខានណាមួយ ដោយក្រុមបង្កចលាចលសង្គមទៀតដែរ។ ភាពស្ងប់សុខ និងការប្រកបមុខរបរដោយគ្មានការរំខាន គឺជាផលចំណេញយ៉ាងធំមួយដែលប្រជាពលរដ្ឋខ្មែរទទួលបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយជាពិសេសអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសក៏មិនព្រួយបារម្ភអំពីសុវត្ថិភាពនិងអសន្តិសុខសង្គមនិងនយោបាយទៀតដែរ។

ទី៣៖ ការរលំរលាយនៃអតីតបក្សប្រឆាំង ក្រោមអំណាចសាលដីកាតុលាការកំពូល រហូតដល់ទីបំផុតមានការរឹបអូសយកទីស្នាក់ការគណបក្សនេះ ដើម្បីលក់យកប្រាក់មកសងជំងឺចិត្តដល់អ្នករងគ្រោះដោយការបរិហារកេរ្តិ៍ គឺជាភស្តុតាងថ្មី និងច្បាស់លាស់ជាក់ស្តែងមួយទៀតដែលបញ្ជាក់ថា ក្តីរំពឹងដោយភាពរវើរវាយរបស់មនុស្សមួយចំនួន ដែលថាគណបក្សនេះអាចរស់ឡើងវិញ ត្រូវបានបិទបញ្ចប់ទាំងស្រុង។ សាកសពអតីតបក្សប្រឆាំងដែលបានស្លាប់ទៅហើយនោះ ពិតជាគ្មានអ្វីនិងនរណាមួយអាចប្រស់ឲ្យរស់ឡើងវិញបានឡើយ។

ទី៤៖ ការរំពឹងទៅលើ សម្ពាធអន្តរជាតិក៏ត្រូវបិទបញ្ចប់ទាំងស្រុងផងដែរពីព្រោះគ្មានអន្តរជាតិណាមកដោះស្រាយរឿងខ្មែរក្រៅតែពីខ្មែរខ្លួនឯងឡើយ។ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងបន្តបំពេញការងារជាមួយសហគមន៍អន្តរជាតិគ្រប់ទិសទីដោយ ស្មើមុខមាត់ស្មើសិទ្ធគ្នា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ។ ដូច្នេះការរំពឹងនិងក្តីសង្ឃឹមលើសម្ពាធអន្តរជាតិ ទោះក្នុងទំរង់និងរូបភាពណាក៏ដោយ ដើម្បីជួយឲ្យខ្មោចអតីតបក្សប្រឆាំង នេះបានរស់ឡើងវិញគឺបានត្រឹមតែជាការយល់សប្តិតែប៉ុណ្ណោះ ព្រោះនៅលើការជាក់ស្តែងគ្មានឡើយសម្ពាធអន្តរជាតិ មានតែការបន្តកន្ទុយគ្នាមក ទាក់ទងកម្ពុជាដើម្បីធ្វើការជាមួយគ្នាក្នុងនាមកម្ពុជាជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២២។ ម៉្យាងវិញទៀត កម្ពុជាក៏កំពុងរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបដែលមានប្រទេសជាង ៥០ចូលរួម។ កម្ពុជាក៏ត្រូវបានសហគមន៍អន្តរជាតិ កោតសរសើរចំពោះចំណាត់ការប្រឆាំងកូវីដ-១៩ ជាពិសេសជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ បើនិយាយឲ្យខ្លី សម្ពាធអន្តរជាតិគ្រាន់តែជាពាក្យបំពេរអារម្មណ៍មនុស្សរវើររវាយ និងអវិជ្ជាតែប៉ុណ្ណោះ។

ទី៥៖ ការរលំរលាយនៃគណបក្សបំផ្លាញជាតិមួយនេះ និងការរឹបអូស ទីស្នាក់ការបក្សដើម្បីជាសំណងរដ្ឋប្បវេណី ដែលអតីតមេបក្សនេះបានប្រព្រឹត្ត គឺជាសារ មួយយ៉ាងច្បាស់លាស់ទៅកាន់មេគណបក្ស ឧទ្ទាម ក៏ដូចជាទៅកាន់កូនចៅរបស់ក្រុមឧទ្ទាមទាំងឡាយថា ជីវិតនយោបាយរបស់អ្នកនយោបាយបម្រើបរទេស និងបំផ្លាញជាតិខ្លួនឯងមានវាសនាមិនខុសគ្នាឡើយ។ ទីបំផុត គឺក្តីវិនាសអន្តរាយរកដីជ្រកមិនបាន ហើយសូម្បីតែទីស្នាក់ការមួយក៏មិនអាចរក្សាបានផង ដែលយើងអាចនិយាយបានថា អតីតបក្សប្រឆាំងត្រូវរលាយទាំងរូប និងរលាយទាំងផ្នូរ។

ចាប់ពីពេលនេះតទៅទីស្នាក់ការអតីតបក្សប្រឆាំងដែលពីមុនធ្លាប់ជាទីជម្រក របស់ក្រុមបង្កអស្ថិតរភាពសង្គមដើម្បីបំផ្លាញជាតិ បន្តិចទៀតនេះនឹងក្លាយជាទីតាំង ដែលមានប្រយោជន៍សាធារណៈ យ៉ាងហោចណាស់ក៏ប្រហែលជាអាចក្លាយជាកន្លែងលក់កាហ្វេ និងបង្គន់សាធារណៈ «Coffee N Restroom Place» ។ល។ សម្រាប់បម្រើមហាជនទូទៅដែរ។ នេះហើយជាលទ្ធផលនៃនយោបាយបំផ្លាញជាតិ និងបម្រើបរទេស ហើយនេះក៏ជាវាសនាអ្នកនយោបាយ «ក្បត់ជាតិ»៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង